លោកុប្បត្តិ 3:8-11

លោកុប្បត្តិ 3:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជា‌អម្ចាស់ ដែល​យាង​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី​ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យ​ព្រះ‌ជា‌អម្ចាស់​ទត​ឃើញ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។

លោកុប្បត្តិ 3:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក‌គេ​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​យាង​នៅ​ក្នុង​សួន‌ច្បារ នៅ​ពេល​ថ្ងៃ​ល្ហើយ នោះបុរស និង​ប្រពន្ធ​គាត់ ក៏​ពួន​ពី​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​បុរស​នោះ ដោយមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ឯណា?» គាត់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​ក្នុង​សួន‌ច្បារ ទូល‌បង្គំ​ភ័យ​ខ្លាច ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហើយ​ទូល‌បង្គំ​ក៏​ពួន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បាន​បរិ‌ភោគ​ផ្លែ​ឈើ​ដែល​យើង​បាន​ហាមមិន​ឲ្យ​បរិភោគ​នោះ​ឬ?»។

លោកុប្បត្តិ 3:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួន‌ច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម នឹង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​រក​អ័ដាម​ដោយ​បន្ទូល​ថា ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួន‌ច្បារ ក៏​រត់​ទៅ​ពួន ដោយ​នឹក​ភ័យ​ខ្លាច ពី​ព្រោះ​នៅ​ខ្លួន​ទទេ នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​ប្រាប់​ឲ្យ​ឯង​ដឹង​ថា ឯង​នៅ​ខ្លួន​ទទេ​ដូច្នេះ តើ​ឯង​បាន​ស៊ី​ផ្លែ​ឈើ​ដែល​អញ​ហាម​មិន​ឲ្យ​ស៊ី​ឬ​អី

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ