លោកុប្បត្តិ 1:26-31

លោកុប្បត្តិ 1:26-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។ ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។ យើង​ក៏​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

លោកុប្បត្តិ 1:26-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស ​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ ដូច​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស‌ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ យើង​ក៏​ឲ្យ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សា‌បក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

លោកុប្បត្តិ 1:26-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង ទ្រង់​មាន​បន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី នឹង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​កើត​ផ្លែ មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង ហើយ​អញ​ក៏​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​លើ​ដី សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ នោះ​ក៏​មាន​ដូច្នោះ រួច​ព្រះ‌ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៦។

លោកុប្បត្តិ 1:26-31

លោកុប្បត្តិ 1:26-31 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ