និក្ខមនំ 2:11-15
និក្ខមនំ 2:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកម៉ូសេពេញវ័យហើយ។ លោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកក៏ឃើញជនជាតិអេស៊ីបម្នាក់ កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរ។ លោកងាកមើលឆ្វេងស្ដាំ ឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។ នៅថ្ងៃបន្ទាប់ លោកចេញទៅម្ដងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ លោកសួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។ អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ ព្រះចៅផារ៉ោនក៏ជ្រាបរឿងនេះដែរ ហើយស្ដេចរកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេដឹងខ្លួនទាន់ ក៏រត់គេចពីព្រះចៅផារ៉ោនទៅនៅស្រុកម៉ាឌាន ។ លោកអង្គុយនៅក្បែរអណ្ដូងទឹក។
និក្ខមនំ 2:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃមួយ កាលលោកម៉ូសេពេញវ័យហើយ លោកចេញទៅសួរសុខទុក្ខជនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងតែវាយដំសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិរបស់លោក។ លោកក្រឡេកមើលឆ្វេងមើលស្តាំ មិនឃើញមានអ្នកណា ក៏សម្លាប់សាសន៍អេស៊ីព្ទនោះ ហើយកប់ចោលក្នុងខ្សាច់។ នៅថ្ងៃបន្ទាប់ កាលលោកចេញទៅ ឃើញសាសន៍ហេព្រើរពីរនាក់កំពុងតែឈ្លោះគ្នា ក៏និយាយទៅអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីបានជាអ្នកវាយគូកនរបស់ខ្លួនដូច្នេះ?» អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។ កាលផារ៉ោនបានឮរឿងនេះ ស្ដេចក៏រកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេរត់គេចពីផារ៉ោនទៅនៅស្រុកម៉ាឌាន ហើយលោកអង្គុយនៅក្បែរអណ្តូងទឹកមួយ។
និក្ខមនំ 2:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សំឡាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ ដល់ថ្ងៃក្រោយទៀត លោកចេញទៅឃើញសាសន៍ហេព្រើរ២នាក់កំពុងតែឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកនដូច្នេះ អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសំឡាប់អញដូចជាបានសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ រីឯផារ៉ោន កាលទ្រង់បានឮ នោះទ្រង់ក៏រកសំឡាប់ម៉ូសេ តែលោករត់ពីចំពោះទ្រង់ចេញទៅឯស្រុកម៉ាឌាន ហើយក៏ឈប់អង្គុយនៅជិតអណ្តូងទឹក១។