លោកុប្បត្តិ 17:1-7
លោកុប្បត្តិ 17:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ នោះយើងនឹងតាំងសញ្ញាជាមួយអ្នក ហើយនឹងធ្វើឲ្យអ្នកកើនចំនួនច្រើនជាអនេក»។ ពេលនោះ លោកអាប់រ៉ាមក៏ក្រាបផ្កាប់មុខ ហើយព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «មើល៍ យើងបានតាំងសញ្ញាជាមួយអ្នកហើយ អ្នកនឹងធ្វើជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់អ្នកមិនត្រូវហៅថា "អាប់រ៉ាម" ទៀតទេ គឺត្រូវហៅថា "អ័ប្រាហាំ" វិញ ដ្បិតយើងបានតាំងអ្នកឲ្យធ្វើជាឪពុកនៃជាតិសាសន៍ជាច្រើន។ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនលើសលុប យើងនឹងធ្វើឲ្យជាតិសាសន៍ផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
លោកុប្បត្តិ 17:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់យាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើងឲ្យបានល្អឥតខ្ចោះចុះ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។ លោកអាប់រ៉ាមក្រាបចុះឱនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចំណែកយើង យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន គេលែងហៅអ្នកថា“អាប់រ៉ាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនជាអនេក យើងនឹងធ្វើឲ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយនឹងមានស្ដេចជាច្រើនកើតចេញពីអ្នកដែរ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក ហើយជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។
លោកុប្បត្តិ 17:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់អាប់រ៉ាមអាយុបាន៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ នោះអញនឹងតាំងសញ្ញានឹងឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាសន្ធឹកឡើង អាប់រ៉ាមក៏ក្រាបផ្កាប់មុខ រួចព្រះទ្រង់មានបន្ទូលនឹងគាត់ថា ឯអញ មើល អញបានតាំងសេចក្ដីសញ្ញានឹងឯងហើយ ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង នឹងពូជឯងតទៅ