អេសេគាល 1:1-3
អេសេគាល 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារ ជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីព្រះជាម្ចាស់។ នៅថ្ងៃទីប្រាំ ក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ព្រះបាទយ៉ូយ៉ាគីនមកជាឈ្លើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអេសេគាល ជាកូនរបស់លោកបូជាចារ្យប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ដាក់ព្រះហស្ដលើលោក។
អេសេគាល 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីប្រាំ ខែទីបួន ឆ្នាំទីសាមសិប ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ ពេលនោះ មេឃបានបើកចំហ ហើយខ្ញុំឃើញនិមិត្តពីព្រះ។ នៅថ្ងៃទីប្រាំ ក្នុងខែនោះ ដែលជាឆ្នាំទីប្រាំ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អេសេគាលជាកូនប៊ូស៊ី ដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះយេហូវ៉ាក៏ដាក់ព្រះហស្តលើលោកនៅទីនោះ។
អេសេគាល 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃ៥ខែអាសាធ ឆ្នាំទី៣០ កាលខ្ញុំនៅជាមួយនឹងពួកឈ្លើយ នៅមាត់ទន្លេកេបារ នោះមេឃក៏របើកឡើង ហើយខ្ញុំឃើញការជាក់ស្តែងពីព្រះ រីឯនៅថ្ងៃ៥ក្នុងខែនោះឯង ដែលជាឆ្នាំទី៥ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសេគាល ជាកូនប៊ូស៊ី ដែលជាសង្ឃ នៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ស្ថិតលើលោកនៅទីនោះ។