លោកុប្បត្តិ 20:14-18

លោកុប្បត្តិ 20:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​យក​ហ្វូង​ចៀម ហ្វូង​គោ និង​បាវ​បម្រើ​ប្រុស​ស្រី មក​ជូន​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ប្រគល់​លោក​ស្រី​សារ៉ា​ជា​ប្រពន្ធ ជូន​លោក​វិញ។ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍! ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​រស់​នៅ​កន្លែង​ណា​តាម​តែ​អ្នក​ពេញ​ចិត្ត​ចុះ»។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​លោក​ស្រី​សារ៉ា​ថា៖ «មើល៍ ខ្ញុំបាន​ប្រគល់​ប្រាក់​សុទ្ធ​មួយ​ពាន់​ស្លឹង​ដល់​បង​ប្រុស​របស់​នាង ទុក​ជា​សម្គាល់​នៅ​ចំពោះ​ភ្នែក​អស់​អ្នក​ដែល​នៅ​ជា‌មួយ​នាង​ថា នាង​មិន​បាន​បាត់​បង់​កិត្តិយស​ទេ»។ ពេល​នោះ លោក​អ័ប្រា‌ហាំ​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​ក៏​ប្រោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​បាន​ជា ព្រម​ទាំង​ភរិយា និង​ពួក​អ្នក​ម្នាង​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​នាងមាន​កូន​តទៅ​ទៀត។ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​អស់ទាំង​ផ្ទៃ​នៃ​រាជ​វង្ស​របស់​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិចទាំង​មូល ព្រោះ​តែ​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ​របស់​លោក​អ័ប្រា‌ហាំ។

លោកុប្បត្តិ 20:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​យក​ចៀម យក​គោ​ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​នាំ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​មក​ជូន​លោក​អប្រាហាំ ហើយ​ក៏​បាន​ប្រគល់​លោក​ស្រី​សារ៉ា​ជូន​លោក​វិញ​ដែរ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ស្រាប់​ហើយ លោក​ចង់​តាំង​ទី​លំ‌នៅ​នៅ​ទី​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។ ព្រះអង្គ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ស្រី​សារ៉ា​ថា៖ «ខ្ញុំ​បាន​ឲ្យ​ប្រាក់​សុទ្ធ​ទៅ​បង​របស់​នាង​ចំនួន​មួយ​ពាន់​តម្លឹង ដើម្បី​ទុក​ជា​សញ្ញា​បញ្ជាក់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ថា នាង​ពុំ​បាន​បង់​កិត្តិយស​ឡើយ»។ លោក​អប្រាហាំ​បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​មេត្តា​ប្រោស​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ព្រម​ទាំង​មហេសី និង​ពួក​ស្រី​ស្នំ​របស់​ព្រះអង្គ ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​ត​ទៅ​ទៀត​បាន ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្ត្រីៗ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។

លោកុប្បត្តិ 20:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​បាវ​ប្រុស​បាវ​ស្រី ប្រទាន​ដល់​អ័ប្រា‌ហាំ ព្រម​ទាំង​ប្រគល់​សារ៉ា ជា​ប្រពន្ធ ទៅ​វិញ​ផង រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​ថា មើល ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ឃើញ​ថា​ស្រួល​ចុះ ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សារ៉ា​ថា មើល អញ​ឲ្យ​ប្រាក់​១​ពាន់​ដល់​បង​នាង សំរាប់​នឹង​បាំង​ភ្នែក​នៃ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​នាង គឺ​យ៉ាង​នោះ​ដែល​បាន​បន្ទោស​ដល់​សារ៉ា នោះ​អ័ប្រា‌ហាំ​គាត់​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​ក៏​ប្រោស​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​បាន​ជា រួច​ភរិយា នឹង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់​បាន​កើត​កូន​ទៀត ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ពោះ​នៃ​ពួក​ដំណាក់​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ព្រោះ​សារ៉ា​ជា​ប្រពន្ធ​អ័ប្រា‌ហាំ។