លោកុប្បត្តិ 29:1-32
លោកុប្បត្តិ 29:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបបានធ្វើដំណើរទៅដល់ទឹកដីស្រុកខាងកើត។ លោកបានឃើញអណ្តូងមួយនៅទីវាល ហើយមានចៀមបីហ្វូងដេកនៅក្បែរនោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ គេប្រមូលហ្វូងចៀមទាំងអស់មកពីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។ លោកយ៉ាកុបសួរគេថា៖ «បងប្អូនអើយ តើអ្នករាល់គ្នាមកពីស្រុកណា?» គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ លោកសួរគេថា៖ «តើអ្នករាល់គ្នាស្គាល់លោកឡាបាន់ កូនរបស់លោកណាឃរឬទេ?» គេឆ្លើយថា៖ «យើងស្គាល់»។ លោកយ៉ាកុបសួរទៀតថា៖ «តើគាត់សុខសប្បាយជាទេ?» គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែនាំចៀមមក»។ លោកយ៉ាកុបពោលថា៖ «ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកជុំគ្នាទេ។ សូមឲ្យទឹកវាផឹក ហើយនាំវាទៅឲ្យស៊ីស្មៅទៀតទៅ»។ ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។ កាលលោកកំពុងនិយាយជាមួយគេនៅឡើយ នាងរ៉ាជែលក៏នាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ពេលលោកយ៉ាកុបក្រឡេកឃើញនាងរ៉ាជែល កូនរបស់លោកឡាបាន់ បងប្រុសរបស់ម្ដាយលោក និងចៀមរបស់ឡាបាន់ បងប្រុសរបស់ម្ដាយលោក លោកក៏ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់លោកឡាបាន់ផឹក។ លោកយ៉ាកុបក៏ថើបនាងរ៉ាជែល ហើយទ្រហោយំ។ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិរបស់ឪពុកនាង គឺជាកូនរបស់លោកស្រីរេបិកា នាងក៏រត់ទៅប្រាប់ឪពុក។ កាលលោកឡាបាន់បានឮដំណឹងអំពីលោកយ៉ាកុប ជាកូនរបស់ប្អូនស្រីគាត់ គាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបក៏រៀបរាប់ដំណើររឿងទាំងនោះប្រាប់លោកឡាបាន់ លោកឡាបាន់ក៏ពោលឡើងថា៖ «ប្រាកដហើយ ក្មួយជាឆ្អឹងរបស់អ៊ំ និងជាសាច់របស់អ៊ំពិតមែន!»។ លោកយ៉ាកុបក៏ស្នាក់នៅជាមួយគាត់រយៈពេលមួយខែ។ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ដោយព្រោះតែក្មួយជាសាច់ញាតិរបស់អ៊ំ តើត្រូវឲ្យក្មួយបម្រើអ៊ំដោយមិនយកកម្រៃឬ? ចូរប្រាប់មកចុះ តើក្មួយចង់បានឈ្នួលជាអ្វី?» លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ នាងលេអាមានភ្នែកស្រទន់ ហើយនាងរ៉ាជែលមានរូបឆោមស្អាតល្អណាស់។ ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកវាឲ្យក្មួយ ល្អជាជាងលើកឲ្យប្រុសដទៃ។ ដូច្នេះ ចូរនៅជាមួយនឹងអ៊ំទៅ!»។ លោកយ៉ាកុបនៅបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល តែដោយព្រោះលោកស្រឡាញ់នាង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាបួនដប់ថ្ងៃប៉ុណ្ណោះសម្រាប់លោក។ បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំមក៍ ព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង»។ ដូច្នេះ លោកឡាបាន់ក៏អញ្ជើញមនុស្សនៅទីនោះទាំងអស់មក ហើយរៀបចំជប់លៀង។ ប៉ុន្ដែ នៅពេលយប់ លោកឡាបាន់បានយកនាងលេអាទៅឲ្យលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។ (លោកឡាបាន់បានឲ្យនាងស៊ីលផា ជាស្រីបម្រើរបស់លោក ទៅបម្រើនាងលេអា)។ លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?» លោកឡាបាន់ឆ្លើយថា៖ «នៅស្រុកយើងនេះ គេមិនដែលលើកប្អូនឲ្យគេ មុនកូនច្បងឡើយ។ ចូរនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងនេះសិន រួចសឹមយើងលើកនាងមួយទៀតឲ្យកូនដែរ ទុកជាឈ្នួលការដែលកូននឹងបម្រើពុកប្រាំពីរឆ្នាំទៀត»។ លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។ (លោកឡាបាន់បានឲ្យនាងប៊ីលហា ជាស្រីបម្រើរបស់ខ្លួន ទៅបម្រើនាងរ៉ាជែល)។ លោកយ៉ាកុបក៏ចូលទៅឯនាងរ៉ាជែលដែរ ហើយលោកស្រឡាញ់នាងរ៉ាជែលជាងនាងលេអា រួចលោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។ កាលព្រះយេហូវ៉ាទតឃើញថា លោកយ៉ាកុបស្អប់នាងលេអា ព្រះអង្គក៏ប្រោសឲ្យផ្ទៃនាងបង្កើតកូនបាន តែនាងរ៉ាជែលនៅជាស្ត្រីអារ។ នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។
លោកុប្បត្តិ 29:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្ដុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។ លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។ លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។ បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។ ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកម្រៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ នាងលេអាមានភ្នែកស្រស់ល្អ រីឯនាងរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ ដោយលោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល លោកឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើលោកអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។ លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។ នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។ លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។ លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។ លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។ លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។ លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងរ៉ាជែល។ លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាជែលដែរ។ លោកស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។ កាលព្រះអម្ចាស់ទតឃើញថា លោកយ៉ាកុបមិនសូវស្រឡាញ់លោកស្រីលេអាដូច្នេះ ព្រះអង្គក៏ប្រោសឲ្យគាត់មានកូន រីឯលោកស្រីរ៉ាជែលវិញ នៅជាស្ត្រីអារ។ លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
លោកុប្បត្តិ 29:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុបក៏ដើរដំណើរ ទៅដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត គាត់ក្រឡេកមើលទៅឃើញអណ្តូង១នៅទីវាល ក៏ឃើញមានចៀម៣ហ្វូងដេកនៅត្រង់នោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅទីអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ គេប្រមូលហ្វូងចៀមទាំងអស់មកទីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។ ឯយ៉ាកុបគាត់សួរគេថា បងប្អូនអើយ អ្នករាល់គ្នានៅស្រុកណា គេឆ្លើយថា យើងនៅខារ៉ាន រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ គាត់សួរថា គាត់សុខសប្បាយជាទេឬ គេក៏ឆ្លើយថា ជាទេ នុ៎ះន៏ រ៉ាជែលជាកូនគាត់កំពុងតែនាំចៀមមក យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។ កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល កាលយ៉ាកុបក្រឡេកឃើញរ៉ាជែលជាកូនឡាបាន់ឪពុកធំគាត់ នោះគាត់ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់ឡាបាន់ឪពុកធំផឹក យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់ ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។ ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់ ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។ រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង ឡាបាន់ក៏អញ្ជើញមនុស្សនៅទីនោះទាំងអស់មក ហើយរៀបជប់លៀងដល់គេ ដល់ពេលយប់ ឡាបាន់ប្តូរយកលេអាជាកូនច្បងទៅឲ្យគាត់ នោះគាត់ក៏ចូលទៅឯនាង ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបំរើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត ហើយឲ្យប៊ីលហាជាបាវស្រីខ្លួនទៅបំរើរ៉ាជែលដែរ យ៉ាកុបក៏ចូលទៅឯរ៉ាជែល ហើយស្រឡាញ់នាងជាងលេអា រួចគាត់នៅបំរើឡាបាន់៧ឆ្នាំទៀត។ ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ