លោកុប្បត្តិ 19:6-38

លោកុប្បត្តិ 19:6-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​ឡុត​ចេញ​មក​ជួប​គេ​នៅ​មាត់​ទ្វារ រួច​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ គាត់​ពោល​ថា៖ «ខ្ញុំ​សូម​អង្វរ បង‌ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ! មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​អំពើ​ចិត្ត​ទៅ​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​បុរស​ទាំង​នេះ​ឡើយ ដ្បិត​លោក​បាន​ចូល​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ»។ ប៉ុន្ដែ គេ​តប​ថា៖ «ថយ​ចេញ» ហើយ​គេ​ពោល​ទៀត​ថា៖ «ម្នាក់​នេះ​ចូល​មក​ស្នាក់​សោះ តែ​បែរ​ជា​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ក្រម​ផង! ឥឡូវ​នេះ យើង​នឹង​ធ្វើ​បាប​ឯង​ឲ្យ​អាក្រក់​ជាង​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពេល​នោះ គេ​ច្រាន​ឡុត​ជា​ខ្លាំង ហើយ​រំលោភ​ចូល​ទៅ​ជិត បម្រុង​នឹង​ទម្លាយ​ទ្វារ។ ប៉ុន្ដែ ទេវតាទាំង​ពីរ​លូក​ដៃ​ទៅ​ចាប់​ឡុត ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត។ ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា ទាំង​តូច​ទាំង​ធំ ដូច្នេះ គេ​ក៏​អស់​ចិត្ត​លែង​រាវ​រក​មាត់​ទ្វារ​ទៀត។ បន្ទាប់​មក ទេវតា​ពោល​ទៅ​ឡុត​ថា៖ «តើ​មាន​អ្នក​ណា​ទៀត​នៅ​ទី​នេះ​ឬ​ទេ? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី ឬ​បង​ប្អូន​ណា​របស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ ចូរ​នាំ​គ្នា​ចេញ​ពីកន្លែង​នេះ​ទៅ។ ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ព្រោះ​សម្រែក​ទាស់​នឹង​ប្រជា‌ជន​របស់​ក្រុង​នេះ បាន​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ទី​ក្រុង​នេះ​ចោល»។ ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា ដែល​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បម្រុង​នឹង​បំផ្លាញ​ទី​ក្រុង​នេះ​ហើយ»។ ប៉ុន្ដែ កូន​ប្រសា​របស់​គាត់​ស្មាន​ថា​គាត់​និយាយ​លេង។ លុះ​ព្រលឹម​ស្រាងៗ ទេវតា​ក៏​បង្ខំ​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង យក​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ»។ ប៉ុន្ដែ ដោយ​សារ​គាត់​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ ហើយ​កូន​ស្រី​គាត់​ទាំង​ពីរ នាំ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​ដល់​គាត់។ កាល​បាន​នាំ​ពួក‌គេ​មក​ខាង​ក្រៅ​ហើយ ទេវតា ប្រាប់​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​មក​ក្រោយ ក៏​កុំ​ឈប់​នៅ​ស្រុក​វាល​ណា​មួយ​ឲ្យ​សោះ! ចូរ​រត់​គេច​ទៅ​ឯ​ភ្នំ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស»។ ប៉ុន្ដែ ឡុត​ប្រកែក​ថា៖ «ទេ លោក​ម្ចាស់​ខ្ញុំ​អើយ មើល៍ ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​បាន​ចម្រើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ភ្នំ​មិន​បាន​ទេ ក្រែង​មហន្តរាយ​នេះ​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់។ មើល‌ន៏ មាន​ទី​ក្រុង​មួយ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ទីនោះវិញ តើ​មិន​មែន​ជា​ទីក្រុង​តូច​មួយ​ទេ​ឬ? នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត»។ ទេវតាតប​ទៅ​គាត់​ថា៖ «មើល៍ ខ្ញុំ​យោគ​យល់​តាម​សំណូម​របស់​អ្នក​ក្នុង​ការ​នេះ​ដែរ ទី​ក្រុង​មួយ​ដែល​អ្នក​និយាយ​នេះ យើង​នឹង​មិន​បំផ្លាញ​ទេ។ ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ទី​នោះ​ទៅ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បានទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ទី​នោះ​សិន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​ក្រុង​នោះ​ថា "សូអារ" ។ កាល​ឡុត​បាន​ចូល​ទៅ​ដល់​សូអារ នោះ​ថ្ងៃ​បាន​រះ​បំភ្លឺ​ផែន​ដី​ហើយ។ ពេល​នោះ ព្រះ‌យេហូវ៉ា​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រះ‌អង្គ​បាន​បំផ្លាញ​ក្រុង​ទាំង​នោះ ស្រុក​វាល​ទាំង​មូល និង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំងរុក្ខជាតិ​ទាំង​អស់​ដែល​ដុះ​នៅ​លើ​ដី។ រី​ឯ​ប្រពន្ធ​របស់​ឡុត ដែល​នៅ​ក្រោយ​ខ្នង​គាត់ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ហើយ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​បង្គោល​អំបិល​ទៅ។ លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចេញ​ទៅ​កន្លែង​ដែល​លោក​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ លោក​មើល​ឆ្ពោះ​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ស្រុក​វាល​ទាំង​មូល ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។ នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។ ឯ​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជាមួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអារ​ទេ។ ដូច្នេះ គាត់​ក៏​រស់​នៅ​ក្នុង​រូង​ភ្នំ​ជា‌មួយ​កូន​ស្រី​របស់​គាត់​ទាំង​ពីរ។ ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា៖ «ឪពុក​យើង​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​ក្នុង​ស្រុក​នេះ ចូល​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ​ដូច​គេ​ឯង​នៅ​លើ​ផែន​ដី​នេះ​ទេ។ មក៍ យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​ហើយ​យើង​ទៅ​ដេក​ជា‌មួយ​គាត់ ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង»។ ដូច្នេះ គេ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន​នៅ​យប់​នោះ រួច​នាង​បង​ក៏​ចូល​ទៅ​ដេក​ជា‌មួយ​ឪពុក តែ​គាត់​មិន​បាន​ដឹង​ថា​នាង​ចូល​ដេក​ពេល​ណា ឬ​ក្រោក​ពេល​ណា​ឡើយ។ លុះ​ស្អែក​ឡើង នាង​បង​និយាយ​ទៅ​ប្អូន​ថា៖ «មើល៍! យប់​មិញ បង​បាន​ដេក​ជា‌មួយ​លោក​ឪពុក យប់​នេះ ចូរ​យើង​បង្អក​ស្រា​គាត់​ទៀត រួច​ឯង​ចូល​ទៅ​ដេក​ជា‌មួយ​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង»។ ដូច្នេះ គេ​ក៏​បង្អក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត ហើយ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា‌មួយ​ឪពុក តែ​គាត់​ឥត​ដឹង​ថា​នាង​ចូល​ដេក​ពេល​ណា ឬ​ក្រោក​ពេល​ណា​ឡើយ។ ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​ពីរ​ក៏​មាន​ទម្ងន់​ជា‌មួយ​ឪពុក​របស់​ខ្លួន។ នាង​បង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ម៉ូអាប់"។ កូន​នោះ​ជា​ឪពុក​របស់​សាសន៍​ម៉ូអាប់​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។ នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អាំមី" ហើយ​អ្នក​នោះ​ជា​ឪពុក​របស់​សាសន៍​អាំម៉ូន​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។

លោកុប្បត្តិ 19:6-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ឡុត​ចេញ​មក​ជួប​ពួក​គេ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ។ គាត់​ពោល​ថា៖ «បងប្អូន​អើយ សូម​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អី! ខ្ញុំ​សូម​អង្វរ​បងប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បងប្អូន​នៅ​ខាង​ក្រៅ ឲ្យ​បងប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះ‌ពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។ ពួក​គេ​តប​ថា៖ «ថយ​ទៅ!»។ គេ​ពោល​ទៀត​ថា៖ «មើល៍ ជន​បរទេស​ម្នាក់​នេះ​មក​នៅ​ស្រុក​យើង តែ​ឥឡូវ​បែរ​ជា​ចង់​ធ្វើ​ម្ចាស់​ស្រុក​ទៅ​វិញ! ទេ​មិន​បាន​ទេ យើង​នឹង​ធ្វើ​បាប​អ្នក​ឯង​ខ្លាំង​ជាង​ជន​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពួក​គេ​ក៏​ច្រាន​លោក​ឡុត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ចូល​ទៅ បម្រុង​នឹង​ទម្លាយ​ទ្វារ។ ពេល​នោះ ទេវតា​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​លោក​ឡុត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។ បន្ទាប់​មក ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។ ទេវតា​ពោល​ទៅ​លោក​ឡុត​ថា៖ «តើ​មាន​នរណា​ខ្លះ​នៅ​ជា​មួយ​លោក? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី និង​មាន​អ្វី​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ក្នុង​ក្រុង ចូរ​នាំ​ចេញ​ពី​កន្លែង​នេះ​ទៅ ដ្បិត​យើង​នឹង​រំលាយ​ក្រុង​នេះ​ចោល ពី‌ព្រោះ​ពាក្យ​ចោទ​ប្រកាន់​ក្រុង​នេះ​បាន​លាន់​ឮ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​យើង​ឲ្យ​មក​រំលាយ​ក្រុង​នេះ​ចោល»។ លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។ ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។ ប៉ុន្តែ ដោយ​លោក​ឡុត​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ខាង​ក្រៅ​ទីក្រុង ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​គាត់​បាន​រួច​ជីវិត។ ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ទេវតា​ម្នាក់​ពោល​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​ឲ្យ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​ឲ្យ​រួច​អាយុ​ជីវិត»។ លោក​ឡុត​ពោល​ទៅ​ទេវតា​វិញ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ប្របាទ​ផង! សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សម្តែង​សប្បុរស‌ធម៌​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ប្របាទ ដោយ​ទុក​ជីវិត​ខ្ញុំ​ប្របាទ​ឲ្យ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ប្របាទ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​ប្របាទ​មុខ​ជា​ជួប​នឹង​មហន្ត‌រាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។ សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ប្របាទ​ផង មើល៍ មាន​ក្រុង​មួយ​នៅ​ជិត​នេះ​ស្រាប់ ខ្ញុំ​ប្របាទ​អាច​រត់​ទៅ​ជ្រក​កោន​បាន ព្រោះ​ក្រុង​នេះ​តូច​ទេ! សូម​មេត្តា​ឲ្យ​ខ្ញុំ​ប្របាទ​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដ្បិត​ក្រុង​នោះ​ពិត​ជា​តូច​មែន! ខ្ញុំ​ប្របាទ​នឹង​ស្នាក់​នៅ​ទី​នោះ ឲ្យ​បាន​រួច​ជីវិត»។ ទេវតា​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគ‌យល់​ដល់​លោក​ម្ដង​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​លោក​និយាយ​នេះ​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ឲ្យ​ដល់​ក្រុង​នោះ​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​មុន​លោក​ទៅ​ដល់​ឡើយ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «សូអារ» ។ ពេល​លោក​ឡុត​ចូល​ទៅ​ដល់​ក្រុង​សូអារ ព្រះ‌អាទិត្យ​បាន​រះ​បំភ្លឺ​ផែនដី​ហើយ។ ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ស្ពាន់‌ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពី​ព្រះ‌អម្ចាស់ ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា។ ព្រះអង្គ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្ត‌រាយ​អស់។ រីឯ​ភរិយា​របស់​លោក​ឡុត​វិញ គាត់​បាន​ងាក​មើល​ក្រោយ គាត់​ក៏​ក្លាយ​ទៅ​ជា​រូប​ចម្លាក់​អំបិល។ លុះ​ព្រលឹម​ឡើង លោក​អប្រាហាំ​ទៅ​កន្លែង​ដែល​លោក​បាន​នៅ​ជា​មួយ​ព្រះ‌អម្ចាស់។ លោក​សម្លឹង​មើល​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​តំបន់​វាល​រាប​ទាំង​មូល ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ ព្រះអង្គ​បាន​នឹក​គិត​ដល់​លោក​អប្រាហាំ គឺ​ព្រះអង្គ​បាន​ប្រោស​លោក​ឡុត​ឲ្យ​រួច​ផុត​ពី​មហន្ត‌រាយ ក្នុង​ពេល​ព្រះអង្គ​រំលាយ​ក្រុង​ដែល​លោក​ឡុត​រស់​នៅ​នោះ។ លោក​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​នោះ​ទេ។ គាត់​ស្នាក់​នៅ​តាម​រូង​ភ្នំ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ។ ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​នាង​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ​ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង​ក្នុង​លោក​នេះ​ឡើយ។ ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​ឲ្យ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។ នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ នាង​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។ លុះ​ស្អែក​ឡើង នាង​បង​បាន​និយាយ​ទៅ​កាន់​នាង​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្ដង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។ នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឲ្យ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។ ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឡុត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។ នាង​បង​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។ នាង​ពៅ​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​ដែរ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា បេន‌អាំ‌មី ដែល​ជា​ឪពុក​របស់​ជន‌ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។

លោកុប្បត្តិ 19:6-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ឡុត​ចេញ​មក​ឯ​គេ​ដល់​មាត់​ទ្វារ រួច​បិទ​ទ្វារ​ទៅ​វិញ គាត់​អង្វរ​ថា បង​ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ តែ​គេ​កំហែង​ទៅ​ថា ចូរ​ចៀស​ចេញ ហើយ​មាន​ខ្លះ​គេ​និយាយ​ថា អា​១​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទី​នេះ ឥឡូវ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ចៅ‌ក្រម​វិញ អើ បើ​ដូច្នេះ យើង​នឹង​ធ្វើ​ឯង​ឥឡូវ ឲ្យ​អាក្រក់​ជាង​២​នាក់​នោះ​ទៅ​ទៀត​ផង រួច​គេ​ក៏​ប្រជ្រៀត​លើ​ឡុត​ជា​ខ្លាំង ព្រម​ទាំង​រំលោភ​ចូល​ទៅ​ជិត​ចង់​ទំលាយ​ទ្វារ តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។ រួច​ទេវតា​សួរ​ឡុត​ថា តើ​ឯង​មាន​អ្នក​ណា​ទៀត នៅ​ទី​នេះ​ឬ​ទេ ទោះ​បើ​កូន​ប្រសា ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ចូរ​នាំ​ពួក​ឯង​ទាំង​អស់​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ នេះ​គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ចេញ នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។ លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ តែ​គាត់​នៅ​បង្អែ‌បង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់ នឹង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់ កាល​បាន​នាំ​ចេញ​ផុត​ទៅ​ក្រៅ​ហើយ នោះ​ទេវតា​ប្រាប់​ថា ចូរ​រត់​ទៅ​ឲ្យ​បាន​រួច​ជីវិត​ចុះ កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ ក៏​កុំ​ឲ្យ​ឈប់​នៅ​ស្រុក​វាល​ឯ​ណា​នីមួយ​ផង ចូរ​រត់​ទៅ​ឯ​ភ្នំ​វិញ ក្រែង​ឯង​ត្រូវ​វិនាស​ដែរ តែ​ឡុត​ប្រកែក​ថា ទេ លោក​ម្ចាស់​អើយ មើល​ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បំរើ​លោក ហើយ​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការ‌ពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ឯ​ភ្នំ​មិន​បាន​ទេ ក្រែង​សេចក្ដី​អាក្រក់​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ មើល‌ន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា សូអារ។ លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ នឹង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ទ្រង់​ក៏​បំផ្លាញ​ក្រុង​ទាំង​នោះ នឹង​ស្រុក​វាល​ទាំង​មូល ហើយ​អស់​ទាំង​មនុស្ស​នៅ​ទី​ក្រុង​នោះ នឹង​គ្រប់​ទាំង​អស់​ដែល​ដុះ​នៅ​ដី​ផង។ ឯ​ប្រពន្ធ​ឡុត​ក៏​ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ នោះ​ស្រាប់​តែ​ទៅ​ជា​បង្គោល​អំបិល​ទៅ។ ឯ​អ័ប្រា‌ហាំ​គាត់​ក្រោក​ពី​ព្រលឹម​ឡើង នៅ​ឯ​កន្លែង​ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គាត់​មើល​ទៅ​ឯ​ក្រុង​សូដុំម ក្រុង​កូម៉ូរ៉ា នឹង​ស្រុក​វាល​ទាំង​អស់ ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។ ក្នុង​ខណៈ​ដែល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នឹក‌ចាំ​ពី​អ័ប្រា‌ហាំ ក៏​ឲ្យ​ឡុត​ចេញ​រួច​ពី​ការ​ហិន‌វិនាស​នោះ ក្នុង​កាល​ដែល​ទ្រង់​បាន​រំលាយ​ទី​ក្រុង​ទាំង​នោះ​ដែល​ឡុត​បាន​នៅ។ ឯ​ឡុត ព្រម​ទាំង​កូន​ស្រី​ទាំង​២ ក៏​ចេញ​ពី​សូអារ​ឡើង​ទៅ​នៅ​ឯ​ភ្នំ​វិញ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​ទេ គាត់​ក៏​នៅ​ក្នុង​រអាង​ភ្នំ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់​ទាំង​២​ទៅ ចំណែក​នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា ឪពុក​យើង​គាត់​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​គ្រប់​ក្នុង​ស្រុក​នេះ នឹង​ចូល​មក​ឯ​យើង​តាម​បវេណី​ផែនដី​ទេ បើ​ដូច្នេះ ចូរ​យើង​បំផឹក​ស្រា​ឪពុក​យើង ហើយ​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ទៅ ដើម្បី​ឲ្យ​បាន​ត​ពូជ​ឲ្យ​ឪពុក​យើង​វិញ នោះ​គេ​ក៏​បំផឹក​ស្រា​ឪពុក​គេ​នៅ​យប់​នោះ​ឯង រួច​នាង​បង​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ខ្លួន​ទៅ តែ​គាត់​ឥត​មាន​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើង លុះ​ថ្ងៃ​ស្អែក​ទៀត នាង​បង​និយាយ​ទៅ​ប្អូន​ថា មើល យប់​មិញ អញ​បាន​ដេក​ជា​មួយ​នឹង​លោក​ឪពុក យប់​នេះ ចូរ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឲ្យ​ឯង​ចូល​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង គេ​ក៏​បំផឹក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត នោះ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ទៅ តែ​គាត់​ឥត​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើយ ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​២​ក៏​មាន​ទំងន់​នឹង​ឪពុក​ខ្លួន នាង​បង​បង្កើត​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា ម៉ូអាប់ គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​សាសន៍​ម៉ូអាប់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ នាង​ឲ្យ​ឈ្មោះ​ថា បេន-អាំមី គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។