លោកុប្បត្តិ 3:1-5

លោកុប្បត្តិ 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពស់​ជា​សត្វ​មួយ​ដែល​មាន​កល‌ល្បិច​លើស​ជាងអស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "អ្នក​មិនត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​សួន‌ច្បារ"មែន​ឬ?» ស្ត្រីពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ឡើយ ហើយ​ក៏​កុំ​ប៉ះ​ពាល់​ដែរ ក្រែង‌លោ​ស្លាប់"»។ ប៉ុន្ដែ ពស់​និយាយ​ទៅ​កាន់​ស្ត្រី​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ជា​ពិត​ទេ ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា ពេល​ណា​អ្នក​បរិ‌ភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ខុស​ត្រូវ​ផង»។

លោកុប្បត្តិ 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។ ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។

លោកុប្បត្តិ 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ‌កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន‌ច្បារ​មែន​ឬ ស្ត្រី​ឆ្លើយ​តប​ថា យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្តាល​សួន‌ច្បារ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង‌លោ​ស្លាប់ រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ