លោកុប្បត្តិ 23:1-20
លោកុប្បត្តិ 23:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកស្រីសារ៉ារស់នៅបានមួយរយម្ភៃប្រាំពីរឆ្នាំ នេះជាចំនួនឆ្នាំនៃជីវិតរបស់លោកស្រីសារ៉ា។ លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។ លោកអ័ប្រាហាំក្រោកចេញពីមុខសពប្រពន្ធរបស់លោក ហើយនិយាយទៅពួកកូនចៅហេតថា៖ «ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែស្នាក់នៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះ សូមចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់អ្នករាល់គ្នាមកខ្ញុំ ដើម្បីឲ្យខ្ញុំបានយកសពប្រពន្ធខ្ញុំ ដែលនៅមុខខ្ញុំនេះទៅបញ្ចុះផង»។ ពួកកូនចៅហេតតបមកលោកអ័ប្រាហាំថា៖ «លោកម្ចាស់ សូមស្តាប់យើងខ្ញុំសិន លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយយើងខ្ញុំស្រាប់ហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ គ្មានអ្នកណាម្នាក់ហ៊ានប្រកែក មិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពប្រពន្ធរបស់លោកឡើយ»។ លោកអ័ប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខពួកកូនចៅហេត ដែលនៅស្រុកនោះ។ លោកមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនៅមុខខ្ញុំនេះទៅបញ្ចុះ សូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុន ជាកូនរបស់សូហារជំនួសខ្ញុំផង គឺសូមឲ្យគាត់ប្រគល់ល្អាងម៉ាក់ពេឡា ជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺល្អាងដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសម្រាប់ជាទីបញ្ចុះសព នៅចំពោះមុខអ្នករាល់គ្នាផង»។ ឯអេប្រុនក៏អង្គុយរួមជាមួយពួកកូនចៅហេតទាំងនោះដែរ គាត់ឆ្លើយទៅលោកអ័ប្រាហាំនៅចំពោះមុខពួកកូនចៅហេត គឺនៅចំពោះអស់អ្នកដែលចូលតាមទ្វារក្រុងនោះថា៖ «ទេ លោកម្ចាស់ សូមស្តាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទសូមជូនលោកម្ចាស់នៅចំពោះមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកម្ចាស់ចុះ»។ ពេលនោះ លោកអ័ប្រាហាំក្រាបចុះនៅចំពោះមុខពួកអ្នកស្រុកនោះ។ លោកមានប្រសាសន៍ទៅអេប្រុន នៅចំពោះមុខពួកអ្នកស្រុកថា៖ «ប្រសិនបើលោកសុខចិត្ត សូមស្តាប់ខ្ញុំវិញ ខ្ញុំសូមជូនប្រាក់តាមតម្លៃដី សូមទទួលយកពីខ្ញុំចុះ ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនៅទីនោះ»។ អេប្រុនតបទៅលោកអ័ប្រាហាំថា៖ «លោកម្ចាស់ សូមស្តាប់ខ្ញុំ ដីនេះមានតម្លៃបួនរយសេកែល តើតម្លៃនេះមានអ្វីសំខាន់រវាងលោកម្ចាស់នឹងខ្ញុំ? សូមលោកម្ចាស់បញ្ចុះសពទៅ!»។ លោកអ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយថ្លឹងប្រាក់ប្រគល់ឲ្យអេប្រុន នៅចំពោះមុខនៃពួកកូនចៅហេត តាមចំនួនដែលគាត់បាននិយាយ គឺប្រាក់សុទ្ធបួនរយសេកែល តាមតម្លៃដែលពួកឈ្នួញប្រើនៅសម័យនោះ។ ដូច្នេះ ចម្ការរបស់អេប្រុននៅម៉ាក់ពេឡា ដែលនៅខាងកើតម៉ាមរេ ជាចម្ការដែលមានល្អាង និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះ គឺបរិវេណចម្ការនោះទាំងមូល បានប្រគល់ឲ្យលោកអ័ប្រាហាំទាំងអស់ទុកជាកេរអាករ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខអស់អ្នកដែលចូលតាមទ្វារក្រុង។ លោកអ័ប្រាហាំក៏បញ្ចុះសពលោកស្រីសារ៉ា ជាប្រពន្ធ នៅក្នុងល្អាងនៃចម្ការម៉ាក់ពេឡា ខាងកើតម៉ាមរេ (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន។ ដូច្នេះ ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះ ពួកកូនចៅហេតបានប្រគល់ទៅឲ្យលោកអ័ប្រាហាំ ទុកជាកន្លែងសម្រាប់បញ្ចុះសពរហូតតទៅ។
លោកុប្បត្តិ 23:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំពីរឆ្នាំ។ ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖ «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។ ជនជាតិហេតតបមកលោកអប្រាហាំវិញថា៖ «លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់លោកឡើយ»។ លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។ លោកអេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅលោកអប្រាហាំវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖ «លោកម្ចាស់ សូមស្ដាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចម្ការ ព្រមទាំងគុហានៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។ លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ ប៉ុន្តែ លោកអេប្រូនតបទៅលោកអប្រាហាំថា៖ «លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។ លោកអប្រាហាំក៏ព្រមព្រៀងជាមួយលោកអេប្រូន ហើយថ្លឹងប្រាក់ឲ្យគាត់ តាមចំនួនដែលគាត់បាននិយាយនៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។ តាំងពីពេលនោះមក ដីចម្ការរបស់លោកអេប្រូននៅម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ គឺទាំងដីចម្ការ ទាំងគុហា និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះទាំងមូល បានត្រឡប់មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុងជាសាក្សី។ បន្ទាប់មក លោកអប្រាហាំក៏បានបញ្ចុះសពលោកស្រីសារ៉ា ជាភរិយា ក្នុងគុហា នៅចម្ការម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។
លោកុប្បត្តិ 23:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងសារ៉ាអាយុបាន១២៧ឆ្នាំ នោះជាចំនួននៃឆ្នាំអាយុរបស់នាង រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា រួចគាត់ក្រោក ចេញពីមុខសព ទៅនិយាយនឹងពួកកូនចៅហេតថា ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់ នោះពួកកូនចៅហេតគេឆ្លើយទៅអ័ប្រាហាំថា លោកម្ចាស់អើយ សូមស្តាប់យើងខ្ញុំ លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយនឹងយើងខ្ញុំរាល់គ្នា ដូច្នេះ សូមឲ្យលោកកប់សពរបស់ប្រពន្ធលោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ ក្នុងពួកយើងខ្ញុំ នោះគ្មានអ្នកណាមួយនឹងប្រកែកថា មិនឲ្យលោកកប់ខ្មោចនៅក្នុងផ្នូររបស់យើងខ្ញុំនោះទេ នោះអ័ប្រាហាំក្រោកឡើង ឱនគោរពចំពោះអស់ពួកកូនចៅហេត ដែលនៅស្រុកនោះ ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ រីឯអេប្រុនជាសាសន៍ហេត គាត់ក៏អង្គុយជាមួយនឹងពួកបងប្អូននោះដែរ ហើយគាត់ឆ្លើយទៅអ័ប្រាហាំនៅមុខពួកបងប្អូនខ្លួន គឺនៅចំពោះអស់ពួកអ្នកដែលចូលតាមទ្វារក្រុងនោះថា ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចំការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ អ័ប្រាហាំគាត់ក៏ឱនខ្លួនគោរពចំពោះពួកអ្នកស្រុកនោះ ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ អេប្រុនក៏ឆ្លើយទៅអ័ប្រាហាំថា លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោកហើយនឹងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះសូមអញ្ជើញលោកកប់សពចុះ អ័ប្រាហាំក៏ស្តាប់តាមអេប្រុន ហើយគាត់ថ្លឹងប្រាក់ប្រគល់ឲ្យដល់អេប្រុន នៅចំពោះមុខនៃពួកកូនចៅហេតតាមដែលគាត់និយាយ គឺជាប្រាក់៤០០រៀលដែលពួកជំនួញធ្លាប់ចាយ។ ដូច្នេះ ចំការរបស់អេប្រុន ដែលនៅម៉ាក់ពេឡាខាងមុខម៉ាមរេ នឹងរអាងដែលនៅទីនោះ ហើយនឹងដំណាំដែលនៅក្នុងចំការនោះ ព្រមទាំងរបងដែលព័ទ្ធជុំវិញផង បានប្រគល់ផ្តាច់ទាំងអស់ទុកជាកេរ្តិ៍របស់អ័ប្រាហាំ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខនៃអស់អ្នកដែលចូលតាមទ្វារក្រុងគេ រួចអ័ប្រាហាំក៏កប់សពសារ៉ាប្រពន្ធគាត់នៅក្នុងរអាងនៃចំការម៉ាក់ពេឡា ខាងមុខម៉ាមរេទៅ ឯម៉ាមរេនោះ គឺជាហេប្រុនក្នុងស្រុកកាណាន ចំការនឹងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសំរាប់ជាកន្លែងកប់ខ្មោចតទៅ។