អែសរ៉ា 5:1-17

អែសរ៉ា 5:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ហោរា​ហាកាយ និង​ហោរា​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង​ទំនាយ​ក្នុង​ព្រះ‌នាម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទៅ​កាន់​ពួក​យូដា​ដែល​នៅ​ស្រុក​យូដា និងនៅ​ក្រុង​យេរូ‌សាឡិម។ គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដោយ​មាន​ពួក​ហោរា​របស់​ព្រះ​រួម​ជាមួយ ជួយ​គាំ​ទ្រ​ផង។ នៅ​គ្រា​ដដែល​នោះ ថា‌ថ្នាយ ជា​ចៅ​ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​សហ‌ការី បាន​មក​ជួប​ពួក​សាសន៍​យូដា ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យអ្នក​រាល់​គ្នាសង់ដំណាក់​នេះ ហើយ​បង្ហើយ​កំផែង​នេះ?» អ្នក​ទាំង​នោះ ក៏​សួរ​ដូច្នេះ​ទៀត​ថា៖ «តើ​មនុស្ស​ដែល​កំពុង​ធ្វើ​ការ​សាង​សង់​នេះ មាន​ឈ្មោះ​អ្វី​ខ្លះ?» ប៉ុន្តែ ព្រះ‌នេត្រ​របស់​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់​ទុំ​សាសន៍​យូដា ហើយ​ពួក​លោក​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ ចាំ​ទាល់​តែ​គេ​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្វាយ​ព្រះ‌បាទ​ដារី‌យុស ហើយ​មាន​រាជ​សារ​ឆ្លើយ​តប​មក​កាត់​សេចក្ដី។ នេះ​ជា​សំណៅ​សំបុត្រ​ដែល​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសាភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខេត្ត​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ព្រះ‌បាទ​ដារីយុស។ ក្នុង​សំបុត្រ​ដែល​គេ​ផ្ញើ​ទៅ​ស្តេច មាន​សរសេរ​ដូច្នេះ​ថា៖ «សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដារី‌យុស សូម​ព្រះករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន! សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ខេត្ត​យូដា ទៅ​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ​ដ៏​ធំ។ ពួក​គេ​យក​ថ្ម​ធំៗមក​សង់​ព្រះ​ដំណាក់​នោះ ហើយ​គេ​បាន​ដាក់​ធ្នឹម​ក្នុង​ជញ្ជាំង​រួច​ហើយ។ គេ​ធ្វើ​កិច្ច‌ការ​នោះ​យ៉ាង​ស្វាហាប់ ហើយ​ចម្រើន​ឡើង​ដោយ‌សារ​ដៃ​របស់​គេ។ ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់​ទុំ​របស់​គេ​ថា "តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌វិហារ​នេះ ហើយ​បង្ហើយ​កំផែង​នេះ?" យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ​ដែរ ដើម្បី​កត់​ឈ្មោះ​ពួក​មេ​ដឹក​នាំ​របស់​គេ យក​មក​ថ្វាយ​ព្រះ​ករុណា។ ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា "ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ផែន‌ដី ហើយ​ពួក​យើង​កំពុង​តែ​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺជា​ព្រះ​ដំណាក់​ដែល​ស្តេចដ៏​ធំមួយ​អង្គ​នៃ​សាសន៍​អ៊ីស្រា‌អែល បានសង់​រួច​ជា​ស្រេច តាំង​ពី​យូរ​ឆ្នាំ​កន្លង​មក​ហើយ។ ប៉ុន្ដែ ដោយព្រោះ​បុព្វ‌បុរស​របស់​ពួក​យើង​បាន​បណ្ដាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន ជា​សាសន៍​ខាល់ដេ ស្តេច​អង្គ​នោះ​បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជា‌ជន​ទៅ​ស្រុក​បាប៊ី‌ឡូន។ ក៏​ប៉ុន្ដែ នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌បាទ​ស៊ីរូស​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​ឡើង​វិញ។ ឯ​គ្រឿង​ប្រដាប់​មាស និង​ប្រាក់​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន នោះព្រះ​បាទ​ស៊ីរូស​បាន​យក​គ្រឿង​ប្រដាប់​ទាំង​នោះ ចេញ​ពី​ព្រះ‌វិហារ​ក្រុង​បាប៊ីឡូន ប្រគល់​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ស្ដេច​បាន​តែង​តាំង​ជា​ចៅ‌ហ្វាយ​ខេត្ត។ ស្ដេច​បាន​បង្គាប់​លោក​ថា "ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ"។ ដូច្នេះ សេស‌បាសារ​នេះ​ក៏​បាន​មក​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ចាប់​តាំង​ពី​ពេល​នោះ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់​នោះ តែ​មិន​ទាន់​បាន​ហើយ​នៅ​ឡើយ"។ ដូច្នេះ ប្រសិន‌បើ​ព្រះ‌ករុណា​យល់​ឃើញ​ថាជា​ការ​គួរ សូម​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះ‌បាទ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម​មែន ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​មក​យើង​ខ្ញុំ​អំពី​រឿង​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ»។

ចែក​រំលែក
អាន អែសរ៉ា 5

អែសរ៉ា 5:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្យាការី​ហាកាយ និង​ព្យាការី​សាកា‌រី ជា​កូន​របស់​លោក​អ៊ីដោ បាន​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទៅ​ថ្លែង​ប្រាប់​ជន‌ជាតិ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា។ គ្រា​នោះ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ ដោយ​មាន​ព្យាការី​របស់​ព្រះ‌ជាម្ចាស់​ជួយ​គាំទ្រ​ផង។ គ្រា​ដដែល​នោះ លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថារ-‌បូសណាយ ព្រម​ទាំង​សហការី នាំ​គ្នា​មក​ជួប​ជន‌ជាតិ​យូដា ហើយ​សួរ​ថា៖ «តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ។ ចូរ​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​សង់​នេះ​ឲ្យ​យើង​មក!»។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​តាម​ការពារ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា។ ក្នុង​ពេល​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ថ្វាយ​ព្រះចៅ​ដារី‌យូស ហើយ​រង់‌ចាំ​ចម្លើយ​វិញ​នោះ គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ។ សារ​ដែល​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល និង​លោក​សេថារ-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត ផ្ញើ​ថ្វាយ​ព្រះចៅ​ដារី‌យូស មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ថ្វាយ​ចំពោះ​ព្រះចៅ​ដារី‌យូស សូម​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន! សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ព្រះ‌ដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់ ហើយ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។ យើង​ខ្ញុំ​បាន​សួរ​ពួក​ព្រឹទ្ធា‌ចារ្យ​ថា “តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ?”។ យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​ពួក​គេ​ដែរ ដើម្បី​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ដឹក​នាំ​កិច្ចការ​នោះ យក​មក​ថ្វាយ​ព្រះ‌ករុណា។ ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ* និង​ផែនដី ពួក​យើង​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះ‌ដំណាក់​ដែល​ស្ដេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សង់ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។ ប៉ុន្តែ ដូនតា​របស់​ពួក​យើង​បាន​ធ្វើ​ឲ្យ​ព្រះ​នៃ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌ពិរោធ ហើយ​ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ជន‌ជាតិ​ខាល់ដេ និង​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជា‌ជន​ទៅ​ស្រុក​បាប៊ី‌ឡូន។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​បាន​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ។ កាល​ពី​មុន​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន។ ក្រោយ​មក ព្រះចៅ​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ​ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន ប្រគល់​ឲ្យ​លោក​សេស‌បាសារ ដែល​ស្ដេច​បាន​តែង‌តាំង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា។ ស្ដេច​ក៏​បាន​បង្គាប់​ឲ្យ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ ដូច្នេះ លោក​សេស‌បាសារ​បាន​មក​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់ តែ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ”។ ឥឡូវ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ សូម​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ​របស់​រាជ‌ទ្រព្យ​នៃ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះចៅ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​មែន​ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។

ចែក​រំលែក
អាន អែសរ៉ា 5

អែសរ៉ា 5:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ហោរា​ហាកាយ នឹង​ហោរា​សាការី ជា​កូន​អ៊ីដោ ក៏​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដល់​ពួក​យូដា​ដែល​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ក៏​មាន​ពួក​ហោរា​នៃ​ព្រះ​ជួយ​គ្នា​ដែរ ហើយ​នៅ​វេលា​នោះ​ឯង ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ​នោះ ព្រម​ទាំង​សេថារ-បូស‌ណាយ នឹង​ពួក​គូ‌កន​លោក​ក៏​មក​សួរ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ស្អាង​វិហារ​នេះ ហើយ​ធ្វើ​កំផែង​នេះ​ឡើង លោក​ក៏​សួរ​ដូច្នេះ​ទៀត​ថា មនុស្ស​ដែល​ធ្វើ​ការ​នេះ តើ​មាន​ឈ្មោះ​អ្វី​ខ្លះ ប៉ុន្តែព្រះ‌នេត្រ​នៃ​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់‌ទុំ​សាសន៍​យូដា ហើយ​លោក​ចៅហ្វាយ​មិន​បាន​បញ្ឈប់​ការ​ដែល​កំពុង​តែ​ធ្វើ​នោះ​ទេ ចាំ​ទំរាំ​បញ្ជូន​រឿង​នោះ ទៅ​ដល់​ដារី‌យុស ហើយ​មាន​ព្រះ‌រាជ​សាសន៍​តប​មក​កាត់​សេចក្ដី។ នេះ​ជា​សំណៅ​នៃ​សំបុត្រ ដែល​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​លោក នៅ​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ស្តេច​ដារី‌យុស ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅ​ស្តេច​នោះ​មាន​សេចក្ដី​ដូច្នេះ​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ចូល​មក​ដល់​ព្រះ‌ករុណា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​សេចក្ដី​សុខ​ចំរើន សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់‌ទុំ​របស់​គេ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ ហើយ​នឹង​ធ្វើ​កំផែង​នេះ​ឡើង យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ ដើម្បី​នឹង​កត់​ឈ្មោះ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ជា​មេ​របស់​គេ ផ្ញើ​មក​ថ្វាយ​ទ្រង់​ឲ្យ​បាន​ជ្រាប គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា យើង​ខ្ញុំ​ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ហើយ​យើង​ខ្ញុំ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ ជា​វិហារ​ដែល​ស្តេច​ធំ នៃ​សាសន៍​អ៊ីស្រាអែល​១​អង្គ បាន​ស្អាង​រួច​ជា​ស្រេច ជា​យូរ​មក​ម្តង​ហើយ តែ​នៅ​គ្រា​ដែល​ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បណ្តាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្ដី​ក្រោធ នោះ​ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​សាសន៍​ខាល់ដេ​ទៅ ស្តេច​នោះ​បាន​បំផ្លាញ​ព្រះ‌វិហារ​នេះ​ទៅ ក៏​ដឹក‌នាំ​ពួក​បណ្តាជន​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន តែ​នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​ស៊ីរូស ជា​ស្តេច​បាប៊ីឡូន នោះ​ស្តេច​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ ហើយ​គ្រឿង​ប្រដាប់​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន របស់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម នាំ​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ នៅ​ក្រុង​បាប៊ីឡូន នោះ​ស្តេច​ស៊ីរូស​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នោះ ប្រគល់​ទាំង​អស់​ដល់​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ទ្រង់​បាន​តាំង​ឡើង​ជា​ចៅហ្វាយ​ខេត្ត ទ្រង់​បង្គាប់​ដល់​លោក​ថា ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ដដែល​នោះ​ឡើង​វិញ ដូច្នេះ សេស‌បាសារ​ក៏​ទៅ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​ធ្លាប់​មាន​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ចាប់​តាំង​ពី​វេលា​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​ចេះ​តែ​ធ្វើ​ការ​ស្អាង​ព្រះ‌វិហារ​នោះ​ឡើង តែ​មិន​ទាន់​បាន​ហើយ​នៅ​ឡើយ ដូច្នេះ បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា​គួរ​ដែរ នោះ​សូម​ឲ្យ​គេ​ពិនិត្យ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ក្រុង​បាប៊ីឡូន​នេះ ឲ្យ​បាន​ដឹង​ពិត​ជា​ស្តេច​ស៊ីរូស​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ឲ្យ​ស្អាង​ព្រះ‌វិហារ​នោះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ឬ​មិន​មែន រួច​សូម​ទ្រង់​ព្រះ‌ករុណា​ផ្ញើ​ទៅ​បង្គាប់​ដល់​យើង​ខ្ញុំ ឲ្យ​ដឹង​ពី​ដំណើរ​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ។

ចែក​រំលែក
អាន អែសរ៉ា 5