លោកុប្បត្តិ 2:15-18

លោកុប្បត្តិ 2:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា»។

លោកុប្បត្តិ 2:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី តែ​មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិ‌ភោគ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ដែល​មនុស្ស​ប្រុស​នៅ​តែ​ម្នាក់​ឯង​មិន​ស្រួល​ទេ យើង​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​ឲ្យ​បាន​ជា​គ្នា»។

លោកុប្បត្តិ 2:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា