លោកុប្បត្តិ 2:15-22

លោកុប្បត្តិ 2:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា»។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា‌បក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ស្រុក​ទាំង​អស់ ឲ្យ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​ឲ្យ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។ ដូច្នេះ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់‌លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។ ព្រះ‌ជា‌អម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។

លោកុប្បត្តិ 2:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី តែ​មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិ‌ភោគ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ដែល​មនុស្ស​ប្រុស​នៅ​តែ​ម្នាក់​ឯង​មិន​ស្រួល​ទេ យើង​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​ឲ្យ​បាន​ជា​គ្នា»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​សម្រាប់​អ័ដាម មិន​ឃើញ​មាន​ជំនួយ​ណា​សម្រាប់​ឲ្យ​ជួយ​គាត់​សោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ដេក​លក់ រួច​ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​របស់​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ ហើយ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​បុរស​មក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ស្ត្រី ហើយ​ក៏​នាំ​នាង​មក​ជួប​បុរសនោះ។

លោកុប្បត្តិ 2:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​៤ នឹង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​នាំ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​យ៉ាង​ដូច​ម្តេច ឯ​ឈ្មោះ​ណា​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង‌ឡាយ នោះ​បាន​សំរេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង អ័ដាម​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ នឹង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​មិន​ឃើញ​មាន​ជំនួយ​ណា​សំរាប់​ឲ្យ​ជួយ​គាត់​សោះ នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ រីឯ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​អ័ដាម​មក នោះ​ទ្រង់​ជប​ឲ្យ​កើត​ឡើង​ជា​មនុស្ស​ស្រី ក៏​នាំ​ទៅ​អ័ដាម