អេសេគាល 47:1-12

អេសេគាល 47:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឃើញ​មាន​ទឹក​ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​កើត ដ្បិត​មុខ​ព្រះ‌វិហារ​បែរ​ទៅ​ទិស​ខាង​កើត ហើយ​ទឹក​នោះ​ហូរ​មក​ពី​ខាង​ក្រោម ពី​ខាង​ស្តាំ​នៃ​ព្រះ‌វិហារ គឺ​ពី​ខាង​ត្បូង​អាស‌នា។ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំ។ លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​មួយ​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ។ លោក​ក៏​វាស់​មួយ​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​ដល់​ត្រឹម​ចង្កេះ។ ក្រោយ​មក លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។ លោក​សួរ​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ?»។ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន​ទាំង​សង​ខាង។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល ហើយ​ហូរ​ធ្លាក់​ទៅ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ។ កន្លែង​ណា​ដែល​ទន្លេ​នោះ​ហូរ ទៅ សត្វ​ទាំង​អស់​មាន​ជីវិត​រវើករវ័ណ្ឌ និង​មាន​ជីវិត​រស់ ក៏​មាន​ត្រី​ច្រើន​សន្ធឹក ដោយ​ព្រោះ​ទឹក​នេះ​ហូរ​ទៅ​ដល់​ទី​នោះ ហើយ​ទឹក​សមុទ្រ​នឹង​បែ្រ​ជា​ទឹក​សាប ឯ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​អ្វី​ៗ​ទាំង​អស់​នឹង​មាន​ជីវិត​រស់។ ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​សមុទ្រ​នោះ ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សម្រាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ តែ​ទី​ល្បាប់ និង​បឹង​នៅ​ទី​នោះ នឹង​មិន​បាន​សាប​ល្អ​វិញ​ទេ កន្លែង​ទាំង​នោះ​នឹង​បាន​ទុក​សម្រាប់​ធ្វើ​អំបិល​វិញ ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សម្រាប់​ជា​អាហារ ជា​ដើម​ដែល​ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ គឺ​នឹង​កើត​ផ្លែ​ថ្មី​រាល់​តែ​ខែ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សម្រាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សម្រាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ»។

ចែក​រំលែក
អាន អេសេគាល 47

អេសេគាល 47:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បុរស​នោះ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ព្រះ‌ដំណាក់​វិញ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ទឹក​ផុស​ចេញ​ពី​ក្រោម​មាត់​ទ្វារ ហូរ​ទៅ​ទិស​ខាង​កើត ព្រោះ​ព្រះ‌ដំណាក់​បែរ​មុខ​ទៅ​ខាង​កើត។ ទឹក​ហូរ​ចុះ​ទៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ កាត់​តាម​ខាង​ត្បូង​អាសនៈ។ បុរស​នោះ​នាំ​ខ្ញុំ​ចេញ​ពី​ទី‌លាន​តាម​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ដើរ​វាង​ព្រះ‌ដំណាក់ រហូត​ដល់​ខាង​ក្រៅ​ទ្វារ​ខាង​កើត។ នៅ​ទី​នោះ ទឹក​ក៏​ហូរ​ចេញ​ពី​ខាង​ស្ដាំ​មក​ដែរ។ កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។ លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក​ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​ទឹក លើក​នេះ​ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។ លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក​ហើយ​ជ្រៅ​ផង។ លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។ កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។ លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។ ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។ ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។ រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សម្រាប់​ធ្វើ​អំបិល។ នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទីសក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។

ចែក​រំលែក
អាន អេសេគាល 47

អេសេគាល 47:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​លោក​នាំ​ខ្ញុំ វិល​ទៅ​ឯ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ នោះ​ឃើញ​មាន​ទឹក ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​កើត ដ្បិត​មុខ​ព្រះ‌វិហារ​បែរ​ទៅ​ទិស​ខាង​កើត ហើយ​ទឹក​នោះ​ហូរ​មក​ពី​ខាង​ក្រោម ពី​ខាង​ស្តាំ​នៃ​ព្រះ‌វិហារ គឺ​ពី​ខាង​ត្បូង​អាសនា រួច​លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត នោះ​ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំ លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​១​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ នោះ​លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ លោក​ក៏​វាស់​១​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​១​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​បាន​ដល់​ត្រឹម​ចង្កេះ ក្រោយ​នោះលោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។ នោះ​លោក​សួរ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ នោះ​ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន ទាំង​ខាង​នេះ នឹង​ខាង​នោះ​ផង លោក​ក៏​ប្រាប់​ខ្ញុំ​ថា ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត​ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល រួច​នឹង​ហូរ​ធ្លាក់​ទៅ​ឯ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ នោះ​ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ ហើយ​គ្រប់​ទាំង​សត្វ​មាន​ជីវិត ដែល​រវើក​នៅ​គ្រប់​កន្លែង​ណា​ដែល​ទន្លេ​នោះ​ហូរ នឹង​បាន​រស់​នៅ ក៏​នឹង​មាន​ត្រី​យ៉ាង​សន្ធឹក ដោយ​ព្រោះ​ទឹក​ទាំង​នេះ​បាន​ហូរ​ទៅ​ដល់​ទី​នោះ ហើយ​ទឹក​សមុទ្រ​នោះ​នឹង​បាន​ល្អ ឯ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់​ទាំង​អស់​នឹង​រស់​នៅ ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​ទឹក​នោះ ចាប់​តាំង​ពី​អេន-កេឌី រហូត​ដល់​អេន-អេក‌លែម ទី​នោះ​នឹង​បាន​ជា​ទី​សំរាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ តែ​ទី​ល្បាប់ នឹង​បឹង​នៅ​ទី​នោះ នឹង​មិន​បាន​សាប​ល្អ​វិញ​ទេ កន្លែង​ទាំង​នោះ​នឹង​បាន​ទុក​សំរាប់​ធ្វើ​អំបិល​វិញ ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សំរាប់​ជា​អាហារ ជា​ដើម​ដែល​ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ គឺ​នឹង​កើត​ផ្លែ​ថ្មី​រាល់​តែ​ខែ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សំរាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សំរាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ។

ចែក​រំលែក
អាន អេសេគាល 47