លោកុប្បត្តិ 3:1-19

លោកុប្បត្តិ 3:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពស់​ជា​សត្វ​មួយ​ដែល​មាន​កល‌ល្បិច​លើស​ជាងអស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "អ្នក​មិនត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​សួន‌ច្បារ"មែន​ឬ?» ស្ត្រីពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ឡើយ ហើយ​ក៏​កុំ​ប៉ះ​ពាល់​ដែរ ក្រែង‌លោ​ស្លាប់"»។ ប៉ុន្ដែ ពស់​និយាយ​ទៅ​កាន់​ស្ត្រី​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ជា​ពិត​ទេ ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា ពេល​ណា​អ្នក​បរិ‌ភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ខុស​ត្រូវ​ផង»។ ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។ ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទ​បាំង​កាយ។ ពួក‌គេ​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​យាង​នៅ​ក្នុង​សួន‌ច្បារ នៅ​ពេល​ថ្ងៃ​ល្ហើយ នោះបុរស និង​ប្រពន្ធ​គាត់ ក៏​ពួន​ពី​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​បុរស​នោះ ដោយមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ឯណា?» គាត់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​ក្នុង​សួន‌ច្បារ ទូល‌បង្គំ​ភ័យ​ខ្លាច ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហើយ​ទូល‌បង្គំ​ក៏​ពួន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បាន​បរិ‌ភោគ​ផ្លែ​ឈើ​ដែល​យើង​បាន​ហាមមិន​ឲ្យ​បរិភោគ​នោះ​ឬ?»។ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ​នៅ​ជា‌មួយ​ទូល‌បង្គំ នាង​បាន​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ទទួល​ទាន​ទៅ»។ ពេលនោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​បាន​ជា​នាង​ធ្វើ​ដូច្នេះ?»។ ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ទៅ»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​ចំណោម​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់ ឯង​ជា​សត្វ​ត្រូវ​បណ្ដា‌សា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​នាង មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន នៅ​ពេល​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​កូន​ទាំង​ឈឺចុក​ចាប់ ចិត្ត​នាង​នឹង​ប្រាថ្នា​ចង់​បាន​ប្តី ហើយ​ប្តី​នឹង​ត្រួត‌ត្រា​លើ​នាង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ដាម​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ ប្រពន្ធ​របស់​អ្នក ហើយ​បរិ‌ភោគ​ផ្លែ​ឈើ ដែល​យើង​បាន​ហាម​អ្នក​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​នោះ​ឡើយ" នោះ​ដី​នឹង​ត្រូវ​បណ្ដា‌សា​ដោយ​សារ​អ្នក អ្នក​នឹង​រកស៊ី​ពី​ដី​ដោយ​នឿយ‌ហត់ អស់​មួយ​ជីវិត។ ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បរិ‌ភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។ អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។

លោកុប្បត្តិ 3:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។ ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។ ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។ ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទ‌បាំង​កាយ។ អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជា‌អម្ចាស់ ដែល​យាង​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី​ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យ​ព្រះ‌ជា‌អម្ចាស់​ទត​ឃើញ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖ «ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ ឯង​ត្រូវ​តែ​លូន​នឹង​ពោះ ហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សម្រាល​កូន​ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម‌ប្រាម​នោះ ដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។ ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនា ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង‌ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។ អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើស រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។ អ្នក​កើត​ពី​ធូលី​ដី អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។

លោកុប្បត្តិ 3:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ‌កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន‌ច្បារ​មែន​ឬ ស្ត្រី​ឆ្លើយ​តប​ថា យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្តាល​សួន‌ច្បារ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង‌លោ​ស្លាប់ រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម នោះ​ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​២​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា​ខ្លួន​នៅ​ជា​អាក្រាត ក៏​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង រួច​មក​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួន‌ច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម នឹង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​រក​អ័ដាម​ដោយ​បន្ទូល​ថា ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួន‌ច្បារ ក៏​រត់​ទៅ​ពួន ដោយ​នឹក​ភ័យ​ខ្លាច ពី​ព្រោះ​នៅ​ខ្លួន​ទទេ នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​ប្រាប់​ឲ្យ​ឯង​ដឹង​ថា ឯង​នៅ​ខ្លួន​ទទេ​ដូច្នេះ តើ​ឯង​បាន​ស៊ី​ផ្លែ​ឈើ​ដែល​អញ​ហាម​មិន​ឲ្យ​ស៊ី​ឬ​អី អ័ដាម​ទូល​ទ្រង់​ថា ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូលបង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូលបង្គំ ទូលបង្គំ​ក៏​ទទួល​ទាន​ទៅ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​សួរ​ទៅ​ស្ត្រី​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នោះ នាង​ទូល​ឆ្លើយ​ថា ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​បាន​ទទួល​ទាន រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ពស់​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅ​ក្នុង​អស់​ទាំង​ពួក​សត្វ​ស្រុក សត្វ​ព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​១​ជីវិត អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង‌ជើង​គេ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ស្ត្រី​វិញ​ថា អញ​នឹង​ចំរើន​ឲ្យ​ឯង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ឯង​នឹង​បង្កើត​កូន​ដោយ​ឈឺ‌ចាប់ ចិត្ត​ឯង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត‌ត្រា​លើ​ឯង រួច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ័ដាម​ថា ដោយ​ព្រោះ​ឯង​បាន​ស្តាប់​តាម​ប្រពន្ធ​ឯង ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​អញ​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្តាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ‌ហត់​អស់​១​ជីវិត ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណ‌ជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ