លោកុប្បត្តិ 26:1-35
លោកុប្បត្តិ 26:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីន។ ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានព្រះបន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។ ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។ លោកអ៊ីសាកក៏រស់នៅក្នុងក្រុងកេរ៉ានោះ។ ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបិកាមានរូបឆោមស្អាតល្អណាស់។ លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួចឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបិកា ជាភរិយារបស់លោក។ ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់លោកនោះ លោកមុខជាបណ្ដាលឲ្យយើងទាំងអស់គ្នា មានទោសមិនខាន»។ ព្រះបាទអប៊ីម៉ាឡិចចេញបញ្ជាទៅប្រជារាស្ត្រទាំងមូលដូចតទៅនេះ៖ «ប្រសិនបើនរណាម្នាក់ប៉ះពាល់បុរសនេះ និងភរិយារបស់គាត់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់»។ លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។ លោកក៏ទៅជាអ្នកមាន ហើយរកបានសម្បត្តិកាន់តែច្រើនឡើងៗ រហូតបានទៅជាមហាសេដ្ឋី។ លោកមានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងលោក ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមលោកចាកចេញពីស្រុកយើងទៅ ដ្បិតលោកមានសម្បត្តិស្ដុកស្ដម្ភជាងយើងណាស់»។ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ លោកអ៊ីសាកឲ្យគេស្ដារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។ ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។ ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ារករឿងនឹងពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកក៏ដាក់ឈ្មោះអណ្ដូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងលោក។ ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្ដងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។ លោករើជំរំពីទីនោះ ហើយជីកអណ្ដូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ លោកដាក់ឈ្មោះអណ្ដូងនោះថា “រេហូបូត” ដ្បិតលោកពោលថា «ឥឡូវនេះ ព្រះអម្ចាស់បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងស្រុកនេះ»។ លោកចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។ នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។ លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើព្រះអង្គ ដោយហៅព្រះនាមព្រះអង្គថាព្រះអម្ចាស់។ លោកបានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់លោកក៏នាំគ្នាជីកអណ្ដូងទឹកនៅទីនោះដែរ។ ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក ដោយមានលោកអហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយផង។ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកយាង និងអញ្ជើញមកជួបទូលបង្គំដូច្នេះ ដ្បិតព្រះរាជា និងអស់លោកស្អប់ទូលបង្គំ ព្រមទាំងបណ្ដេញទូលបង្គំចេញពីស្រុករបស់ព្រះរាជា និងអស់លោកថែមទៀតផង!»។ ព្រះបាទអប៊ីម៉ាឡិច និងអស់អ្នកដែលមកជាមួយស្ដេចតបទៅលោកវិញថា៖ «យើងសង្កេតឃើញថា ព្រះអម្ចាស់ពិតជាគង់ជាមួយលោកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។ រីឯលក្ខខណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមលោកស្បថនឹងយើងថា លោកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបលោកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះលោក និងឲ្យលោកចាកចេញមក ដោយសុខសាន្ត ហើយឥឡូវនេះ លោកក៏បានទទួលព្រះពរពីព្រះអម្ចាស់ថែមទៀតផង»។ លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ បន្ទាប់មក ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថសន្យានឹងគ្នាទៅវិញទៅមក។ លោកអ៊ីសាកជូនដំណើរស្ដេច និងអស់លោកដែលមកជាមួយ ហើយពួកគេនាំគ្នាចាកចេញទៅដោយសុខសាន្ត។ នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាមកជម្រាបលោក អំពីអណ្ដូងដែលគេកំពុងជីកថា៖ «យើងខ្ញុំរកឃើញទឹកហើយ!»។ លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។ ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។ នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងលោកស្រីរេបិកាពិបាកចិត្តជាខ្លាំង។
លោកុប្បត្តិ 26:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សម័យនោះ មានកើតអំណត់នៅក្នុងស្រុក ផ្សេងពីអំណត់លើកមុន ដែលកើតមាននៅជំនាន់លោកអ័ប្រាហាំ។ លោកអ៊ីសាកធ្វើដំណើរទៅក្រុងកេរ៉ា ទៅជ្រកកោននឹងព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន។ ព្រះយេហូវ៉ាលេចមកឲ្យលោកអ៊ីសាកឃើញ ហើយមានព្រះបន្ទូលថា៖ «កុំចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូររស់នៅក្នុងស្រុកដែលយើងនឹងប្រាប់អ្នកវិញ។ ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។ យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។ ដូច្នេះ លោកអ៊ីសាកក៏រស់នៅក្នុងស្រុកកេរ៉ា។ ពេលណាអ្នកស្រុកនៅទីនោះសួរអំពីប្រពន្ធលោក លោកប្រាប់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ» ដ្បិតលោកខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធរបស់លោកឡើយ ដោយគិតថា ក្រែងអ្នករស់នៅស្រុកនោះសម្លាប់លោក ព្រោះតែនាងរេបិកា ព្រោះនាងមានរូបឆោមស្អាតល្អណាស់។ កាលលោកបាននៅស្រុកនោះអស់រយៈពេលយ៉ាងយូរ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន បានក្រឡេកមើលតាមបង្អួច ឃើញលោកអ៊ីសាកកំពុងប្រឡែងជាមួយនាងរេបិកា ជាប្រពន្ធរបស់លោក។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏បានហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «មើល៍ នាងជាប្រពន្ធអ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកនិយាយថា "នាងជាប្អូនរបស់ខ្ញុំ"ដូច្នេះ?» លោកអ៊ីសាកទូលស្ដេចថា៖ «ព្រោះទូលបង្គំនឹកថា ក្រែងទូលបង្គំត្រូវស្លាប់ព្រោះតែនាង»។ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «ម្តេចក៏អ្នកធ្វើចំពោះយើងដូច្នេះ? បើមានអ្នកណាម្នាក់ក្នុងចំណោមប្រជាជន បានរួមដំណេកជាមួយប្រពន្ធអ្នក នោះអ្នកនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរមិនខាន»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏ហាមប្រជារាស្ត្រទាំងអស់ថា៖ «អ្នកណាដែលប៉ះពាល់បុរសនេះ ឬប្រពន្ធរបស់គាត់ អ្នកនោះនឹងត្រូវសម្លាប់»។ លោកអ៊ីសាកបានសាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះ លោកច្រូតបានមួយជាមួយរយ។ ព្រះយេហូវ៉ាប្រទានពរលោក រួចលោកក៏ទៅជាអ្នកមាន ហើយចេះតែចម្រើនឡើង រហូតទាល់តែបានទៅជាអ្នកមានស្តុកស្តម្ភ។ លោកមានហ្វូងចៀម ហ្វូងគោ និងអ្នកបម្រើជាច្រើន ដល់ម៉្លេះបានជាពួកភីលីស្ទីនមានចិត្តច្រណែននឹងលោក។ (គ្រានោះ ពួកភីលីស្ទីនបានលុបអណ្តូងទាំងប៉ុន្មានដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអ័ប្រាហាំនៅរស់នៅឡើយ)។ រួចព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមអ្នកចាកចេញពីយើងទៅ ដ្បិតអ្នកខ្លាំងពូកែជាងយើងណាស់»។ លោកអ៊ីសាកចាកចេញពីទីនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយអាស្រ័យនៅនោះទៅ។ លោកអ៊ីសាកបានស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកនៅជំនាន់លោកអ័ប្រាហាំជាឪពុករបស់លោកឡើងវិញ ព្រោះពួកភីលីស្ទីនបានលុបទាំងអស់ ក្រោយពេលលោកអ័ប្រាហាំស្លាប់ទៅ។ លោកដាក់ឈ្មោះអណ្តូងទាំងនោះ តាមឈ្មោះដែលឪពុករបស់លោកបានដាក់កាលពីមុន។ ប៉ុន្ដែ កាលពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅក្នុងជ្រលងភ្នំនោះ គេក៏រកឃើញអណ្ដូងមួយមានទឹកហូរចេញមក ឯពួកគង្វាលនៅស្រុកកេរ៉ាឈ្លោះប្រកែកជាមួយពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា៖ «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកហៅអណ្តូងនោះថា "អេសែក" ព្រោះគេបានឈ្លោះជាមួយលោក។ បន្ទាប់មក គេជីកអណ្តូងមួយទៀត ហើយគេក៏ឈ្លោះប្រកែកពីអណ្តូងនោះទៀត ដូច្នេះ លោកហៅអណ្តូងនោះថា "ស៊ីតណា" ។ លោកក៏រើចេញពីទីនោះ ហើយជីកអណ្តូងមួយទៀត តែគេមិនបានឈ្លោះប្រកែកពីអណ្តូងនោះទេ ដូច្នេះ លោកក៏ដាក់ឈ្មោះអណ្ដូងនោះថា "រេហូបូត" ដោយពាក្យថា៖ «ឥឡូវនេះ ព្រះយេហូវ៉ាបានបើកផ្លូវឲ្យយើងហើយ យើងនឹងបានចម្រើនឡើងក្នុងស្រុកនេះ»។ លោកចាកចេញពីទីនោះ ឡើងទៅកាន់ក្រុងបៀរ-សេបា។ នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។ ដូច្នេះ លោកអ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា រួចបោះជំរំនៅទីនោះ។ ពួកអ្នកបម្រើរបស់លោកក៏ជីកអណ្តូងមួយនៅទីនោះដែរ។ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក មានទាំងអ័ហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយ។ លោកអ៊ីសាកសួរថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកមករកទូលបង្គំ? ដ្បិតព្រះរាជាស្អប់ទូលបង្គំហើយ ទាំងបានបណ្តេញទូលបង្គំចេញទៀតផង»។ ពួកគេឆ្លើយតបថា៖ «យើងបានឃើញច្បាស់ហើយថា ព្រះយេហូវ៉ាគង់នៅជាមួយអ្នកមែន ដូច្នេះហើយបានជាយើងគិតថា គួរតែយើងមានសម្បថចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងបានតាំងសញ្ញាជាមួយអ្នកថា អ្នកនឹងមិនប្រព្រឹត្តអ្វីទាស់នឹងយើង ដូចជាយើងក៏មិនបានប៉ះពាល់ ហើយធ្វើអ្វីដល់អ្នកដែរ គឺមានតែប្រព្រឹត្តល្អ ហើយបានឲ្យអ្នកចេញមកដោយសុខសាន្តប៉ុណ្ណោះ។ ឥឡូវនេះ អ្នកជាមនុស្សមានពររបស់ព្រះយេហូវ៉ាមែន»។ ដូច្នេះ លោកអ៊ីសាកបានរៀបចំពិធីជប់លៀងថ្វាយស្ដេច និងអស់លោកទាំងនោះ ហើយពួកគេក៏បរិភោគទាំងអស់គ្នា។ លុះព្រលឹមស្រាងកាលណា ពួកគេក្រោកឡើង ហើយស្បថនឹងគ្នាទៅវិញទៅមក រួចលោកអ៊ីសាកក៏ជូនដំណើរព្រះបាទអ័ប៊ីម៉្មាឡិច និងអស់លោកទាំងនោះ ហើយពួកគេក៏ចេញពីលោកទៅដោយសុខសាន្ត។ នៅថ្ងៃនោះឯង ពួកអ្នកបម្រើរបស់លោកអ៊ីសាកបានមកជម្រាបលោកពីដំណើរអណ្តូងដែលគេបានជីកនោះថា៖ «យើងខ្ញុំបានរកឃើញទឹកហើយ!»។ លោកដាក់ឈ្មោះអណ្តូងនោះថា "សេបា" ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា "បៀរ-សេបា" រហូតមកដល់សព្វថ្ងៃ។ កាលលោកអេសាវមានអាយុសែសិបឆ្នាំ លោកបានរៀបការជាមួយនាងយូឌីត កូនស្រីរបស់បេរីជាសាសន៍ហេត និងនាងបាសម៉ាត កូនស្រីរបស់អេឡូន ជាសាសន៍ហេត នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងនាងរេបិកាពិបាកចិត្តជាខ្លាំង។
លោកុប្បត្តិ 26:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សម័យនោះ មានកើតអំណត់នៅក្នុងស្រុកផ្សេងពីអំណត់ជាន់មុន ដែលកើតមាននៅជំនាន់អ័ប្រាហាំ ហើយអ៊ីសាក គាត់ទៅឯអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីននៅកេរ៉ា នោះព្រះយេហូវ៉ាលេចមកឯគាត់មានបន្ទូលថា កុំឲ្យចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូរឯងនៅក្នុងស្រុកដែលអញនឹងប្រាប់ឯងវិញ ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ នឹងបញ្ញត្ត ហើយច្បាប់ នឹងក្រឹត្យវិន័យរបស់អញ។ នោះអ៊ីសាកក៏នៅក្នុងស្រុកកេរ៉ា ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់ កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង អ័ប៊ីម៉្មាឡិចមានបន្ទូលតបថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ ក្រែងមានពួករាស្ត្រណាមួយបានរួមដំណេកជាមួយនឹងប្រពន្ធអ្នក យ៉ាងនោះនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរ រួចអ័ប៊ីម៉្មាឡិចទ្រង់ហាមដល់រាស្ត្រទាំងអស់ថា អ្នកណាដែលពាល់មនុស្សនេះឬប្រពន្ធគាត់ នោះនឹងត្រូវសំឡាប់ជាពិត អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើង ដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ គាត់ក៏ត្រឡប់បានជាអ្នកមាន ហើយចេះតែចំរើនជាច្រើនឡើង ទាល់តែមានយ៉ាងស្តុកស្តម្ភ គាត់មានហ្វូងចៀមហ្វូងគោ ហើយនឹងបាវបំរើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់ ហើយអណ្តូងទាំងប៉ុន្មានដែលពួកបាវរបស់ឪពុកបានជីក ពីកាលដែលនៅរស់នៅឡើយ នោះពួកភីលីស្ទីនគេលុបដីពេញទាំងអស់ទៅ រួចអ័ប៊ីម៉្មាឡិចមានបន្ទូលនឹងអ៊ីសាកថា ត្រូវឲ្យអ្នកថយចេញពីយើងទៅ ពីព្រោះអ្នកពូកែជាងយើងហើយ។ អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ រួចគាត់ស្តារអណ្តូងទឹកទាំងប៉ុន្មាននោះ ដែលគេបានជីកនៅជាន់អ័ប្រាហាំជាឪពុកគាត់ឡើងវិញ ពីព្រោះពួកភីលីស្ទីនបានលុបទាំងអស់ក្រោយដែលអ័ប្រាហាំស្លាប់ទៅ រួចគាត់ដាក់ឈ្មោះអណ្តូងទាំងនោះតាមឈ្មោះដែលឪពុកបានដាក់មកដែរ ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់ នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ រួចគាត់ចេញពីទីនោះឡើងទៅឯបៀរ-សេបា ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះកុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ រួចគាត់ស្អាងអាសនា១នៅស្រុកនោះ ក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា គាត់ដំឡើងត្រសាលនៅទីនោះ ហើយពួកបាវគាត់ក៏ជីកអណ្តូង១នៅកន្លែងនោះដែរ។ ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ នឹងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់ នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង គេឆ្លើយតបថា យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក បានជាយើងបាននិយាយគ្នាថា គួរឲ្យយើងតាំងសម្បថចំពោះគ្នាទៅវិញទៅមក ឥឡូវ យើងសូមតាំងសញ្ញានឹងអ្នកថា អ្នកនឹងមិនធ្វើអាក្រក់ដល់យើងឡើយ ដូចជាយើងក៏មិនបានពាល់ដល់អ្នកដែរ គឺយើងបានប្រព្រឹត្តចំពោះតែសេចក្ដីណាដែលល្អដល់អ្នកប៉ុណ្ណោះ យើងបានឲ្យអ្នកចេញមកដោយសេចក្ដីសុខសាន្ត ឥឡូវនេះ អ្នកជាមនុស្សមានព្រះពរនៅចំពោះព្រះយេហូវ៉ា នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ លុះព្រលឹមស្រាងកាលណា នោះក៏ក្រោកឡើងស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកបញ្ជូនអ័ប៊ីម៉្មាឡិចទៅ ហើយទ្រង់ក៏ចេញពីគាត់ទៅដោយមេត្រីចិត្ត នៅថ្ងៃនោះឯង ពួកបាវរបស់អ៊ីសាកមកជំរាបគាត់ពីដំណើរអណ្តូង ដែលទើបនឹងជីកថា យើងជីកបានទឹកហើយ គាត់ដាក់ឈ្មោះអណ្តូងនោះថា សេបា ហេតុនោះបានជាឈ្មោះទីក្រុងនោះហៅថា បៀរ-សេបា ដរាបដល់សព្វថ្ងៃនេះ។ ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ នាងទាំង២នោះក៏នាំឲ្យអ៊ីសាកហើយនឹងរេបិកាពិបាកចិត្តណាស់។