លោកុប្បត្តិ 22:18-24

លោកុប្បត្តិ 22:18-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។ បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​រក​ក្មេង​បម្រើ​របស់​លោក​វិញ ហើយ​គេ​ក្រោក​ឡើង ដើរ​ជា‌មួយ​គ្នា​ទៅ​ក្រុង​បៀរ-សេបា រួច​លោក​អ័ប្រា‌ហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ-សេបា​នោះ​ទៅ។ ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​មក​ប្រាប់​លោក​អ័ប្រា‌ហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ អ៊ូស​ជា​កូន​ច្បង​របស់​លោក ប៊ូស​ជា​ប្អូន កេមូ‌អែល​ជា​ឪពុក​របស់​អើរ៉ាម កេសែឌ ហាសួរ ពីលដាស យីដឡាប និង​បេធូ‌អែល»។ ឯ​បេធូ‌អែល​បាន​បង្កើត​នាង​រេបិកា។ អ្នក​ទាំង​ប្រាំបី​នាក់​នេះ ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ឲ្យលោក​ណាឃរ ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។ រីឯ​ប្រពន្ធ​ចុង​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម្អាកា។

លោកុប្បត្តិ 22:18-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។ លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរ‌សេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ‌សេបា​នោះ​ទៅ។ ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​អប្រាហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ប្រុស​ជា​ច្រើន​ជូន​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ​មាន អ៊ូស​ជា​កូន​ច្បង ប៊ូស​ជា​ប្អូន កេមូ‌អែល​ដែល​ត្រូវ​ជា​ឪពុក​របស់​អើរ៉ាម កេសេដ ហាសូ ពីលដាស យីដឡាប និង​បេធូ‌អែល។ លោក​បេធូ‌អែល​ត្រូវ​ជា​ឪពុក​របស់​នាង​រេបិកា។ អ្នក​ទាំង​ប្រាំ​បី​នេះ​ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ជូន​លោក​ណាឃរ ប្អូន​របស់​លោក​អប្រាហាំ។» រីឯ​ប្រពន្ធ​ទី​ពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។

លោកុប្បត្តិ 22:18-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ នោះ​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។ ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​មក​ប្រាប់​អ័ប្រា‌ហាំ​ថា មើល នាង​មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​ណាឃរ​ប្អូន​លោក​ដែរ គឺ​អ៊ូស​ជា​កូន​ច្បង​គាត់ ហើយ​ប៊ូស​ជា​ប្អូន នឹង​កេមូ‌អែល​ដែល​ជា​ឪពុក​អើរ៉ាម ហើយ​កេសែឌ ហាសូរ ពីល‌ដាស យីត‌ឡាប នឹង​បេធូ‌អែល ឯ​បេធូ‌អែល​បាន​បង្កើត​រេបិកា គឺ​កូន​ទាំង​៨​នាក់​នោះ ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ​ជា​ប្អូន​អ័ប្រា‌ហាំ ចំណែក​ប្រពន្ធ​ចុង​របស់​គាត់​ដែល​ឈ្មោះ​រេយូម៉ា នាង​បង្កើត​បាន​ធេបា កាហាំ ថាហាស នឹង​ម្អាកា។