លោកុប្បត្តិ 22:1-18

លោកុប្បត្តិ 22:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក ជា​កូន​សម្លាញ់​តែ​មួយ​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត​នៅ​ទី​នោះ នៅ​លើ​ភ្នំ​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។ លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។ លុះ​ដល់​ថ្ងៃ​ទី​បី លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។ ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​របស់​លោក​ថា៖ «ចូរ​នៅ​ទី​នេះ​ជាមួយ​លា​សិន ខ្ញុំនឹង​ទៅ​ថ្វាយ​បង្គំ​ជា‌មួយ​កូន​ខ្ញុំនៅ​ទី​នោះ រួច​យើង​នឹង​ត្រឡប់​មក​រក​ឯង​វិញ»។ លោក​អ័ប្រា‌ហាំ​ចាប់​យក​ឧស​សម្រាប់​តង្វាយ​ដុត ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​លោក​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ រួច​អ្នក​ទាំង​ពីរ​បណ្តើរ​គ្នា​ទៅ។ អ៊ីសាក​ហៅ​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​ថា៖ «ពុក!» លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន»។ អ៊ីសាក​ពោល​ថា៖ «មើល៍ យើង​មាន​ភ្លើង មាន​ឧស​ហើយ ចុះ​តើ​កូន​ចៀម​សម្រាប់​តង្វាយ​ដុត​នៅ​ឯ​ណា?» លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា៖ «កូន​អើយ កូន​ចៀម​សម្រាប់​ជា​តង្វាយ​ដុត​នោះ ព្រះ​នឹង​ផ្គត់‌ផ្គង់​ឲ្យ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏បណ្ដើរ​គ្នា​ដើរ​ទៅមុខ​ទៀត។ កាល​បាន​មក​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​លោក​ហើយ លោក​អ័ប្រា‌ហាំ​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ រួច​តម្រៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន ដាក់​លើ​គំនរ​ឧស​នៅ​លើ​អាស‌នា​នោះ។ បន្ទាប់​មក លោក​អ័ប្រា‌ហាំ​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត បម្រុង​នឹង​សម្លាប់​កូន។ ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អ័ប្រា‌ហាំ អ័ប្រា‌ហាំ​អើយ!»។ លោក​តប​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។ ទេវតា​ពោល​ថា៖ «កុំ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា អ្នក​កោត​ខ្លាច​ព្រះ​មែន ដោយ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង​សោះ»។ លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នៅ​គុម្ពោត​ព្រៃ​ខាង​ក្រោយ​លោក។ លោក​អ័ប្រាហាំ​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​តង្វាយ​ដុត ជំនួស​កូន​របស់​លោក។ លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហៅ​លោក​អ័ប្រា‌ហាំ​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា យើង​ស្បថ​ដោយ​នាម​របស់​យើង ដោយ​អ្នកបាន​ធ្វើ​ដូច្នេះ គឺ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។

លោកុប្បត្តិ 22:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ជាម្ចាស់​ក៏​ល្បង‌ល​មើល​ចិត្ត​របស់​លោក​អប្រាហាំ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អប្រាហាំ!»។ លោក​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។ លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសាក​ជា​កូន​មក​ជា​មួយ។ លោក​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​តង្វាយ​ដែរ រួច​ហើយ​លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រាប់​លោក។ លុះ​ដល់​ថ្ងៃ​ទី​បី លោក​អប្រាហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។ លោក​អប្រាហាំ​យក​អុស​សម្រាប់​ធ្វើ​យញ្ញ‌បូជា​មក​ឲ្យ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា។ ពេល​នោះ អ៊ីសាក​ហៅ​លោក​អប្រាហាំ​ជា​ឪពុក​ថា៖ «ពុក!»។ លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន!»។ អ៊ីសាក​ពោល​ថា៖ «យើង​មាន​ភ្លើង មាន​អុស​ហើយ ចុះ​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ឯ​ណា?»។ លោក​អប្រាហាំ​ឆ្លើយ​ថា៖ «កូន​អើយ ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ផ្គត់‌ផ្គង់​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា»។ បន្ទាប់​មក ទាំង​ឪពុក​ទាំង​កូន​ក៏​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា។ លុះ​មក​ដល់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ប្រាប់ លោក​អប្រាហាំ​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​លោក​ចង​អ៊ីសាក ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស​នៅ​លើ​អាសនៈ​នោះ។ បន្ទាប់​មក លោក​អប្រាហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារ-ក​កូន​ធ្វើ​យញ្ញ‌បូជា។ ពេល​នោះ ស្រាប់​តែ​ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អប្រាហាំ អប្រាហាំ​អើយ!»។ លោក​តប​ថា៖ «ក្រាប​ទូល!»។ ទេវតា​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ​មក​យើង​ឡើយ»។ លោក​អប្រាហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រាហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញ‌បូជា​ជំនួស​កូន​ប្រុស​របស់​លោក។ លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់» ។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ» ។ ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។

លោកុប្បត្តិ 22:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ។ អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ នឹង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​នោះ លុះ​ដើរ​បាន​៣​ថ្ងៃ​ហើយ នោះ​គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ ឃើញ​កន្លែង​នោះ​ពី​ចំងាយ រួច​ប្រាប់​ទៅ​បាវ​ថា ចូរ​ឯង​នៅ​ទី​នេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯ​ណោះ​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ នោះ​គាត់​ចាប់​យក​ឱស​ដែល​សំរាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង នឹង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ អ៊ីសាក​និយាយ​នឹង​ឪពុក​ថា លោក​ឪពុក​អើយ គាត់​ក៏​ឆ្លើយ​ថា អី​កូន រួច​វា​និយាយ​ថា នេះ​មាន​ភ្លើង​នឹង​ឱស​ហើយ តែ​កូន​ចៀម​សំរាប់​ដង្វាយ​ដុត​តើ​នៅ​ឯ​ណា អ័ប្រា‌ហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ ដូច្នេះ​ក៏​នាំ​គ្នា​ទៅ​ទៀត។ លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រា‌ហាំ​ក៏​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាសនា គាត់​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត​មក​ប្រុង​នឹង​សំឡាប់​កូន តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ពី​លើ​មេឃ​ហៅ​គាត់​ថា អ័ប្រា‌ហាំៗ​អើយ នោះ​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ រួច​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោត‌ខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ នោះ​អ័ប្រា‌ហាំ​គាត់​ងើប​ភ្នែក​ឡើង​ឃើញ​ចៀម​ឈ្មោល​១​ជាប់​ស្នែង​នៅ​ព្រៃ​ខាង​ក្រោយ​ខ្លួន រួច​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​ដង្វាយ​ដុត ជំនួស​កូន​ខ្លួន​វិញ អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ