លោកុប្បត្តិ 28:12-15
លោកុប្បត្តិ 28:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយល់សប្តិឃើញថា មានជណ្តើរមួយបញ្ឈរនៅលើដី មានចុងទល់ផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ។ ព្រះយេហូវ៉ាគង់នៅក្បែរលោក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ័ប្រាហាំជីតាអ្នក ហើយជាព្រះរបស់អ៊ីសាក។ ដីដែលអ្នកដេកពីលើនេះ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នក។ ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
លោកុប្បត្តិ 28:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។ ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
លោកុប្បត្តិ 28:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯងហើយនឹងពូជឯងតទៅ ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។