អេសេគាល 34:1-31

អេសេគាល 34:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា ពួក​គង្វាល​តែង​តែ​មើល​ថែ‌រក្សា​ហ្វូង​ចៀម រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​បាន​មើល​ថែ​ទាំ​ហ្វូង​ចៀម​ទេ អ្នក​រាល់​គ្នា​គិត​តែ​ពី​យក​ទឹក​ដោះ​មក​ផឹក កាត់​រោម​ចៀម​មក​ធ្វើ​ជា​សម្លៀក‌បំពាក់ ហើយ​សម្លាប់​ចៀម​ធាត់ៗ​ធ្វើ​ជា​អាហារ។ អ្នក​រាល់​គ្នា​ពុំ​បាន​ជួយ​ចៀម​ដែល​ខ្សោយ​ឲ្យ​មាន​កម្លាំង អ្នក​រាល់​គ្នា​ពុំ​បាន​ព្យាបាល​ចៀម​ឈឺ ឬ​រុំ​របួស​ឲ្យ​ចៀម​របួស​ទេ។ អ្នក​រាល់​គ្នា​ពុំ​បាន​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ក៏​មិន​ដើរ​រក​ចៀម​ដែល​បាត់​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ប្រើ​អំណាច​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ចៀម​ទាំង​នោះ​ត្រូវ​ខ្ចាត់‌ខ្ចាយ រត់​បែក‌ខ្ញែក​គ្នា ហើយ​ត្រូវ​សត្វ​សាហាវ​ដេញ​ចាប់​ស៊ី ព្រោះ​គ្មាន​នរណា​ឃ្វាល។ ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក តែ​គ្មាន​នរណា​រវី‌រវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។ ហេតុ​នេះ អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ហ្វូង​ចៀម​របស់​យើង​ត្រូវ​គេ​លួច​ប្លន់ ត្រូវ​សត្វ​ព្រៃ​ចាប់​ស៊ី ព្រោះ​តែ​គ្មាន​នរណា​ឃ្វាល រីឯ​ពួក​អ្នក​ដែល​យើង​ប្រើ​ឲ្យ​ឃ្វាល មិន​រវី‌រវល់​ដើរ​រក​ហ្វូង​ចៀម​របស់​យើង​ទេ គឺ​ពួក​គេ​គិត​តែ​ពី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឥត​គិត​ឃ្វាល​ហ្វូង​ចៀម​ឡើយ»។ ហេតុ​នេះ អ្នក​ដឹក​នាំ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​ឲ្យ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​ឲ្យ​គេ​ស៊ី​ដូច​មុន​ទៀត»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​យើង​ផ្ទាល់។ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែក‌ខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អ័ព្ទ។ យើង​នឹង​នាំ​ប្រជា‌ជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។ យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល។ នៅ​ទី​នោះ​ពួក​គេ​នឹង​សម្រាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​ឲ្យ​វា​សម្រាក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។ ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​ឲ្យ​ល្អក់​ដូច្នេះ? ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ល្អក់!»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ និង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់! អ្នក​រាល់​គ្នា​យក​ស្មា និង​យក​ខ្លួន​ទៅ​បុក​ចៀម​ដែល​ខ្សោយ ហើយ​យក​ស្នែង​វ័ធ​ដេញ​ពួក​គេ​ចេញ​ទៅ​បាត់​អស់។ យើង​នឹង​សង្គ្រោះ​ចៀម​របស់​យើង ដើម្បី​កុំ​ឲ្យ​គេ​លួច​ប្លន់​ទៀត ហើយ​យើង​វិនិច្ឆ័យ​រវាង​ចៀម និង​ចៀម។ យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​ជា​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។ រីឯ​យើង​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ព្រះ‌អម្ចាស់។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កម្ចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។ យើង​នឹង​ឲ្យ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។ ដើម​ឈើ​នៅ​តាម​ចម្ការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្ដល់​ភោគ‌ផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខ‌សាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។ ប្រជា‌ជាតិ​នានា​នឹង​លែង​បំផ្លិច‌បំផ្លាញ​ពួក​គេ​ទៀត​ហើយ សត្វ​ព្រៃ​ក៏​នឹង​លែង​ហែក​ពួក​គេ​ស៊ី​ទៀត​ដែរ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នៅ​ក្នុង​ស្រុក ឥត​មាន​នរណា​បំភ័យ​ពួក​គេ​ឡើយ។ យើង​នឹង​ប្រគល់​ចម្ការ​ដែល​មាន​ជីជាតិ​ល្អ​បំផុត​ឲ្យ​ពួក​គេ ពួក​គេ​នឹង​លែង​ជួប​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក ហើយ​ក៏​លែង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា​ទៀត​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ហើយ​ពួក​គេ​គឺ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែ‌រក្សា ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 34

អេសេគាល 34:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំនាយ​ទាស់​នឹង​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ត្រូវ​ថ្លែង​ទំនាយ​ប្រាប់​គេ គឺ​ពួក​គង្វាល​នោះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​អ្នក តើ​មិន​ត្រូវ​ឲ្យ​ពួក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​ទេ​ឬ? អ្នក​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា ក៏​សម្លាប់​សត្វ​បំប៉ន​ដែរ តែ​មិន​ឃ្វាល​ហ្វូង​ចៀម​ទេ។ អ្នក​រាល់​គ្នា​មិន​បាន​ចម្រើន​កម្លាំង ដល់​សត្វ​ណា​ដែល​អន់​កម្លាំង ហើយ​សត្វ​ណា​ដែល​ឈឺ មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង អ្នក​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កម្ចាត់‌កម្ចាយ អ្នក​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង ក៏​មិន​បាន​ស្វែង​រក​ដែរ។ អ្នក​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កម្លាំង ហើយ​តឹង‌រ៉ឹង​វិញ។ ដូច្នេះ វា​ត្រូវ​កម្ចាត់‌កម្ចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​គង្វាល វា​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។ ហ្វូង​ចៀម​របស់​យើង​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។ ហេតុ​នោះ ពួក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ពិត​ប្រាកដ​ជា​ហ្វូង​ចៀម​យើង​ក្លាយ​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​គង្វាល ហើយ​ដោយ​ព្រោះ​គង្វាល​ទាំង​ប៉ុន្មាន​របស់​យើង មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​យើង គឺ​បាន​ឃ្វាល​តែ​ខ្លួនឯង ឥត​ឃ្វាល​ហ្វូង​ចៀម​យើង​សោះ។ ដូច្នេះ ពួក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​យើង​នឹង​ទារ​ចៀម​យើង​ពី​ដៃ​គេ ក៏​ឈប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​ចៀម​ទៀត ពួក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ដែរ យើង​នឹង​ជួយ​ឲ្យ​ចៀម​យើង​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ»។ ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង គឺ​យើង​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​យើង ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង។ គង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។ យើង​នឹង​នាំ​វា​រាល់​គ្នា​ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ យើង​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ។ យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ។ ខ្លួន​យើង​នឹង​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង​ចៀម​របស់​យើង ហើយ​យើង​នឹង​ឲ្យ​វា​ដេក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ យើង​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង យើង​នឹង​រុំ​អប​ឲ្យ ហើយ​យើង​នឹង​ចម្រើន​កម្លាំង​ដល់​សត្វ​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កម្លាំង យើង​នឹង​បំផ្លាញ​វា​ចោល គឺ​យើង​នឹង​ឃ្វាល​វា​ដោយ​យុត្តិធម៌»។ ឱ​ហ្វូង​របស់​យើង​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ដូច្នេះ​ថា៖ «យើង​នឹង​ជំនុំ‌ជម្រះរវាង​ចៀម​នឹង​ចៀម ហើយ​រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល​ផង។ ការ​ដែល​អ្នក​រាល់​គ្នា​បាន​ស៊ី​ស្មៅ​នៅ​ទី​វាល​ល្អ តើ​ជា​ការ​តិច​តួច​ដល់​អ្នក​ឬ បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ? ចំណែក​ហ្វូង​ចៀម​របស់​យើង វា​ត្រូវ​ស៊ី​ស្មៅ ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ»។ ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​វា​រាល់​គ្នា​ថា៖ «យើង គឺ​យើង​នេះ​ហើយ នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម ពី​ព្រោះ​អ្នក​រាល់​គ្នា​តែង‌យក​ស្មា​ទៅ​បុក ហើយ​ប្រើ​ស្នែង​បុះ​ចៀម​ដែល​ខ្សោយៗ រហូត​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​បាត់។ ដូច្នេះ យើង​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​យើង នោះ​វា​នឹង​លែងក្លាយ​ជា​រំពា​ទៀត ហើយ​យើង​នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​នឹង​ចៀម។ យើង​នឹង​តាំង​គង្វាល​តែ​មួយ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង។ យើង​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​របស់​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​វា គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា យើង​បាន​ចេញ​វាចា​ហើយ។ យើង​នឹង​តាំង​សញ្ញា​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ពួកគេ ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង។ យើង​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ជា​ទី​ឲ្យ​ពរ យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ។ ដើម​ឈើ​នៅ​ផែន‌ដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចម្រើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ។ វា​រាល់​គ្នា​នឹង​មិន​បាន​ជា​រំពា​ដល់​អស់​ទាំង​សាសន៍​ត​ទៅ ហើយ​សត្វ​ព្រៃ​នៅ​ផែន‌ដី​ក៏​មិន​ហែក​វា​ស៊ី​ដែរ គឺ​វា​នឹង​នៅ​ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​មួយ​យ៉ាង​ល្បី​ល្បាញ​កើត​ឡើង នោះ​វា​រាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​នៅ​ក្នុង​ស្រុក​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​សាសន៍​ទៀត​ដែរ។ នោះ​វា​រាល់​គ្នា​នឹង​ដឹង​ថា យើង​ដ៏​ជា​យេហូវ៉ា យើង​ជា​ព្រះ​របស់​វា ក៏​នៅ​ជា‌មួយ ហើយ​វា​ជា​ពួក​វង្ស​អ៊ីស្រា‌អែល វា​ជា​ប្រជា‌រាស្ត្រ​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ អ្នក​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​យើង គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស ហើយ​យើង​ជា​ព្រះ​របស់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 34

អេសេគាល 34:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ ត្រូវ​ឲ្យ​ទាយ​ប្រាប់​គេ គឺ​ពួក​អ្នក​គង្វាល​នោះ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​អ្នក​គង្វាលនៃ​សាសន៍​អ៊ីស្រាអែល ដែល​ឃ្វាល​តែ​ខ្លួន​ឯង តើ​មិន​ត្រូវ​ឲ្យ​ពួក​អ្នក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​វិញ​ទេ​ឬ​អី ឯង​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា ក៏​សំឡាប់​សត្វ​បំប៉ន​ដែរ តែ​មិន​ឃ្វាល​ហ្វូង​ទេ ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង ឯង​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កំចាត់‌កំចាយ នោះ​ឯង​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង​ទៅ នោះ​ក៏​មិន​បាន​ស្វែង​រក​ដែរ គឺ​ឯង​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កំឡាំង ហើយ​តឹង‌រ៉ឹង​វិញ ដូច្នេះ វា​ត្រូវ​កំចាត់‌កំចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​អ្នក​គង្វាល វា​បាន​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់​ខ្ចាយ​អស់​ទៅ ហ្វូង​ចៀម​របស់​អញ​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ផង អើ ហ្វូង​ចៀម​របស់​អញ​បាន​ត្រូវ​កំចាត់‌កំចាយ នៅ​ពេញ‌ពាស​លើ​ផែនដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។ ហេតុ​នោះពួក​អ្នក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ដោយ​ព្រោះ​ហ្វូង​ចៀម​អញ​បាន​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​អ្នក​គង្វាល ហើយ​ដោយ​ព្រោះ​អ្នក​គង្វាល​ទាំង​ប៉ុន្មាន​របស់​អញ មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​អញ គឺ​បាន​ឃ្វាល​តែ​ខ្លួន​ឯង​វិញ ឥត​ឃ្វាល​ហ្វូង​ចៀម​អញ​សោះ ដូច្នេះ ពួក​អ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​ទារ​ចៀម​អញ​ពី​ដៃ​គេ ក៏​នឹង​ឲ្យ​គេ​ឈប់​លែង​ឃ្វាល​ហ្វូង​ចៀម​ទៅ ពួក​អ្នក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ទៀត​ដែរ អញ​នឹង​ជួយ​ឲ្យ​ចៀម​អញ​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ។ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់​ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់‌កំចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ហើយ​តាម​ផ្លូវ​ទឹក នឹង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង អញ​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រាអែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ដែរ ខ្លួន​អញ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង​ចៀម​របស់​អញ ហើយ​អញ​នឹង​ឲ្យ​វា​ដេក​នៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា អញ​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​ណា​ដែល​ត្រូវ​ប្រដេញ ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ​អញ​នឹង​រុំ​អប​ឲ្យ ហើយ​អញ​នឹង​ចំរើន​កំឡាំង​ដល់​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កំឡាំង នោះ​អញ​នឹង​បំផ្លាញ​វា​បង់ គឺ​អញ​នឹង​ឃ្វាល​វា ដោយ​សេចក្ដី​វិនិច្ឆ័យ​វិញ។ ឱ​ហ្វូង​របស់​អញ​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ឯង​ដូច្នេះ​ថា មើល អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម ហើយ​របស់​ចៀម​ឈ្មោលនឹង​ពពែ​ឈ្មោល​ផង ការ​ដែល​ឯង​រាល់​គ្នា​បាន​ស៊ី​ស្មៅ នៅ​ទី​វាល​ល្អ នោះ​តើ​ជា​ការ​តិច‌តួច​ដល់​ឯង​ឬ បាន​ជា​ឯង​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់​ទៀត ហើយ​ដែល​ឯង​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ​ផង បាន​ជា​ឯង​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ ចំណែក​ហ្វូង​ចៀម​របស់​អញ វា​ត្រូវ​ស៊ី​ស្មៅ ដែល​ឯង​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​ឯង​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ​វិញ។ ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដល់​វា​រាល់​គ្នា​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​ធាត់ នឹង​ចៀម​ស្គម ពី​ព្រោះ​ឯង​រាល់​គ្នា​តែង‌តែ​គះ​ដោយ​ចំហៀង ហើយ​នឹង​ស្មា ក៏​បុះ​អស់​ទាំង​ចៀម​ខ្សោយ​ដោយ​ស្នែង ដរាប​ដល់​បាន​កំចាត់‌កំចាយ​គេ​ទៅ​បាត់ ដូច្នេះ អញ​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​អញ នោះ​វា​នឹង​លែង​បាន​ជា​រំពា​ត​ទៅ ហើយ​អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម អញ​នឹង​តាំង​អ្នក​គង្វាល​តែ​១ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង នោះ​អញ​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​នៃ​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​វា គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។ អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​វា​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង អញ​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំវិញ​ភ្នំ​តូច​របស់​អញ ជា​ទី​ឲ្យ​ពរ អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ នោះ​វា​រាល់​គ្នា​នឹង​មិន​បាន​ជា​រំពា​ដល់​អស់​ទាំង​សាសន៍​ត​ទៅ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​ក៏​មិន​ហែក​វា​ស៊ី​ដែរ គឺ​វា​នឹង​នៅ​ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​១​កើត​ឡើង​ទុក​ជា​ល្បី​ដល់​វា នោះ​វា​រាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​ក្នុង​ស្រុក​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​សាសន៍​ទៀត​ដែរ នោះ​វា​រាល់​គ្នា​នឹង​ដឹង​ថា អញ​ដ៏​ជា​យេហូវ៉ា អញ​ជា​ព្រះ​នៃ​វា ក៏​នៅ​ជា​មួយ​ផង ហើយ​ថា​វា ដែល​ជា​ពួក​វង្ស​អ៊ីស្រាអែល វា​ជា​រាស្ត្រ​របស់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ឯ​ឯង​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​អញ គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​អញ ឯង​រាល់​គ្នា​ជា​មនុស្ស ហើយ​អញ​ជា​ព្រះ​នៃ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 34