លោកុប្បត្តិ 21:25-31

លោកុប្បត្តិ 21:25-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​អ័ប្រា‌ហាំ​បន្ទោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ពី​រឿង​អណ្តូង​ទឹក​ដែល​ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ដណ្តើម​យក ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំមិន​បាន​ឮ​ពីការ​នេះដែរ រហូត​ដល់​ថ្ងៃ​នេះ»។ លោក​អ័ប្រា‌ហាំ​យក​ចៀម និង​គោ​មក​ថ្វាយ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច រួច​លោក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​ជាមួយ​គ្នា។ លោក​អ័ប្រា‌ហាំ​ញែក​កូន​ចៀម​ញី​ប្រាំពីរ​ទុក​ដោយ​ឡែក។ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​លោក​អ័ប្រាហាំ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​នេះ តើ​មាន​ន័យ​ដូច​ម្តេច?» លោក​ទូល​ឆ្លើយ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​ព្រះ​ករុណានឹង​ទទួល​ពី​ដៃ​ទូល‌បង្គំ​នេះ គឺ​ដើម្បី​ឲ្យ​បាន​ជា​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្តូង​នេះ​មែន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។

លោកុប្បត្តិ 21:25-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​លោក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។ លោក​អប្រាហាំ​បាន​យក​ចៀម និង​គោ មក​ថ្វាយ​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច រួច​លោក​ទាំង​ពីរ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ លោក​អប្រាហាំ​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ‌ពីរ​ក្បាល​ទុក​ដោយ​ឡែក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​សួរ​លោក​ថា៖ «លោក​ញែក​ចៀម​ប្រាំ‌ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។ លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ‌ពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

លោកុប្បត្តិ 21:25-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អ័ប្រា‌ហាំ​គាត់​បន្ទោស​ដល់​អ័ប៊ី‌ម៉្មា‌ឡិច ពី​ដំណើរ​អណ្តូង​ទឹក​ដែល​ពួក​បាវ​ទ្រង់​បាន​ដណ្តើម​យក អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ការ​នោះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ឥត​បាន​ឮ​អ្វី​ឡើយ ដរាប​ដល់​ថ្ងៃ​នេះ អ័ប្រា‌ហាំ​គាត់​យក​ចៀម​នឹង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អ័ប្រា‌ហាំ​គាត់​ដាក់​កូន​ចៀម​៧​ដោយ​ខ្លួន នោះ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​ថា កូន​ចៀម​៧​ដែល​អ្នក​ដាក់​ដោយ​ខ្លួន​នេះ តើ​មាន​ន័យ​ដូច​ម្តេច គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ