និក្ខមនំ 14:1-4
និក្ខមនំ 14:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។ ស្ដេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោស្ថានឡើយ។ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះ យើងនឹងទទួលសិរីរុងរឿង ដោយវាយកម្ទេចស្ដេចផារ៉ោន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។
និក្ខមនំ 14:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យវិលទៅបោះជំរំនៅមុខពីហាហ៊ីរ៉ុថ នៅចន្លោះស្រុកមីកដុល និងសមុទ្រ ទល់មុខបាស-សេផុនវិញ ត្រូវបោះជំរំទល់មុខទីនោះ នៅជិតមាត់សមុទ្រ។ ផារ៉ោននឹងនិយាយពីកូនចៅអ៊ីស្រាអែលថា "គេវង្វេងក្នុងស្រុកនោះហើយ ទីរហោស្ថានបានបិទគេជិតជុំវិញ"។ យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយដេញតាមគេ តែយើងនឹងបានកិត្តិសព្ទដោយសារបំបាក់ផារ៉ោន និងកងទ័ពទាំងប៉ុន្មានរបស់ស្ដេច នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ គេក៏ធ្វើដូច្នោះ។
និក្ខមនំ 14:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបែរទៅដំឡើងត្រសាលនៅឯមុខ ពីហាហីរ៉ុថ ត្រង់កណ្តាលស្រុកមីកដុល ហើយនឹងសមុទ្រ ទល់មុខនឹងបាស-សេផុនវិញ ត្រូវឲ្យដំឡើងត្រសាល ប្រឈមនឹងទីនោះ ដែលនៅជិតមាត់សមុទ្រ ផារ៉ោននឹងនិយាយពីពួកកូនចៅអ៊ីស្រាអែលថា គេបានវង្វេងជាប់នៅស្រុកនោះហើយ ទីរហោស្ថានបានបិទគេជិតជុំវិញ នោះអញនឹងបណ្តាលឲ្យផារ៉ោនមានចិត្តរឹងទទឹងឡើង ហើយទ្រង់នឹងដេញតាម តែអញនឹងបានកិត្តិសព្ទ ដោយសារផារ៉ោន នឹងពួកទ័ពទ្រង់ទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គេក៏ធ្វើសំរេចដូច្នោះ។