អេសេគាល 26:1-14

អេសេគាល 26:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន​ហើយ!” ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ទីរ៉ុស​អើយ យើង​នឹង​ប្រហារ​អ្នក យើង​នឹង​នាំ​ប្រជា‌ជាតិ​យ៉ាង​ច្រើន ដូច​រលក​សមុទ្រ​មក​វាយ​អ្នក។ ពួក​គេ​នឹង​កម្ទេច​កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​រំលំ​ប៉ម យើង​នឹង​បោស​ធូលី​ដី​ឲ្យ​រលីង ទុក​តែ​ផ្ទាំង​ថ្ម​មួយ​ឲ្យ​នៅ​សល់​ប៉ុណ្ណោះ។ ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។ រីឯ​ប្រជា‌ជន​ក្នុង​ស្រុក​ភូមិ​នានា​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូ‌ក្នេសា ជា​មហា‌ក្សត្រ​លើ​ក្សត្រ​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌ក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល​សេះ រទេះ​ចម្បាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។ សត្រូវ​នឹង​សម្លាប់​ប្រជា‌ជន តាម​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​អ្នក ព្រម​ទាំង​លើក​ទួល​សម្រាប់​វាយ​លុក សង់​លេណ‌ដ្ឋាន និង​លើក​កំពែង​ការពារ​ខ្លួន។ សត្រូវ​នឹង​យក​រនុក​ដែក​មក​បុក​ទម្លុះ​កំពែង​របស់​អ្នក ព្រម​ទាំង​ប្រើ​អាវុធ​កម្ទេច​ប៉ម​របស់​អ្នក​ទៀត​ផង។ ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សម្រុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចម្បាំង នៅ​ពេល​សត្រូវ​សម្រុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។ ជើង​សេះ​របស់​ពួក​គេ​នឹង​ជាន់​កម្ទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ហើយ​រំលំ​ស្តូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។ សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជយ‌ភណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេស‌សល់​បោះ​ទៅ​ក្នុង​សមុទ្រ។ យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។ យើង​នឹង​ទុក​ឲ្យ​អ្នក​នៅ​សល់​តែ​ផ្ទាំង​ថ្ម​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​គ្មាន​នរណា​សង់​អ្នក​ឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ»។

ចែក​រំលែក
អាន អេសេគាល 26

អេសេគាល 26:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ដប់មួយ ថ្ងៃ​ទី​មួយ​ក្នុង​ខែ​នោះ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​យើង​ហើយ ឥឡូវ​នេះ យើង​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច‌បង់ ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ម្នាល​ទីរ៉ុស​អើយ យើង​ទាស់​នឹង​អ្នក យើង​នឹង​បណ្ដាល​ឲ្យ សាសន៍​ជា​ច្រើន​ឡើង​មក​ទាស់​នឹង​អ្នក ដូច​ជា​សមុទ្រ​កម្រើក​រលក​ឡើង​ដែរ គេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹង​រំលំ​ប៉ម​ទាំង​ប៉ុន្មាន​ផង យើង​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រលីង នោះ​នឹង​បាន​ជា​កន្លែង​សម្រាប់​ហាល​អួន នៅ​កណ្ដាល​សមុទ្រ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប ដល់​អស់​ទាំង​សាសន៍ ឯ​កូន​ស្រី​ទាំង​ប៉ុន្មាន​របស់​វា​ដែល​នៅ​ឯ​ចម្ការ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។ ដ្បិត ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ីឡូន ជា​ស្តេច​លើ​អស់​ទាំង​ស្តេច មក​ពី​ទិស​ខាង​ជើង មាន​ទាំង​សេះ រទេះ​ចម្បាំង ពល​សេះ កង‌ទ័ព និងទាហាន​ជា​ច្រើន ឲ្យ​ទាស់​នឹង​ក្រុង​ទីរ៉ុស។ គេ​នឹង​សម្លាប់​កូន​ស្រី​អ្នក​ទាំង​ប៉ុន្មាន ដោយ​ដាវ​នៅ​ឯ​ចម្ការ គេ​នឹង​ធ្វើ​បន្ទាយ ហើយ​ជីក​ស្នាម​ភ្លោះ ព្រម​ទាំង​លើក​ខែល​ទាស់​នឹង​អ្នក។ គេ​នឹង​ទម្លាយ​កំផែង ហើយ​រំលំ​ប៉ម​របស់​អ្នក ដោយអាវុធ​របស់​គេ។ សេះ​យ៉ាង​សន្ធឹក​របស់​គេ នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​អ្នក កំផែង​របស់​អ្នក​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះ និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​អ្នក ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំផែង​ហើយ។ ជើង​សេះ​របស់​គេ​នឹង​ជាន់​កម្ទេច ផ្លូវទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​សម្លាប់​ជន​ជាតិ​អ្នក​ដោយ​ដាវ ឯ​អស់​ទាំង​បង្គោល​ថ្ម​នៃ​កម្លាំង​អ្នក នឹង​ត្រូវ​រំលំ​ដល់​ដី។ គេ​នឹង​រឹប‌យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក យក​ទំនិញ​ទាំង​ប៉ុន្មាន​ផង គេ​នឹង​បំបែក​រំលំ​កំផែង ហើយ​បំផ្លាញ​អស់​ទាំង​ផ្ទះ ជា​ទី​រីក‌រាយ​របស់​អ្នក គេ​នឹង​ចាក់​អស់​ទាំង​ថ្ម ឈើ និង​ធូលី​ដី​របស់​អ្នក​ទៅ​ក្នុង​ទឹក។ យើង​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សូរ​ចម្រៀង​របស់​អ្នក ហើយ​នឹង​ឥត​មាន​ឮ​សូរ​ស៊ុង​នៅ​ក្នុង​អ្នក​ទៀត​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ថ្មដា​រលីង អ្នក​នឹង​បាន​ជា​កន្លែង​សម្រាប់​ហាល​អួន និង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ​ជា​រៀង​រហូត ដ្បិត​គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា បាន​ចេញ​វាចា​ហើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 26

អេសេគាល 26:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ដើម​ខែ​នោះ ក្នុង​ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​អញ​ហើយ ឥឡូវ​នេះ អញ​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច​បង់ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្នាល​ទីរ៉ុស​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​បណ្តាល​ឲ្យ​សាសន៍​ជា​ច្រើន​ឡើង​មក​ទាស់​នឹង​ឯង ដូច​ជា​សមុទ្រ​កំរើក​រលក​ឡើង​ដែរ គេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹង​រំលំ​ប៉ម​ទាំង​ប៉ុន្មាន​ផង អញ​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រលីង នោះ​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន នៅ​កណ្តាល​សមុទ្រ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប​ដល់​អស់​ទាំង​សាសន៍ ឯ​កូន​ស្រី​ទាំង​ប៉ុន្មាន​របស់​វា​ដែល​នៅ​ឯ​ចំការ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ីឡូន ជា​ស្តេច​លើ​អស់​ទាំង​ស្តេច មក​ពី​ទិស​ខាង​ជើង មាន​ទាំង​សេះ រទេះ​ចំបាំង ពល​សេះ កង‌ទ័ព នឹង​មនុស្ស​សន្ធឹក​ផង ឲ្យ​ទាស់​នឹង​ក្រុង​ទីរ៉ុស វា​នឹង​សំឡាប់​កូន​ស្រី​ឯង​ទាំង​ប៉ុន្មាន​ដោយ​ដាវ​នៅ​ឯ​ចំការ វា​នឹង​ធ្វើ​បន្ទាយ ហើយ​ជីក​ស្នាម​ភ្លោះ ព្រម​ទាំង​លើក​ខែល​ទាស់​នឹង​ឯង វា​នឹង​តាំង​គ្រឿង​បុក​ទំលាយ​កំផែង ហើយ​នឹង​រំលំ​ប៉ម​របស់​ឯង ដោយ​ប្រដាប់​របស់​វា សេះ​យ៉ាង​សន្ធឹក​របស់​គេ​នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​ឯង កំផែង​របស់​ឯង​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះ រទេះ នឹង​យន្ត​ចំបាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​ឯង ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំផែង​ហើយ អស់​ទាំង​ផ្លូវ​របស់​ឯង​នឹង​ត្រូវ​ប៉ន់​ទៅ ដោយ​ក្រចក​សេះ​របស់​គេ គេ​នឹង​សំឡាប់​ជន‌ជាតិ​ឯង​ដោយ​ដាវ ឯ​អស់​ទាំង​បង្គោល​ថ្ម​នៃ​កំឡាំង​ឯង នឹង​ត្រូវ​រំលំ​ដល់​ដី គេ​នឹង​រឹប‌ជាន់​យក​ទ្រព្យ​សម្បត្តិ​របស់​ឯង ហើយ​ជញ្ជែង​យក​ទំនិញ​ទាំង​ប៉ុន្មាន​ផង គេ​នឹង​បំបែក​រំលំ​កំផែង ហើយ​បំផ្លាញ​អស់​ទាំង​ផ្ទះ ជា​ទី​រីក‌រាយ​របស់​ឯង គេ​នឹង​ចាក់​អស់​ទាំង​ថ្ម នឹង​ឈើ ហើយ​ធូលី​ដី​របស់​ឯង​ទៅ​ក្នុង​ទឹក អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សូរ​ចំរៀង​របស់​ឯង ហើយ​នឹង​ឥត​មាន​ឮ​សូរ​ស៊ុង​នៅ​ក្នុង​ឯង​ទៀត​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ថ្មដា​រលីង ឯង​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន នឹង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ នៅ​ជា​ដរាប​ត​ទៅ ដ្បិត​គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 26