លោកុប្បត្តិ 25:21-26

លោកុប្បត្តិ 25:21-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អ៊ីសាក​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​ប្រណី​ដល់​ប្រពន្ធ​របស់​លោក ព្រោះ​នាង​ជា​ស្ត្រី​អារ។ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​លោក រួច​ហើយ​នាង​រេបិកា​ប្រពន្ធ​របស់​លោក​ក៏​មាន​ផ្ទៃ​ពោះ។ ដោយ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ចេះ​តែ​ប្រធាក់​គ្នា នាង​ក៏​ពោល​ថា៖ «បើ​មាន​រឿង​កើត​ឡើង​ដូច្នេះ តើ​ខ្ញុំ​រស់​នៅ​ម្ដេច​បាន? » ដូច្នេះ នាង​ក៏​ទៅ​ទូល​សួរ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​នាង​ថា៖ «មាន​ប្រ‌ជា‌ជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង ហើយ​សាសន៍​ពីរ​ដែល​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត គឺ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»។ ពេល​នាង​គ្រប់​ខែ​ហើយ នោះ​មើល៍ មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​របស់​នាង​មែន។ កូន​ទី​មួយ​កើត​មក​មាន​សម្បុរ​ក្រហម ហើយ​មាន​រោម​ពាស​ពេញ​ខ្លួន ដូច្នេះ គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេសាវ"។ បន្ទាប់​មក កូន​ប្អូន​ក៏​កើត​ចេញ​មក​ទាំង​ដៃ​កាន់​កែង​ជើង​របស់​អេសាវ​ជាប់ ដូច្នេះ គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ាកុប" ។ នៅ​ពេល​នាង​បង្កើត​កូន​ទាំង​ពីរ​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក​សិប​ឆ្នាំ​ហើយ។

លោកុប្បត្តិ 25:21-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អ៊ីសាក​បាន​ទូល‌អង្វរ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។ ដោយ​ទារក​កម្រើក​ប៉ះ​គ្នា​នៅ​ក្នុង​ផ្ទៃ គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​ខ្ញុំ​កើត​អ៊ីចឹង?»។ គាត់​ទៅ​សួរ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជា‌ជាតិ​ពីរ សាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត កូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។ ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។ កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។ បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។

លោកុប្បត្តិ 25:21-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ៊ីសាក​គាត់​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដំណើរ​ប្រពន្ធ​គាត់ ពី​ព្រោះ​នាង​ជា​ស្ត្រី​អារ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ទទួល​ព្រម​តាម រួច​នាង​ក៏​មាន​ទំងន់ ឯ​កូន​ក្នុង​ផ្ទៃ​នាង​វា​ប្រធាក់​គ្នា នាង​ក៏​និយាយ​ថា បើ​ដូច្នេះ តើ​នឹង​កើត​មាន​ជា​ដូច​ម្តេច​ទៅ រួច​នាង​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ថា មាន​នគរ​២​នៅ​ក្នុង​ផ្ទៃ​ឯង គឺ​នឹង​មាន​សាសន៍​២​ចេញ​ពី​ពោះ​ឯង​មក សាសន៍​១​នឹង​បាន​ខ្លាំង​ជាង​សាសន៍​១ គឺ​កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន។ លុះ​នាង​គ្រប់​ខែ​ហើយ នោះ​មើល មាន​កូន​ភ្លោះ​តាំង​នៅ​ក្នុង​ផ្ទៃ​នាង កូន​ដែល​កើត​មក​មុន នោះ​មាន​សម្បុរ​ក្រហម​ទង់‌ដែង​នៅ​ពេញ​ខ្លួន វិស័យ​ដូច​ជា​អាវ​រោម គេ​បាន​ឲ្យ​ឈ្មោះ​ថា​អេសាវ បន្ទាប់​នោះ កូន​ប្អូន​ក៏​ចេញ​មក ទាំង​មាន​ដៃ​កាន់​កែង‌ជើង​អេសាវ នោះ​គេ​ឲ្យ​ឈ្មោះ​ថា​យ៉ាកុប ឯ​អ៊ីសាក​គាត់​មាន​អាយុ​៦០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​នាង​បង្កើត​កូន​មក

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ