នាងអេសធើរ 7:1-10

នាងអេសធើរ 7:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌រាជា និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។ នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ព្រះ‌នាង​អេសធើរ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ទ្រង់​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំបាច់​ឲ្យ​ព្រះ‌រាជា​ខ្វល់​ខ្វាយ​ឡើយ»។ ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា និង​ព្រះ‌មហា‌ក្សត្រិ‌យានី។ ព្រះ‌រាជា​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ស្ដេច​យាង​ចេញ​ពី​កន្លែង​ជប់‌លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជ‌វាំង។ រីឯ​លោក​ហាម៉ាន​វិញ លោក​នៅ​ទី​នោះ ទូល‌អង្វរ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ សុំ​ឲ្យ​បាន​រួច​ជីវិត ដ្បិត​លោក​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ‌រាជា​សម្រេច​ធ្វើ​ទោស​លោក​ហើយ។ ព្រះ‌រាជា​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​ព្រះ‌នាង​អេសធើរ​គង់​នៅ​លើ​នោះ។ ព្រះ‌រាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។ មហា‌តលិក​មួយ​រូប​ឈ្មោះ​លោក​ហាបូ‌ណា ទូល​ព្រះ‌រាជា​ថា៖ «លោក​ហាម៉ាន​សង់​បង្គោល​មួយ​កម្ពស់​ហា‌សិប​ហត្ថ នៅ​វិមាន​របស់​លោក សម្រាប់​ព្យួរ-ក​លោក​ម៉ាដេ‌កាយ ជា​អ្នក​ដែល​បាន​រាយ‌ការណ៍​សង្គ្រោះ​ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា»។ ព្រះ‌រាជា​ក៏​បញ្ជា​ថា៖ «ចូរ​យក​លោក​ហាម៉ាន​ទៅ​ព្យួរ-ក​នៅ​បង្គោល​នោះ​ទៅ»។ គេ​ក៏​ព្យួរ-ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សម្រាប់​លោក​ម៉ាដេ‌កាយ។ ពេល​នោះ ព្រះ‌រាជា​ក៏​ស្ងប់​ព្រះ‌ពិរោធ។

ចែក​រំលែក
អាន នាងអេសធើរ 7

នាងអេសធើរ 7:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​ពិធី​ជប់​លៀង​ជាមួយ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី។ នៅ​ថ្ងៃ​ទី​ពីរ​នោះ ពេល​កំពុង​សោយ​ស្រា​ក្នុង​ពិធី​ជប់​លៀង ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​ព្រះ​នាង​អេសធើរ​ម្តង​ទៀត​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​ឲ្យ​ទាំង​អស់។ តើ​ព្រះ​នាង​មាន​សំណូម​ពរ​អ្វី? ទោះ​បីជា​នគរ​មួយ​ចំហៀង​របស់​យើង​ក៏​ដោយ ក៏​យើង​សម្រេច​ឲ្យ​ដែរ»។ ពេល​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ​ហឫទ័យ​ព្រះ​ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សំណូម​របស់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ តាម​បំណង​របស់​ខ្ញុំ​ម្ចាស់​ផង។ ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ ឲ្យ​ត្រូវ​បំផ្លាញ ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឲ្យ​វិនាស​សាប​សូន្យ។ ប្រសិន‌បើ​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់សុខ​ចិត្ត​នៅ​ស្ងៀម មិន​ចាំ​បាច់​រំខាន​ព្រះ​ករុណា​ឡើយ តែ​យើង​ខ្ញុំ​ហៀប​នឹង​វិនាស ហៀប​នឹង​ស្លាប់​ផុត​ពូជ​ហើយ»។ ព្រះ‌បាទ​អ័ហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ជា​អគ្គ‌មហេសី​ថា៖ «តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​បែប​នេះ តើ​គេ​នៅ​ឯ​ណា?» ព្រះ​នាង​អេសធើរ​ទូល​តប​ថា៖ «បច្ចា​មិត្ត​ជា​សត្រូវ​របស់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អា‌ក្រក់​នេះ​ហើយ!» ពេល​នោះ ហាម៉ាន​ភ័យ​ស្លុតនៅ​ចំពោះ​ស្តេច និង​អគ្គ‌មហេសី។ ស្ដេច​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង រួច​ក្រោក​ចេញ​ពី​កន្លែង​សោយ​ស្រា យាង​ចូល​ទៅ​ក្នុង​សួន​ច្បារ​រាជ‌វាំង ឯ​ហាម៉ាន​វិញ នៅទី​នោះ អង្វរ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី សុំ​ឲ្យ​រួច​ជីវិត ព្រោះ​លោក​យល់​ឃើញ​ថា ស្ដេច​បាន​សម្រេច​នឹង​ធ្វើ​ទោស​ខ្លួន​ហើយ។ ស្ដេច​យាង​ត្រឡប់​ពី​សួន​ច្បារ​រាជ‌វាំង មក​កាន់​សាល​ជប់​លៀង​វិញ ក្នុង​ពេល​ដែល​ហាម៉ានកំពុង​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​ព្រះ​នាង​អេសធើរ​ផ្អែក។ ឃើញ​ដូច្នេះ ស្ដេចក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​បង្ខូច​អគ្គ‌មហេសី​យើង នៅ​មុខ​យើង ក្នុង​ដំណាក់​របស់​យើង​ផង​ឬ?» កាល​ស្តេច​មាន​រាជ​ឱង្ការ​ផុត​ពី​មាត់ ពួក​រាជ​បម្រើ​ក៏​គ្រប​មុខ​ហាម៉ាន​ភ្លាម។ ពេល​នោះ ហា‌បូណា ជា​មហា​តលិក​មួយ​រូប​របស់​ស្ដេច ទូល​ថា៖ «មើល​ហ្ន៍ មាន​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ​នៅ​ផ្ទះ​លោក​ហាម៉ាន ដែល​លោក​ហាម៉ាន​បាន​រៀប​ចំ​សម្រាប់​ព្យួរ​ក​លោក​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​រាយ​ការណ៍​សង្គ្រោះ​ព្រះ‌ករុណា»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យក​ជន​នេះ ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ»។ ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។

ចែក​រំលែក
អាន នាងអេសធើរ 7

នាងអេសធើរ 7:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ស្តេច នឹង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី ហើយ​នៅ​ថ្ងៃ​ទី​២​នោះ​កំពុង​ពេល​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​អេសធើរ​ម្តង​ទៀត​ថា អេសធើរ អគ្គ‌មហេសី​អើយ ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច​ឲ្យ នោះ​អេសធើរ ជា​អគ្គ‌មហេសី ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សេចក្ដី​សំណូម ព្រម​ទាំង​សាសន៍​ខ្ញុំ​ម្ចាស់​ផង តាម​សេចក្ដី​បំណង​របស់​ខ្ញុំ​ម្ចាស់ ដ្បិត​មាន​គេ​លក់​ខ្ញុំ​ម្ចាស់ នឹង​ពួក​សាសន៍​របស់​ខ្ញុំ​ម្ចាស់​ហើយ ឲ្យ​យើង​ខ្ញុំ​ត្រូវ​បំផ្លាញ​សំឡាប់ ហើយ​វិនាស​អស់​ទៅ បើ​សិន​ជា​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់​ឥត​បើ​ថា​ទេ ទោះ​បើ​ខ្មាំង​សត្រូវ​នឹង​សង​ការ​ខូច​ខាត ដែល​នឹង​កើត​ឡើង​ដល់​ស្តេច​មិន​បាន​ក៏​ដោយ ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​បន្ទូល​សួរ​ព្រះ‌នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​ការ​ដូច្នោះ តើ​គេ​នៅ​ឯ​ណា នោះ​អេសធើរ​ទូល​តប​ថា នុ៎ះ​ន៍ អ្នក​ដែល​ធ្វើ​ទុក្ខ ហើយ​ស្អប់​ដល់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អាក្រក់​នេះ​ឯង ដូច្នេះ ហាម៉ាន​ក៏​ភ័យ​ស្លុត នៅ​ចំពោះ​ស្តេច នឹង​អគ្គ‌មហេសី ឯ​ស្តេច​ទ្រង់​មាន​សេចក្ដី​ក្រោធ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ក្រោក​ពី​ទី​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ យាង​ចេញ​ទៅ​ឯ​សួន‌ច្បារ​ក្នុង​ព្រះ‌រាជ‌វាំង ហើយ​ហាម៉ាន​លោក​ឈរ​ឡើង សូម​អង្វរ​ដល់​អេសធើរ ជា​អគ្គ‌មហេសី ឲ្យ​បាន​រួច​ជីវិត ពី​ព្រោះ​លោក​យល់​ឃើញ​ថា ស្តេច​ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ទោស​ដល់​ខ្លួន​ហើយ បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន រួច​ហាបូណា ជា​ពួក​ភ្នាក់‌ងារ​ម្នាក់​ទូល​នៅ​ចំពោះ​ស្តេច​ថា ហ្ន៍ មាន​ឈើ​កំពស់​៥០​ហត្ថ​ដែល​ហាម៉ាន​បាន​ដំឡើង ទុក​សំរាប់​ព្យួរ​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​ទូល​ជា​គុណ​ដល់​ព្រះ‌ករុណា នោះ​នៅ​ឯ​ផ្ទះ​វា​ស្រាប់ ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា ដូច្នោះ ចូរ​ព្យួរ​វា​នឹង​ឈើ​នោះ​ទៅ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​នៅ​ឈើ ដែល​លោក​បាន​ដំឡើង​សំរាប់​ចង​ព្យួរ​ម៉ា‌ដេកាយ​នោះ​ទៅ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់​បង់។

ចែក​រំលែក
អាន នាងអេសធើរ 7