លោកុប្បត្តិ 27:41-46

លោកុប្បត្តិ 27:41-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។ មាន​គេ​ជម្រាប​លោក​ស្រី​រេបិកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ម្ដាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។ កូន​ត្រូវ​ទៅ​នៅ​ជា​មួយ​គាត់​មួយ​រយៈ​សិន ទម្រាំ​បង​របស់​កូន​ត្រជាក់​ចិត្ត​វិញ។ ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្ដាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្ដាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។ លោក​ស្រី​រេបិកា​ជម្រាប​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកុប​រៀបការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។

លោកុប្បត្តិ 27:41-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អេសាវ​ក៏​ស្អប់​លោក​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​កាន់​ទុក្ខ​ឪពុក​របស់​អញ​ជិត​ដល់​ហើយ ពេល​នោះ អញ​នឹង​សម្លាប់​យ៉ាកុប​ចោល»។ ប៉ុន្ដែ មាន​គេ​នាំ​ពាក្យ​របស់​អេសាវ​ជា​កូន​ច្បង ទៅ​ជម្រាប​លោក​ស្រី​រេបិកា ដូច្នេះ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប​កូន​ពៅ​មក ហើយ​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន​ចោល ដើម្បី​រំសាយ​កំហឹង។ ដូច្នេះ កូន​អើយ ឥឡូវ​នេះ ត្រូវ​ស្តាប់​ពាក្យ​ម្តាយ ត្រូវ​រត់​ទៅ​រក​ឡាបាន់ ជា​បង​ប្រុស​របស់​ម្ដាយ នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ ហើយ​នៅ​ជា‌មួយ​គាត់​ឲ្យ​បាន​យូរ​បន្តិច រហូត​ទាល់​តែ​បង​របស់​កូន​បាត់​ក្តៅ​ក្រហាយ គឺ​ទាល់​តែ​បង​ប្រុស​របស់​កូន​លែង​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​ពី​ការ​ដែល​កូន​បាន​ធ្វើ​ចំពោះ​វា នោះ​ម្តាយ​នឹង​ឲ្យ​គេ​ទៅ​នាំ​កូន​ពី​នោះ​មក​វិញ។ តើ​ត្រូវ​ឲ្យ​ម្តាយ​បាត់​បង់​កូន​ទាំង​ពីរ​ទៅ នៅ​ថ្ងៃ​តែ​មួយ​ឬ​អី?»។ លោក​ស្រី​រេបិកា​មាន​ប្រសាសន៍​ទៅ​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​ស្ត្រី​សាសន៍​ហេត​ទាំង​នេះ។ បើ​យ៉ាកុប​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​តើ​ជីវិត​ខ្ញុំ​រស់​នៅ​មាន​ន័យ​អ្វី​ទៀត?»

លោកុប្បត្តិ 27:41-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អេសាវ​ក៏​ស្អប់​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​សំរេច​ក្នុង​ចិត្ត​ថា ថ្ងៃ​កាន់​ទុក្ខ​ឪពុក​អញ​ជិត​ដល់​ហើយ នោះ​អញ​នឹង​សំឡាប់​យ៉ាកុប​ជា​ប្អូន​ចោល មាន​គេ​នាំ​យក​ពាក្យ​នោះ​ទៅ​ជំរាប​ដល់​រេបិកា រេបិកា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប ជា​កូន​ពៅ​មក ប្រាប់​ថា មើល អេសាវ​បង​ឯង​បាន​កំសាន្ត​ចិត្ត​ពី​ដំណើរ​ឯង​ហើយ ដោយ​សង្ឃឹម​ថា នឹង​សំឡាប់​ឯង​ចោល ដូច្នេះ កូន​អើយ ត្រូវ​ស្តាប់​តាម​អញ​ឥឡូវ ចូរ​ឯង​រៀប​ចំរត់​ទៅ​ឯ​ឡាបាន់​ជា​បង​អញ​នៅ​ខារ៉ាន​ទៅ ហើយ​នៅ​ជា​មួយ​នឹង​គាត់​ឲ្យ​យូរ​បន្តិច ដរាប​ដល់​បង​ឯង​បាត់​ក្តៅ​ក្រហាយ កាល​ណា​បង​ឯង​លែង​ខឹង​នឹង​ឯង ហើយ​ភ្លេច​ពី​ការ​ដែល​ឯង​បាន​ធ្វើ​ដល់​វា នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​នាំ​ឯង​ពី​នោះ​មក​វិញ ក្រែង​អញ​បាត់​ឯង​ទាំង​២​ចេញ នៅ​ថ្ងៃ​តែ​១។ នោះ​រេបិកា​និយាយ​ទៅ​អ៊ីសាក​ថា ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ​បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត។