លោកុប្បត្តិ 3:14-24

លោកុប្បត្តិ 3:14-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​ចំណោម​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់ ឯង​ជា​សត្វ​ត្រូវ​បណ្ដា‌សា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​នាង មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន នៅ​ពេល​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​កូន​ទាំង​ឈឺចុក​ចាប់ ចិត្ត​នាង​នឹង​ប្រាថ្នា​ចង់​បាន​ប្តី ហើយ​ប្តី​នឹង​ត្រួត‌ត្រា​លើ​នាង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ដាម​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ ប្រពន្ធ​របស់​អ្នក ហើយ​បរិ‌ភោគ​ផ្លែ​ឈើ ដែល​យើង​បាន​ហាម​អ្នក​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​នោះ​ឡើយ" នោះ​ដី​នឹង​ត្រូវ​បណ្ដា‌សា​ដោយ​សារ​អ្នក អ្នក​នឹង​រកស៊ី​ពី​ដី​ដោយ​នឿយ‌ហត់ អស់​មួយ​ជីវិត។ ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បរិ‌ភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។ អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។ អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​គាត់​ថា "អេវ៉ា" ព្រោះ​នាង​ជា​ម្តាយ​នៃ​ជីវិត​មនុស្ស​ទាំង​អស់។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​អាវ​ពី​ស្បែក​សត្វ​ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់ ដើម្បី​បិទ​បាំង​កាយ។ ពេល​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ មនុស្ស​បាន​ត្រឡប់​ជា​ម្នាក់​ដូច​យើង​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ហើយ​ឥឡូវ​នេះ គេ​អាច​លូក​ដៃ​ទៅ​បេះ​ផ្លែ​ពី​ដើម​ឈើ​ជីវិត​បរិ‌ភោគ​បាន​ទៀត​ផង ហើយ​រស់​ជា​រៀង​រហូត»។ ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ក៏​បណ្តេញ​គេ​ចេញ​ពី​សួន‌ច្បារ​អេដែន ឲ្យ​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះ‌អង្គ​បាន​យក​គេ​ចេញ​មក​នោះ។ ព្រះ‌អង្គ​បាន​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូ‌ប៊ីម​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន និង​ដាវ​ជា​អណ្ដាត​ភ្លើង រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​ការ​ពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ជីវិត។

លោកុប្បត្តិ 3:14-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖ «ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ ឯង​ត្រូវ​តែ​លូន​នឹង​ពោះ ហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សម្រាល​កូន​ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម‌ប្រាម​នោះ ដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។ ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនា ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង‌ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។ អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើស រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។ អ្នក​កើត​ពី​ធូលី​ដី អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។ បុរស​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​ថា “អេវ៉ា” ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀក‌បំពាក់​ឲ្យ​លោក​អដាំ និង​ភរិយា​របស់​គាត់។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់ បាន​ទៅ​ជា​ម្នាក់​ដូច​យើង​ដែរ ដូច្នេះ គួរ​តែ​យើង​រារាំង​គេ កុំ​ឲ្យ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច»។ ព្រះ‌ជា‌អម្ចាស់​ក៏​បណ្ដេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន ដើម្បី​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះអង្គ​បាន​សូន​បង្កើត​គេ​មក​នោះ។ ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​ហើយ ព្រះអង្គ​ដាក់​ចេរូប៊ីន*​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការពារ​ផ្លូវ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​នោះ​បាន​ឡើយ។

លោកុប្បត្តិ 3:14-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ពស់​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅ​ក្នុង​អស់​ទាំង​ពួក​សត្វ​ស្រុក សត្វ​ព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​១​ជីវិត អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង‌ជើង​គេ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ស្ត្រី​វិញ​ថា អញ​នឹង​ចំរើន​ឲ្យ​ឯង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ឯង​នឹង​បង្កើត​កូន​ដោយ​ឈឺ‌ចាប់ ចិត្ត​ឯង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត‌ត្រា​លើ​ឯង រួច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ័ដាម​ថា ដោយ​ព្រោះ​ឯង​បាន​ស្តាប់​តាម​ប្រពន្ធ​ឯង ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​អញ​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្តាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ‌ហត់​អស់​១​ជីវិត ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណ‌ជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា «អេវ៉ា» ពី​ព្រោះ​នាង​ជា​ម្តាយ​នៃ​មនុស្ស​ទាំង​អស់ នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ក៏​ធ្វើ​អាវ​ពី​ស្បែក ឲ្យ​អ័ដាម នឹង​ប្រពន្ធ​គាត់​ពាក់​បិទ​បាំង​កាយ។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា មើល​មនុស្ស​បាន​ត្រឡប់​ដូច​ជា​យើង​១​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ឥឡូវ​ខ្លាច​ក្រែង​វា​លូក​ដៃ​ទៅ​បេះ​ផ្លែ​ជីវិត​ស៊ី​ទៀត ហើយ​រស់​ជា​រៀង‌រាប​ដរាប​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​បណ្តេញ​គាត់​ពី​សួន‌ច្បារ​អេដែន​ចេញ ឲ្យ​ទៅ​ភ្ជួរ‌រាស់​ដី​ដែល​ទ្រង់​បាន​យក​មក​បង្កើត​គាត់​នោះ​វិញ ទ្រង់​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូប៊ីន​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន នឹង​ដាវ ដែល​ជា​អណ្តាត​ភ្លើង​រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត។