និក្ខមនំ 12:1-7
និក្ខមនំ 12:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅស្រុកអេស៊ីព្ទថា៖ «ខែនេះ ជាខែដំបូង គឺជាខែដើមឆ្នាំសម្រាប់អ្នករាល់គ្នា។ ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។ បើផ្ទះណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមមួយអស់ នោះត្រូវចូលជាមួយអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀមមួយអស់។ ត្រូវយកកូនចៀម ឬកូនពពែឈ្មោលល្អឥតខ្ចោះ មានអាយុមួយខួប។ អ្នករាល់គ្នាត្រូវទុកវាដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលសម្លាប់វានៅពេលថ្ងៃលិច។ ត្រូវយកឈាមរបស់វាប្រឡាក់នៅក្របទ្វារផ្ទះទាំងសងខាង និងលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគសាច់។
និក្ខមនំ 12:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅស្រុកអេស៊ីបថា៖ «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។ អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារ-កសត្វនោះក្រោយថ្ងៃលិច។ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។
និក្ខមនំ 12:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុននៅស្រុកអេស៊ីព្ទថា ខែនេះជាខែដំបូង គឺជាខែដើមឆ្នាំសំរាប់ឯងរាល់គ្នា ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១ បើផ្ទះណាមានគ្នាតិចពេក មិនល្មមឲ្យអស់កូនចៀម១បាន នោះត្រូវចូលជាមួយនឹងអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវឲ្យរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀម១បាន ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន រួចត្រូវទុកវាដល់ថ្ងៃ១៤ខែនេះឯង នោះពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់វានៅវេលាថ្ងៃលិច រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង