លោកុប្បត្តិ 1:28-31
លោកុប្បត្តិ 1:28-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងឲ្យគ្រប់ទាំងតិណជាតិដែលមានគ្រាប់ពូជដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលមានផ្លែ ហើយមានគ្រាប់បន្តពូជ ទុកជាអាហារដល់អ្នក។ យើងក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ» នោះក៏កើតមានដូច្នោះមែន។ ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
លោកុប្បត្តិ 1:28-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់បានប្រទានពរឲ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជឲ្យអ្នករាល់គ្នាធ្វើជាអាហារ យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សាបក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គឈ្វេងយល់ថាល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។
លោកុប្បត្តិ 1:28-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ប្រទានពរដល់គេ ហើយមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង ទ្រង់មានបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី នឹងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែ មានគ្រាប់ពូជ ទុកជាអាហារដល់ឯង ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស នឹងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។