និក្ខមនំ 19:12-16

និក្ខមនំ 19:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ប្រាប់​ប្រជា‌ជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ‌ពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។ កុំ​ប៉ះ‌ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។ លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជា‌ជន​វិញ លោក​ញែក​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ ហើយ​ឲ្យ​ពួក​គេ​បោក​សម្លៀក‌បំពាក់​ផង​ដែរ។ លោក​មាន​ប្រសាសន៍​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។ នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ‌លាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​កំណត់​ព្រំ​ប្រទល់​ជុំ​វិញ​ប្រជា‌ជន​ទាំង​អស់ ដោយ​ប្រាប់​ថា "ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ​ពាល់​ជើង​ភ្នំឲ្យ​សោះ ដ្បិត​អ្នក​ណា​ដែល​ប៉ះ​ពាល់​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មក​រក​ប្រជា‌ជន​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។ លោក​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី កុំ​ទៅ​ជិត​ស្ត្រី​ឡើយ»។ នៅ​ព្រឹក​ថ្ងៃ​ទី​បី មាន​ឮ​សូរ​ផ្គរ​លាន់ មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​កង​រំពង​យ៉ាង​ខ្លាំង រួច​ប្រជា‌ជន​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ក៏​ញ័រ​រន្ធត់។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ឯង​ដាក់​កំណត់​គោល​ចារិក​នៅ​ជុំវិញ ឲ្យ​បណ្តាជន​គ្រប់​គ្នា ដោយ​ប្រាប់​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​ឡើយ កុំ​ឲ្យ​ទាំង​ជាន់​ដល់​ជើង​ភ្នំ​ផង ដ្បិត​អ្នក​ណា​ដែល​ជាន់​ដល់​ភ្នំ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។ លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃ‌លែង រួច​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា

ចែក​រំលែក
អាន និក្ខមនំ 19