លោកុប្បត្តិ 1:1-10

លោកុប្បត្តិ 1:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ ផែន‌ដី​គ្មាន​រូប​រាង នៅ​ទទេ មាន​តែ​ភាព​ងងឹត​នៅ​គ្រប​លើ​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ​ក៏​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរឲ្យ​មាន​ពន្លឺ» នោះ​ពន្លឺ​ក៏​មាន​ឡើង ។ ព្រះ‌ទ្រង់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ហើយ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ​ហៅ​ពន្លឺ​ថា "ថ្ងៃ" ហើយ​ហៅ​ភាព​ងងឹត​ថា "យប់" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​មួយ។ បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​លំហ​មួយ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។ ព្រះ​បាន​ធ្វើ​ឲ្យ​មាន​លំហ ហើយ​ញែក​ទឹក​ដែល​នៅ​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​លំហ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​ហៅ​លំហ​នោះ​ថា "មេឃ" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​ពីរ។ បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ក្រោម​មេឃ ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​ឡើង» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​ហៅ​ទី​គោក​នោះ​ថា "ដី" ហើយ​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា "សមុទ្រ" ព្រះ​ក៏​ទត​ឃើញ​ថា​ល្អ។

លោកុប្បត្តិ 1:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ។ នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះអង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង‌មាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​លំហ​ដ៏​រឹង‌មាំ​នោះ ព្រះអង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ហៅ​លំហ​ដ៏​រឹង‌មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

លោកុប្បត្តិ 1:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី។ ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ​ពន្លឺ​ក៏​មាន​ឡើង ព្រះ‌ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ រួច​ព្រះ‌ទ្រង់​ហៅ​ប្រឡោះ​នោះ​ថា​ជា​មេឃ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​២។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ