អេសេគាល 38:4-23
អេសេគាល 38:4-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងធ្វើឲ្យអ្នកបែរមក យើងនឹងដាក់តម្ពក់នៅថ្គាមអ្នក ហើយនាំអ្នកចេញមក ព្រមទាំងពលទ័ពអ្នកទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នា។ មានសាសន៍ពើស៊ី សាសន៍អេធីយ៉ូពី និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក ហើយមានទាំងសាសន៍កូមើរ និងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត និងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយអ្នកផង។ ចូរឲ្យអ្នកបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងអ្នក និងបណ្ដាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯអ្នក ហើយឲ្យអ្នកធ្វើជាមេទ័ពដល់គេចុះ ក្រោយយូរថ្ងៃទៅ នោះអ្នកនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះអ្នកនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ គេនឹងរស់នៅដោយសុខសាន្តទាំងអស់គ្នា។ អ្នកនឹងឡើងមក គឺមកដូចជាខ្យល់ព្យុះ ហើយអ្នក និងពួកកកកុញទាំងប៉ុន្មានរបស់អ្នក ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តអ្នក ហើយអ្នកនឹងបង្កើតកិច្ចកលអាក្រក់ អ្នកនឹងថា យើងនឹងឡើងទៅស្រុកដែលនៅចំហ យើងនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ ដើម្បីនឹងចាប់យកជ័យភណ្ឌ និងរំពា ហើយត្រឡប់ទៅទាស់នឹងកន្លែងបាក់បែក ដែលមានមនុស្សរស់នៅឡើងវិញ ហើយទាស់នឹងបណ្ដាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចម្រើនបានហ្វូងសត្វ និងទ្រព្យសម្បត្តិ ក៏នៅចំកណ្ដាលផែនដី។ ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងពួកមេដឹកនាំ ទាំងប៉ុន្មានរបស់គេ នឹងសួរមកអ្នកថា "តើលោកមកចាប់យកជ័យភណ្ឌឬ? តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ? តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ ទ្រព្យសម្បត្តិ និងយកជ័យភណ្ឌយ៉ាងច្រើនឬ?"។ ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ហើយប្រាប់សាសន៍កុកថា៖ «ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង បាននៅដោយសុខសាន្ត នោះតើអ្នកមិនបានដឹងទេឬ? អ្នកនឹងចេញពីកន្លែងរបស់អ្នក គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយអ្នកផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា។ អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ្នកឬ ដែលយើងបាននិយាយកាលពីដើម តាមរយៈពួកអ្នកបម្រើរបស់យើង គឺពួកហោរានៃសាសន៍អ៊ីស្រាអែល នៅគ្រានោះដែលបានទាយជាយូរឆ្នាំមក ដោយថា យើងនឹងនាំអ្នកមកទាស់នឹងគេនោះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ កាលណាសាសន៍កុកមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់យើងនឹងឆួលឡើងនៅច្រមុះយើង ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់យើង និងភ្លើងនៃសេចក្ដីក្រោធរបស់យើង ដែលយើងបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល បានជាទាំងត្រីសមុទ្រ និងសត្វហើរលើអាកាស សត្វព្រៃ និងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះយើង ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចម្រេះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងហៅឲ្យមានដាវមកទាស់នឹងស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង នោះដាវរបស់មនុស្សទាំងឡាយ នឹងកាប់សម្លាប់គ្នាឯង។ យើងនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម យើងនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើនដែលមកជាមួយផង។ យើងនឹងតម្កើងខ្លួនយើង ហើយតាំងខ្លួនយើងជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់យើងនៅនឹងមុខ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
អេសេគាល 38:4-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។ សាសន៍ពែរ្ស អេត្យូពី និងពូថដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។ សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។ ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។ នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រាអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រាអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។ អ្នកនឹងឡើងទៅវាយលុកស្រុកនោះដូចខ្យល់ព្យុះសង្ឃរា អ្នក និងកងពលទាំងមូលរបស់អ្នក ព្រមទាំងជាតិសាសន៍ជាច្រើនដែលនៅជាមួយអ្នក នឹងប្រៀបបីដូចជាពពកគ្របបាំងពីលើស្រុក»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅគ្រានោះ អ្នកនឹងមានចិត្តអួតបំប៉ោង ហើយរៀបចំផែនការអាក្រក់។ អ្នកពោលថា “ខ្ញុំនឹងឡើងទៅវាយយកស្រុកដែលគ្មាននរណាការពារ ខ្ញុំនឹងវាយប្រហារអ្នកស្រុកដែលរស់នៅដោយឥតភ័យបារម្ភ ហើយក្រុងរបស់គេគ្មានកំពែង គ្មានទ្វារ ឬរនុកឡើយ។ ខ្ញុំនឹងរឹបអូសយកជយភណ្ឌរបស់ពួកគេ ខ្ញុំនឹងចាប់យកស្រុកដែលពីមុនជាគំនរបាក់បែក តែឥឡូវនេះ មានប្រជាជនរស់នៅ គឺប្រជាជនដែលចាកចេញពីចំណោមប្រជាជាតិនានា ពួកគេមានហ្វូងសត្វ និងទ្រព្យសម្បត្តិ ហើយរស់នៅចំកណ្ដាលផែនដី”។ ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើព្រះរាជាយាងមកចាប់យកជយភណ្ឌឬ? តើព្រះរាជាលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភណ្ឌដ៏ច្រើនឬ?”»។ កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់ស្ដេចកុកដូចតទៅ៖ «ព្រះជាអម្ចាស់មានព្រះបន្ទូលថា: នៅថ្ងៃដែលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង កំពុងរស់នៅយ៉ាងសុខសាន្តនោះ អ្នកក៏បានទទួលដំណឹង ហើយចាកចេញពីស្រុករបស់ខ្លួន ដែលស្ថិតនៅទីដាច់ស្រយាលនាទិសខាងជើង អ្នកនឹងនាំកងទ័ពដ៏ច្រើនឥតគណនាជិះសេះមក ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។ ក៏ប៉ុន្តែ នៅថ្ងៃនោះ គឺថ្ងៃដែលកុកមកវាយលុកទឹកដីអ៊ីស្រាអែល យើងក្ដៅចិត្តជាខ្លាំង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ដោយចិត្តប្រច័ណ្ឌ និងដោយចិត្តឆេះឆួលយើងក៏ប្រកាសថា នៅថ្ងៃនោះមុខជាមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅស្រុកអ៊ីស្រាអែល។ ត្រីនៅក្នុងសមុទ្រ បក្សាបក្សីដែលហើរនៅលើមេឃ សត្វព្រៃ សត្វលូនវារ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងភ័យញាប់ញ័រនៅចំពោះមុខយើង។ ភ្នំទាំងឡាយនឹងត្រូវរលាយ រីឯផ្ទាំងថ្ម ព្រមទាំងកំពែងទាំងប៉ុន្មានក៏នឹងត្រូវរលំដែរ។ យើងនឹងធ្វើឲ្យមានការកាប់សម្លាប់គ្នា ក្នុងជួរទ័ពរបស់ស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពេលនោះ ម្នាក់ៗនឹងលើកដាវកាប់បងប្អូនរបស់ខ្លួន។ យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។ យើងនឹងសម្តែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាព្រះដ៏ឧត្ដុង្គឧត្ដម និងជាព្រះដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 38:4-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងធ្វើឲ្យឯងបែរមក អញនឹងដាក់ទំពក់នៅថ្គាមឯង ហើយនឹងនាំឯងចេញមក ព្រមទាំងពលទ័ពឯងទាំងប៉ុន្មាន ទាំងសេះ នឹងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នាផង មានសាសន៍ពើស៊ី សាសន៍គូស នឹងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក ហើយមានទាំងសាសន៍កូមើរ នឹងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត នឹងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយនឹងឯងផង។ ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯងនឹងបណ្តាកងទ័ពទាំងប៉ុន្មាន ដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ នោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នា ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ ហើយឯង នឹងពួកកកកុញទាំងប៉ុន្មានរបស់ឯង ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តឯង ហើយឯងនឹងបង្កើតកិច្ចកលអាក្រក់ ឯងនឹងថា អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ ដើម្បីនឹងចាប់យករបឹបនឹងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វ នឹងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ នឹងមាស ហើយនាំយកហ្វូងសត្វ នឹងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។ ដូច្នេះ កូនមនុស្សអើយ ចូរទាយចុះ ហើយប្រាប់កុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជារាស្ត្រអញ បាននៅដោយសុខសាន្ត នោះតើឯងមិនបានដឹងទេឬ ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា ឯងនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជារាស្ត្រអញ ដូចជាពពកដែលគ្របស្រុក គឺនៅជាន់ក្រោយបង្អស់ អញនឹងនាំឯងមកទាស់នឹងស្រុកអញ ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់អញ ឱកុកអើយ គឺក្នុងកាលដែលអញបានតាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា តើឯងឬអី ដែលអញបាននិយាយកាលពីដើម ដោយសារពួកអ្នកបំរើអញ គឺជាពួកហោរានៃសាសន៍អ៊ីស្រាអែលនៅជាន់នោះ ដែលបានទាយ ជាយូរឆ្នាំមក ដោយថា អញនឹងនាំឯងមកទាស់នឹងគេនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ កាលណាកុកបានមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់អញនឹងឆួលឡើងនៅច្រមុះអញ ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ នឹងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល ដល់ម៉្លេះបានជាទាំងត្រីសមុទ្រ នឹងសត្វហើរលើអាកាស សត្វព្រៃ នឹងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះអញ ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចំរែះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងហៅដល់អស់ទាំងភ្នំរបស់អញឲ្យមានដាវមកទាស់នឹងវា នោះដាវរបស់មនុស្សទាំងឡាយ នឹងបានទាស់នឹងបងប្អូនខ្លួន អញនឹងសំរេចទោសដល់វា ដោយអាសន្នរោគ នឹងឈាម អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រិលយ៉ាងធំ នឹងភ្លើង ហើយស្ពាន់ធ័រមកលើវា នឹងពួកកកកុញរបស់វា ហើយលើបណ្តាសាសន៍ជាច្រើន ដែលមកជាមួយផង អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។