និក្ខមនំ 12:1-5
និក្ខមនំ 12:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅស្រុកអេស៊ីព្ទថា៖ «ខែនេះ ជាខែដំបូង គឺជាខែដើមឆ្នាំសម្រាប់អ្នករាល់គ្នា។ ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។ បើផ្ទះណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមមួយអស់ នោះត្រូវចូលជាមួយអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀមមួយអស់។ ត្រូវយកកូនចៀម ឬកូនពពែឈ្មោលល្អឥតខ្ចោះ មានអាយុមួយខួប។
និក្ខមនំ 12:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅស្រុកអេស៊ីបថា៖ «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។
និក្ខមនំ 12:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុននៅស្រុកអេស៊ីព្ទថា ខែនេះជាខែដំបូង គឺជាខែដើមឆ្នាំសំរាប់ឯងរាល់គ្នា ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១ បើផ្ទះណាមានគ្នាតិចពេក មិនល្មមឲ្យអស់កូនចៀម១បាន នោះត្រូវចូលជាមួយនឹងអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវឲ្យរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀម១បាន ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន