និក្ខមនំ 1:9-22
និក្ខមនំ 1:9-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។ ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។ ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ គេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។ ស្ដេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖ «កាលណាអ្នកបង្កើតកូនឲ្យស្ត្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកឲ្យវារស់ចុះ»។ ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ ស្ដេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសម្រាលកូនរួចស្រេចទៅហើយ»។ ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចម្រុងចម្រើន។ បន្ទាប់មក ព្រះចៅផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។
និក្ខមនំ 1:9-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចមានរាជឱង្ការទៅប្រជារាស្ត្ររបស់ខ្លួនថា៖ «មើល៍! ប្រជាជនអ៊ីស្រាអែលមានគ្នាកាន់តែច្រើនឡើង ហើយក៏កាន់តែមានកម្លាំងជាងពួកយើងដែរ។ ឥឡូវនេះ យើង ត្រូវប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនគ្នាច្រើនឡើង ហើយប្រសិនបើមានសង្គ្រាមកើតឡើង ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវដើម្បីច្បាំងនឹងយើង រួចនាំគ្នារត់ចេញពីស្រុក»។ ដូច្នេះ គេក៏ដាក់ឲ្យមានពួកតម្រួតត្រួតត្រា ដើម្បីធ្វើទុក្ខពួកអ៊ីស្រាអែល ដោយបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។ ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានការភ័យខ្លាច ដោយព្រោះប្រជាជនអ៊ីស្រាអែល។ ដូច្នេះ ពួកអេស៊ីព្ទបានបង្ខំឲ្យប្រជាជនអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យជីវិតគេជូរល្វីងដោយការនឿយលំបាក គឺប្រើឲ្យធ្វើបាយអ និងធ្វើដុំឥដ្ឋ ព្រមទាំងធ្វើការនៅស្រែចម្ការគ្រប់មុខ។ ការងារដែលគេបង្ខំឲ្យធ្វើទាំងប៉ុន្មាន សុទ្ធតែជាការងារយ៉ាងតឹងរ៉ឹងទាំងអស់។ ពេលនោះ ស្តេចស្រុកអេស៊ីព្ទបញ្ជាទៅឆ្មបសាសន៍ហេព្រើរ ម្នាក់ឈ្មោះនាងស៊ីប្រា ហើយម្នាក់ទៀតឈ្មោះនាងពូអាថា៖ «ពេលណានាងបង្កើតកូនឲ្យពួកស្ត្រីសាសន៍ហេព្រើរ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល តែប្រសិនបើជាកូនស្រី ត្រូវទុកឲ្យនៅរស់»។ ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។ ស្តេចស្រុកអេស៊ីព្ទក៏កោះហៅឆ្មបទាំងនោះមក ហើយសួរថា៖ «ហេតុអ្វីបានជានាងធ្វើដូច្នេះ ហើយទុកឲ្យកូនប្រុសៗនៅរស់?» ឆ្មបទាំងពីរទូលផារ៉ោនថា៖ «ព្រោះស្ត្រីសាសន៍ហេព្រើរមិនដូចស្ត្រីសាសន៍អេស៊ីព្ទទេ គេរឹងប៉ឹងណាស់ ឆ្មបមិនទាន់ទៅដល់ផង នាងសម្រាលកូនរួចស្រេចទៅហើយ»។ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរឆ្មបទាំងនោះ ហើយប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនឡើង និងមានកម្លាំងកាន់តែខ្លាំង។ ដោយព្រោះពួកឆ្មបទាំងនោះកោតខ្លាចព្រះ ព្រះអង្គក៏ប្រទានឲ្យពូជពង្សរបស់នាងបានចម្រុងចម្រើន។ បន្ទាប់មក ផារ៉ោនបញ្ជាដល់ប្រជារាស្ត្រទាំងអស់ថា៖ «អស់ទាំងកូនប្រុសៗដែលកើតពីពួកហេព្រើរ ត្រូវបោះចោលទៅក្នុងទន្លេនីល តែត្រូវទុកឲ្យកូនស្រីៗទាំងប៉ុន្មាននៅរស់»។
និក្ខមនំ 1:9-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ ដូច្នេះគេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ នឹងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន ប៉ុន្តែដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។ រួចស្តេចស្រុកអេស៊ីព្ទ ទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសំរាលកូន នោះក្នុងកាលដែលគេកំពុងតែសំរាល បើជាកូននោះប្រុស ចូរសំឡាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកជនជាតិអ៊ីស្រាអែលគេកាន់តែចំរើនជាច្រើនឡើង ត្រឡប់ទៅជាមានកំឡាំងគ្រប់ចំពូក ហើយដោយព្រោះពួកឆ្មបនោះមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់ចំរើនពូជឲ្យគេ។ នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។