និក្ខមនំ 17:8-16
និក្ខមនំ 17:8-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សាសន៍អាម៉ាឡេកនាំគ្នាមកច្បាំងនឹងពួកអ៊ីស្រាអែលនៅរេផិឌីម។ លោកម៉ូសេមានប្រសាសន៍ទៅលោកយ៉ូស្វេថា៖ «ចូរទៅកេណ្ឌមនុស្សខ្លះមក ហើយចេញទៅច្បាំងជាមួយសាសន៍អាម៉ាឡេក។ ស្អែក ខ្ញុំនឹងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះនៅដៃ»។ លោកយ៉ូស្វេក៏ធ្វើដូចលោកម៉ូសេបានបង្គាប់ លោកទៅច្បាំងជាមួយសាសន៍អាម៉ាឡេក ឯលោកម៉ូសេ លោកអើរ៉ុន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ កាលណាលោកម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកម្លាំងជាង តែកាលណាលោកម៉ូសេដាក់ដៃចុះ នោះខាងសាសន៍អាម៉ាឡេកមានកម្លាំងជាងវិញ។ ប៉ុន្ដែ លោកម៉ូសេរួយដៃណាស់ គេក៏យកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចលោកអើរ៉ុន និងលោកហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង។ ដូច្នេះ ដៃលោកបាននៅនឹងដដែល រហូតដល់ថ្ងៃលិច។ លោកយ៉ូស្វេក៏បានឈ្នះអាម៉ាឡេក ព្រមទាំងពលទ័ពរបស់គេដោយមុខដាវ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់រឿងនេះចុះក្នុងសៀវភៅ ទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតយើងនឹងលុបឈ្មោះអាម៉ាឡេកចេញពីក្រោមមេឃនេះឲ្យអស់ មិនឲ្យអ្នកណានឹកចាំទៀតឡើយ»។ ពេលនោះ លោកម៉ូសេបានស្អាងអាសនាមួយ ហើយដាក់ឈ្មោះថា "យេហូវ៉ា-នីស៊ី" ដោយពោលថា៖ «ចូរលើកទង់ជ័យរបស់ព្រះយេហូវ៉ាឡើង! ព្រះយេហូវ៉ានឹងច្បាំងជាមួយសាសន៍អាម៉ាឡេកគ្រប់ជំនាន់តរៀងទៅ»។
និក្ខមនំ 17:8-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអាម៉ាឡេក នាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេផិឌីម។ លោកម៉ូសេពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអើរ៉ុន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង ប៉ុន្តែ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ ដោយដៃរបស់លោកម៉ូសេចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអើរ៉ុន និងលោកហ៊ើរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើឲ្យលោកម៉ូសេអាចលើកដៃបាន រហូតដល់ថ្ងៃលិច។ ដូច្នេះ លោកយ៉ូស្វេមានជ័យជម្នះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។ ពេលនោះ លោកម៉ូសេសង់អាសនៈមួយ រួចដាក់ឈ្មោះថា «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។ លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។
និក្ខមនំ 17:8-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសាសន៍អាម៉ាលេកក៏មក ច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់រេផិឌីម ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះ អញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន នឹងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ បើកាលណាម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកំឡាំងជាង តែបើកាលណាម៉ូសេដាក់ដៃសំរាកចុះ នោះខាងសាសន៍អាម៉ាលេកមានកំឡាំងជាងវិញ តែម៉ូសេទៅជារួយដៃណាស់ បានជាគេយកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចអើរ៉ុន នឹងហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ គ្រានោះ ម៉ូសេក៏ស្អាងអាសនា១ដាក់ឈ្មោះថា «យេហូវ៉ា-នីស៊ី» ដោយថា ព្រះយេហូវ៉ា ដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងនឹងសាសន៍អាម៉ាលេក គ្រប់ទាំងដំណតរៀងទៅ។