និក្ខមនំ 32:1-35

និក្ខមនំ 32:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។ លោក​អើរ៉ុន​តប​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។ ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។ លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។ កាល​លោក​អើរ៉ុន​ឃើញ​ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ លុះ​ស្អែក​ឡើង ប្រជាជាន​ទាំង​អស់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​គេ​ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចុះ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​របស់​អ្នក ដែល​អ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​បង្ខូច​ផ្លូវ​របស់​ខ្លួន​ហើយ ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​ជា​មនុស្ស​ក្បាល​រឹង។ ឥឡូវ​នេះ ទុក​ឲ្យ​យើង​ចុះ ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ឲ្យ​សាប​សូន្យ រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​នគរ​មួយ​ធំកើត​ចេញ​ពី​អ្នក​វិញ»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ក្តៅ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​ពោល​ថា "ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ទៅ​ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក‌គេ​នៅ​តាម​ភ្នំ ហើយ​បំផ្លាញ​គេ​ឲ្យ​អស់​ពី​ផែន‌ដី"ដូច្នេះ? សូម​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ព្រះ‌អង្គ​បាន​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អន្តរាយ​នោះ​ទៅ។ សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ី‌ស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា "យើង​នឹង​ចម្រើន​ពូជ​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​យើង​បាន​សន្យា​ថានឹង​ឲ្យ​ដល់​ពូជ​ពង្ស​របស់​អ្នក ហើយ​ពួក‌គេ​នឹង​ទទួល​ស្រុក​នោះ​ទុក​ជា​មត៌ក​‌រហូត​ត​ទៅ"»។ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អន្តរាយ​ចេញ​ទៅ។ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា ពីរ​ផ្ទាំង កាន់​ជាប់​នៅ​ដៃ បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ និង​ខាង​ខ្នង។ បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ ហើយ​អក្សរ​ដែលចែង​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ ជា​អក្សរ​ដែល​ព្រះ‌អង្គ​ចារ។ កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​ប្រជា‌ជន​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ គាត់​ក៏​ជម្រាប​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ជំរំ»។ ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «នេះ​មិន​មែន​ជា​សូរ​សម្រែករបស់​ពួក​ដែល​ឈ្នះ ឬ​សូរ​សម្រែក​របស់​ពួក​អ្នក​ដែល​ចាញ់​ទេ តែខ្ញុំ​ឮ​សូរ​សំឡេង​ច្រៀង​ទេ​តើ»។ កាល​លោកបាន​មក​ដល់​ជិត​ជំរំ ឃើញ​រូប​កូន​គោ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង លោក​ម៉ូសេ​កើត​មាន​កំហឹង​ជា​ខ្លាំង រួច​លោក​ក៏​បោះ​បន្ទះ​ថ្ម​ចេញ​ពី​ដៃ ហើយ​បោក​បំបែក​នៅ​ជើង​ភ្នំ។ លោក​យក​រូប​កូន​គោ​ដែល​ពួក‌គេ​បាន​ធ្វើ​ទៅ​ដុត​ក្នុង​ភ្លើង កិន​ឲ្យ​ម៉ដ្ត​ដូច​ម្សៅ រួច​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ផឹក។ លោក​ម៉ូសេ​សួរលោក​អើរ៉ុន​ថា៖ «តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ដូច្នេះ?» លោក​អើរ៉ុន​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់កុំ​ខឹង​ក្តៅ​ឡើយ លោក​ក៏​ជ្រាប​ហើយ​ថា ប្រជាជន​នេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តែ​ខាង​ផ្លូវអាក្រក់។ ពួក‌គេនាំ​គ្នា​ប្រាប់​ខ្ញុំ​ថា "សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ ជា​អ្នក​ដែល​នាំ​បាន​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ"។ ខ្ញុំ​បាន​ប្រាប់​ពួក‌គេ​ថា "ដូច្នេះ អ្នក​ណា​ដែល​មាន​មាស ចូរ​ដោះ​យក​មក" គេ​ក៏​ប្រគល់​មក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បោះវាទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ​មក!»។ កាល​លោក​ម៉ូសេ​ឃើញ​ថា ប្រជា‌ជន​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ (ដ្បិត​លោក​អើរ៉ុន​បានបណ្ដោយ​ឲ្យ​គេ​ផ្ដាច់​សេចក្ដី​បង្ខាំង ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​មើល​ងាយ) នោះ​លោក​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ ហើយ​ប្រកាស​ថា៖ «អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ត្រូវ​មក​ឯ​ខ្ញុំ!» នោះ​កូន​ចៅ​លេវី​ទាំង​អស់​ក៏​នាំ​គ្នា​ចូល​មក​ឯ​លោក។ លោកមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ "ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​ម​ក​ក្នុង​ជំរំ ពី​ទ្វារ​មួយ​ទៅ​ទ្វារ​មួយ ហើយ​សម្លាប់​បង‌ប្អូន មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​របស់​ខ្លួន​ទៅ"»។ កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​ប្រមាណ​បី​ពាន់​នាក់។ លោក​ម៉ូសេ​ប្រាប់​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន ព្រម​ទាំង​បង‌ប្អូន​របស់​ខ្លួន»។ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ តែ​ឥឡូវ​នេះ ខ្ញុំ​នឹង​ឡើង​ទៅឯ​ព្រះ‌យេហូវ៉ា ប្រហែល​ជា​ខ្ញុំ​អាច​សូម​ឲ្យ​ព្រះ‌អង្គ​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។ ដូច្នេះ លោក​ម៉ូសេ​ត្រឡប់​ទៅឯ​ព្រះ‌យេហូវ៉ា ហើយ​ទូល​ថា៖ «ប្រជា‌ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់​ណាស់ គឺ​ពួក‌គេ​បាន​ឆ្លាក់​ធ្វើ​ព្រះ​ពី​មាស​សម្រាប់​ខ្លួន​គេ។ ប៉ុន្ដែ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់​ទោស​អំពើ​បាប​របស់​ពួក‌គេ​ផង បើ​មិន​ដូច្នោះ​ទេ សូម​លុប​ឈ្មោះ​ទូល‌បង្គំ​ចេញ​ពី​បញ្ជី​ដែល​ព្រះ‌អង្គ​បាន​កត់​ទុក​នោះ​ទៅ»។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង នោះ​យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង។ ដូច្នេះ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជា‌ជន​ទៅ​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក ទេវតា​របស់​យើង​នឹង​នាំ​មុខ​អ្នក។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​យើង​នឹង​មក​ជំនុំ‌ជម្រះ នោះ​យើង​នឹងដាក់​ទោស​ពួក‌គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត»។ ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​ចាត់​គ្រោះ​កាច​មក​លើ​ប្រជា‌ជន ព្រោះ​ពួក‌គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​លោក​អើរ៉ុន​បាន​សិត​ឲ្យ។

ចែក​រំលែក
អាន និក្ខមនំ 32

និក្ខមនំ 32:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ប្រជា‌ជន​ឃើញ​លោក​ម៉ូសេ​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយ​ពោល​ថា៖ «សូម​លោក​ធ្វើ​រូប​ព្រះ សម្រាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។ លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​លោក​អើរ៉ុន។ លោក​អើរ៉ុន​យក​ក្រវិល​ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។ ឃើញ​ដូច្នេះ លោក​អើរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់»។ លុះ​ស្អែក​ឡើង ប្រជា‌ជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ប្រជា‌ជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង​រាំ​យ៉ាង​សប្បាយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹង‌រូស។ ឥឡូវ​នេះ ចូរ​ទុក​ឲ្យ​យើង​លុប​បំបាត់​ប្រជា‌ជន​នេះ ឲ្យ​វិនាស​សាប‌សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​ឲ្យ​ប្រជា‌ជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល‌អង្វរ សូម​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធា‌នុភាព និង​ព្រះ‌បារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ សូម​កុំ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ពោល​ថា “ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពី​ផែនដី”។ សូម​ព្រះអង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះ‌ហឫទ័យ​ឈប់​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។ សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា “យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​បាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។ ព្រះ‌អម្ចាស់​ក៏​ដូរ​ព្រះ‌ហឫទ័យ​លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។ បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។ ពេល​លោក​យ៉ូស្វេ​ឮ​សំឡេង​ប្រជា‌ជន​ហ៊ោ​កញ្ជ្រៀវ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សម្រែក​ជ័យ‌ជម្នះ ឬ​សម្រែក​បរា‌ជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចម្រៀង»។ លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។ លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ដុត រួច​លោក​កម្ទេច​ឲ្យ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផឹក។ បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។ លោក​អើរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជា‌ជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ពួក​គេ​នាំ​គ្នា​មក​ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​រូប​ព្រះ​សម្រាប់​ដឹក​នាំ​ពួក​យើង​ផង ដ្បិត​ពួក​យើង​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឡើយ”។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​ឲ្យ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។ លោក​ម៉ូសេ​ឃើញ​ថា លោក​អើរ៉ុន​បណ្ដោយ​ឲ្យ​ប្រជា‌ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​សត្រូវ​មើល‌ងាយ។ លោក​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា​មក​មូល​ផ្ដុំ​ជុំ‌វិញ​លោក​ម៉ូសេ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “អ្នក​រាល់​គ្នា​ត្រូវ​កាន់​ដាវ​រៀងៗ​ខ្លួន ហើយ​ដើរ​ចុះ​ឡើង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ ទាំង​សម្លាប់​បងប្អូន មិត្ត‌ភក្ដិ និង​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា​ទៅ”»។ កូន​ចៅ​លេវី​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រមាណ​បី​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ញែក​ខ្លួន​បម្រើ​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​បាន​រារែក​ចិត្ត​ក្នុង​ការ​ប្រហារ​ជីវិត​កូន ឬ​បងប្អូន​របស់​ខ្លួន​ឡើយ។ ដូច្នេះ សូម​ព្រះអង្គ​ប្រទាន​ព្រះ‌ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ព្រះ‌អម្ចាស់​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។ លោក​ម៉ូសេ​ក៏​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រជា‌ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ សម្រាប់​ថ្វាយ‌បង្គំ។ សូម​ព្រះអង្គ​មេត្តា​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ព្រះអង្គ​លុប​ឈ្មោះ​ទូលបង្គំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជា‌ជន​ទៅ​កាន់​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក! ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក។ នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស យើង​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។ ព្រះ‌អម្ចាស់​បាន​ប្រហារ​ប្រជា‌ជន ដ្បិត​ពួក​គេ​បាន​សុំ​ឲ្យ​លោក​អើរ៉ុន​ធ្វើ​រូប​កូន​គោ។

ចែក​រំលែក
អាន និក្ខមនំ 32

និក្ខមនំ 32:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បណ្តាជន​ទាំង‌ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជំរាប​ថា សូម​លោក​ធ្វើ​ព្រះ​សំរាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ​ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ នោះ​គ្រប់​គ្នា​ក៏​ដោះ​យក​ទៅ​ប្រគល់​ឲ្យ ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​អើរ៉ុន​បាន​ឃើញ​រូប​គោ​ហើយ នោះ​ក៏​ស្អាង​អាសនា​១​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ស្អែក​បណ្តាជន​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តាជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង ដូច្នេះ​ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។ នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​អ៊ីស្រាអែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ» នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។ ម៉ូសេ​ក៏​វិល​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់​២​ផ្ទាំង​កាន់​ជាប់​នៅ​ដៃ​ផង ឯ​បន្ទះ​ថ្ម​ទាំង​២​នោះ​សឹង​ដ៏​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ ហើយ​ខាង​ខ្នង ជា​ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ ហើយ​អក្សរ​ដែល​មាន​នៅ​បន្ទះ​ថ្ម​ទាំង​២​នោះ ក៏​ជា​អក្សរ​ដែល​ទ្រង់​ឆ្លាក់​ដែរ កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​បណ្តាជន​ទាំង‌ឡាយ ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ នោះ​ក៏​ជំរាប​ម៉ូសេ​ថា មាន​ឮ​សូរ​ចំបាំង​នៅ​ទី​ដំឡើង​ត្រសាល​ហើយ តែ​ម៉ូសេ​ឆ្លើយ​ថា តាម​ដែល​អញ​ឮ នោះ​មិន​មែន​ជា​សូរ​សំរែក​នៃ​ពួក​ដែល​ឈ្នះ ឬ​ពួក​ចាញ់​ទេ គឺ​ជា​សូរ​សំឡេង​នៃ​មនុស្ស​ដែល​ច្រៀង​វិញ​ទេ​តើ លុះ​កាល​លោក​បាន​ទៅ​ដល់​ជិត​ទី​ដំឡើង​ត្រសាល បាន​ឃើញ​រូប​កូន​គោ​នោះ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង នោះ​ម៉ូសេ​កើត​មាន​សេចក្ដី​កំហឹង​ខឹង​ក្តៅ​ជា​ខ្លាំង ក៏​បោះ​បន្ទះ​ថ្ម​ទាំង​២​ចេញ​ពី​ដៃ​បំបែក​នៅ​ជើង​ភ្នំ​ទៅ រួច​លោក​យក​រូប​កូន​គោ​ដែល​គេ​បាន​ធ្វើ​នោះ​ទៅ​ដុត​នឹង​ភ្លើង ក៏​កិន​ឲ្យ​ម៉ដ្ត​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផឹក ម៉ូសេ​ក៏​សួរ​ទៅ​អើរ៉ុន​ថា តើ​គេ​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​ឲ្យ​គេ​ធ្វើ​បាប​ដ៏​មាន​ទំងន់​ដូច្នេះ អើរ៉ុន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​លោក​ម្ចាស់​ខឹង​ក្តៅ​ឡើយ ដ្បិត​ទាំង​ខ្លួន​លោក​ក៏​គង់​ជ្រាប​ដែរ​ថា មនុស្ស​ទាំង​នេះ​ចូល​ចិត្ត​តែ​ខាង​ផ្លូវ​បាប​ទេ គេ​បាន​ប្រាប់​ខ្ញុំ​ថា ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា​ទៅ ដែល​សំរាប់​នាំ​មុខ​យើង ដ្បិត​ឯ​ម៉ូសេ​នោះ ដែល​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ខ្ញុំ​បាន​ឆ្លើយ​តប​ថា ដូច្នេះ​អ្នក​ណា​ដែល​មាន​មាស ចូរ​ឲ្យ​ដោះ​យក​មក​ចុះ គេ​ក៏​ប្រគល់​មក​ខ្ញុំ រួច​ខ្ញុំ​នាំ​ទៅ​បោះ​ចុះ​ក្នុង​ភ្លើង ស្រាប់​តែ​កើត​បាន​ជា​រូប​កូន​គោ​នេះ​ចេញ​មក។ កាល​ម៉ូសេ​ឃើញ​ថា បណ្តាជន​ទាំង‌ឡាយ​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ ដ្បិត​អើរ៉ុន​បាន​បន្ធូរ​សេចក្ដី​បង្ខាំង​ដល់​គេ ព្រម​ទាំ​បើក​ឱកាស ឲ្យ​ពួក​ខ្មាំង​សត្រូវ​បាន​ដៀល‌ត្មះ​ផង នោះ​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​ថា អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ នោះ​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​លោក រួច​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​មក​ក្នុង​ទី​ដំឡើង​ត្រសាល ពី​ទ្វារ​១​ដល់​ទ្វារ​១ ហើយ​សំឡាប់​បង​ប្អូន នឹង​មិត្រ​ភក្តិ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ទៅ ពួក​កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ​ឯង មាន​បណ្តាជន​ស្លាប់​ប្រហែល​ជា​៣​ពាន់​នាក់ រួច​ម៉ូសេ​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន​បង្កើត ព្រម​ទាំង​បង​ប្អូន​ហើយ។ ដល់​ថ្ងៃ​ស្អែក ម៉ូសេ​ក៏​និយាយ​នឹង​បណ្តាជន​ទាំង‌ឡាយ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ណាស់ តែ​អញ​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ឥឡូវ ប្រហែល​ជា​អញ​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ធួន​នឹង​បាប ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រួច ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តាជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សំរាប់​ខ្លួន​គេ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំ​នោះ​សោត សូម​លុប​ឈ្មោះ​ទូលបង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុក​ចេញ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ឯ​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​នឹង​អញ នោះ​អញ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ឯង​ពី​បញ្ជី​ចេញ ដូច្នេះ ចូរ​ទៅ​ឥឡូវ ហើយ​នាំ​បណ្តាជន​នេះ​ទៅ​ឯ​កន្លែង​ដែល​អញ​បាន​ប្រាប់​ឯង​ចុះ មើល ទេវតា​អញ​នឹង​នាំ​មុខ​ឯង ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​អញ​នឹង​មក​ជំនុំ‌ជំរះ នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​បាប​របស់​គេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​សេចក្ដី​វេទនា​ផ្សេងៗ​មក​លើ​បណ្តាជន ដោយ​ព្រោះ​គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​អើរ៉ុន​សិត​ឲ្យ​នោះ។

ចែក​រំលែក
អាន និក្ខមនំ 32

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ