និក្ខមនំ 12:1-16
និក្ខមនំ 12:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅស្រុកអេស៊ីបថា៖ «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។ អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារ-កសត្វនោះក្រោយថ្ងៃលិច។ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។ មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្ដង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។ នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់”។ នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។ អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំប៉័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំប៉័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរនឹងត្រូវបណ្ដេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។ នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្ដុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធ*។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។
និក្ខមនំ 12:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅស្រុកអេស៊ីព្ទថា៖ «ខែនេះ ជាខែដំបូង គឺជាខែដើមឆ្នាំសម្រាប់អ្នករាល់គ្នា។ ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។ បើផ្ទះណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមមួយអស់ នោះត្រូវចូលជាមួយអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀមមួយអស់។ ត្រូវយកកូនចៀម ឬកូនពពែឈ្មោលល្អឥតខ្ចោះ មានអាយុមួយខួប។ អ្នករាល់គ្នាត្រូវទុកវាដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលសម្លាប់វានៅពេលថ្ងៃលិច។ ត្រូវយកឈាមរបស់វាប្រឡាក់នៅក្របទ្វារផ្ទះទាំងសងខាង និងលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគសាច់។ គេត្រូវអាំងសាច់បរិភោគជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីងនៅយប់នោះ។ មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។ កុំឲ្យមានសល់ដល់ព្រឹកស្អែក បើមានសល់អ្វីដល់ព្រឹកនោះ ត្រូវដុតចោល។ ត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សបំផុត នេះជាពិធីបុណ្យរំលងរបស់ព្រះយេហូវ៉ា។ នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។ ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។ ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។ នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។
និក្ខមនំ 12:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុននៅស្រុកអេស៊ីព្ទថា ខែនេះជាខែដំបូង គឺជាខែដើមឆ្នាំសំរាប់ឯងរាល់គ្នា ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១ បើផ្ទះណាមានគ្នាតិចពេក មិនល្មមឲ្យអស់កូនចៀម១បាន នោះត្រូវចូលជាមួយនឹងអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវឲ្យរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀម១បាន ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន រួចត្រូវទុកវាដល់ថ្ងៃ១៤ខែនេះឯង នោះពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់វានៅវេលាថ្ងៃលិច រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង កុំទុកឲ្យអ្វីនៅសល់ដល់ព្រឹកឲ្យសោះ បើមានសល់អ្វីដល់ព្រឹក នោះត្រូវដុតចោលវិញ ហើយត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើងទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សផង នេះជាដំណើររំលងនៃព្រះយេហូវ៉ា ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ។ ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ នៅថ្ងៃដំបូង ឯងរាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ ហើយដល់ថ្ងៃទី៧ នោះក៏ត្រូវប្រជុំជំនុំបរិសុទ្ធទៀត នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយ ធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ