លោកុប្បត្តិ 16:1-4
លោកុប្បត្តិ 16:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ ហើយលោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «មើល៍! ព្រះយេហូវ៉ាបានបង្ខាំងមិនឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមលោកអញ្ជើញចូលទៅឯស្រីបម្រើរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារនាង»។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យរបស់លោកស្រីសារ៉ាយ។ ដូច្នេះ ក្រោយពីលោកអាប់រ៉ាមរស់នៅស្រុកកាណានបានដប់ឆ្នាំ លោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម បានប្រគល់នាងហាការជាសាសន៍អេស៊ីព្ទ ដែលជាបាវបម្រើរបស់ខ្លួន ទៅឲ្យលោកអាប់រ៉ាមជាប្ដី ធ្វើជាប្រពន្ធ។ លោកបានចូលទៅឯនាងហាការ ហើយនាងក៏មានទម្ងន់។ កាលនាងដឹងថាខ្លួនមានទម្ងន់ដូច្នេះ នាងមានចិត្តមើលងាយចៅហ្វាយរបស់ខ្លួន។
លោកុប្បត្តិ 16:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង »។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។ ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។ លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។
លោកុប្បត្តិ 16:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទ បាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ