លោកុប្បត្តិ 28:10-15

លោកុប្បត្តិ 28:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។ ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សម្រាន្ត​លក់​នៅ​ទី​នោះ​ទៅ។ លោក​សុបិន​ឃើញ​មាន​ជណ្ដើរ​មួយ​បញ្ឈរ​លើ​ផែនដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្ដើរ​នោះ។ ពេល​នោះ ព្រះ‌អម្ចាស់​គង់​នៅ​ក្បែរ​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អប្រាហាំ ជីតា​អ្នក ហើយ​ក៏​ជា​ព្រះ​របស់​អ៊ីសាក​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី​ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ‌រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។

លោកុប្បត្តិ 28:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​ចេញ​ពី​បៀរ-សេបា ទៅ​ឯស្រុក​ខារ៉ាន។ លោក​បាន​ទៅ​ដល់​កន្លែង​មួយ ក៏​ស្នាក់​នៅ​ទី​នោះ​មួយ​យប់ ព្រោះ​ថ្ងៃ​លិច​ហើយ។ លោក​យក​ថ្ម​មួយ​ដុំ​មក​កើយ ហើយ​ដេក​លក់​ទៅ។ លោក​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​មួយ​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ។ ព្រះ‌យេហូវ៉ា​គង់​នៅ​ក្បែរ​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ជី​តា​អ្នក ហើយ​ជា​ព្រះ​របស់​អ៊ីសាក។ ដី​ដែល​អ្នក​ដេក​ពី​លើ​នេះ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​គ្នា​ច្រើន​ដូច​ធូលី​ដី ហើយ​អ្នក​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង គ្រប់​ទាំង​ក្រុម​គ្រួសារ​នៅ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ មើល៍ យើង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ហើយ​នឹង​នាំ​អ្នក​មក​ក្នុង​ស្រុក​នេះ​វិញ ដ្បិត​យើង​នឹង​មិន​ចាក​ចោល​អ្នក​ឡើយ រហូត​ទាល់​តែ​យើង​បាន​ធ្វើ​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នឹង​អ្នក»។

លោកុប្បត្តិ 28:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ាកុប គាត់​ចេញ​ពី​បៀរ-សេបា ទៅ​ឯ​ខារ៉ាន បាន​ដល់​កន្លែង​១ ក៏​សំណាក់​នៅ​ទី​នោះ​១​យប់ ពី​ព្រោះ​ថ្ងៃ​លិច​ហើយ គាត់​យក​ថ្ម​នៅ​ទី​នោះ​មក​កើយ​ក្បាល​ដេក​លក់​ទៅ គាត់​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ ទ្រង់​មាន​បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ឯង ហើយ​ជា​ព្រះ​នៃ​អ៊ីសាក ឯ​ដី​ដែល​ឯង​ដេក​នៅ​នេះ អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ​នឹង​ពូជ​ឯង​ត​ទៅ ពូជ​ឯង​នឹង​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​ដី ហើយ​ឯង​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង ហើយ​ខាង​ត្បូង គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង​នឹង​ពូជ​ឯង មើល អញ​នៅ​ជា​មួយ​នឹង​ឯង អញ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​នេះ​វិញ ពី​ព្រោះ​អញ​មិន​ចោល​ឯង​ឡើយ ទាល់​តែ​អញ​បាន​ធ្វើ​សំរេច​សេចក្ដី​ដែល​អញ​បាន​ប្រាប់​ឯង​ហើយ។