កាឡាទី 6:1-18

កាឡាទី 6:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។ ដ្បិត​ប្រសិន‌បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ជា​អ្វី​មួយ តែ​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​មើល​កិច្ច‌ការ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បើ​ឃើញ​ថា​ល្អ នោះ​នឹង​មាន​ហេតុ​អួត​ខ្លួន​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ។ ដ្បិត​ម្នាក់ៗ​ត្រូវ​ទទួល​បន្ទុក​របស់​ខ្លួន។ អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។ សូម​កុំយល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នក​ណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង។ អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​បាន​ជា​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ តែ​អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ។ យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។ ដូច្នេះ ពេល​យើង​មាន​ឱកាស យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេសេ ដល់​បង‌ប្អូន​រួម​ជំនឿ។ សូម​មើល​អក្សរ​ធំៗ​ទាំង​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ផ្ញើ​មក​អ្នក​រាល់​គ្នា។ អស់​អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់​ឈាម គេ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក គឺ​ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​ការ​បៀត​បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក ខ្លួន​គេ​ផ្ទាល់​មិន​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ពិធីកាត់​ស្បែក ដើម្បី​ឲ្យ​គេ​បាន​អួត​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា។ ឯ​ខ្ញុំវិញ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ ដែល​ដោយ‌សារ​ឈើ​ឆ្កាង​នោះ លោកីយ៍​បាន​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជាប់​ឆ្កាង​ខាង​ឯ​លោកីយ៍​ដែរ។ ដ្បិត​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ ការ​កើត​ជា​ថ្មី។ សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​គោល​ការណ៍​នេះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​របស់​ព្រះ​ផង បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា។ ពី​ពេល​នេះត​ទៅ សូម​កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម របស់​ព្រះ‌‌យេស៊ូវ ជាប់​ក្នុង​រូប​កាយ​ខ្ញុំ​ហើយ។ បង‌ប្អូន​អើយ សូម​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ស្ថិត​នៅ​ជាប់​ជាមួយ​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់ នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បងប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បងប្អូន​បំពេញ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត*​ទាំង​ស្រុង។ ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។ សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល​ជា​ជីវិត​អស់‌កល្ប​ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។ យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បងប្អូន​រួម​ជំនឿ។ តួ​អក្សរ​ធំៗ​ដែល​បងប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បងប្អូន​ឲ្យ​កាត់​ស្បែក* ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀត‌បៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត​ប៉ុណ្ណោះ។ ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំង​នោះ ខ្លួន​គេ​ផ្ទាល់​ពុំ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​គេ​ចង់​ឲ្យ​បងប្អូន​កាត់​ស្បែក ដើម្បី​ឲ្យ​គេ​អាច​អួត​ខ្លួន​ថា គេ​បាន​កាត់​ស្បែក​ឲ្យ​បងប្អូន។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ អ្វីៗ​ក្នុង​ពិភព​លោក​លែង​មាន​ទាក់‌ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់‌ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ ។ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ ទើប​សំខាន់។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​មេត្តា‌ករុណា​ដល់​អស់​អ្នក​ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ និង​ដល់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​របស់​ព្រះអង្គ។ អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក‌ស្នាម របស់​ព្រះ‌យេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។ បងប្អូន​អើយ សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន។ អាម៉ែន។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ​នៃ​ព្រះ‌គ្រីស្ទ ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។ អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ‌វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្ដី​បៀត‌បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ ដ្បិត​ពួក​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក​នោះ គេ​មិន​ទាំង​កាន់​តាម​ក្រិត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កាត់​ស្បែក​វិញ ដើម្បី​ឲ្យ​គេ​បាន​អួត​ខ្លួន ខាង​ឯ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយ‌សារ​ទ្រង់ នោះ​លោកីយ​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ​ដែរ ដ្បិត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ ដែល​ហៅ​ថា​មាន​ប្រយោជន៍ នោះ​មាន​តែ​កើត​ជា​ថ្មី​វិញ​ប៉ុណ្ណោះ សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​មាត្រា​នេះ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​មេត្តា‌ករុណា​ចុះ ព្រម​ទាំង​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​ផង។ អំពី​នេះ​ទៅ​មុខ កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា​របស់​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ខ្លួន​ខ្ញុំ​ហើយ បង​ប្អូន​អើយ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:1-18

កាឡាទី 6:1-18 គខបកាឡាទី 6:1-18 គខប