នាងអេសធើរ 5:1-8
នាងអេសធើរ 5:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងជាអគ្គមហេសី ចូលទៅឈរក្នុងរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់របស់ស្ដេច ឯស្ដេចគង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ទល់មុខនឹងផ្លូវចូលរាជដំណាក់។ កាលស្ដេចទតឃើញព្រះនាងអេសធើរ ជាអគ្គមហេសី ឈរក្នុងរាជរោងដូច្នេះ ទ្រង់ក៏ប្រោសមេត្តាដល់ព្រះនាង ហើយហុចដំបងមាស ដែលកាន់នៅព្រះហស្តថ្វាយព្រះនាង រួចព្រះនាងក៏យាងចូលទៅពាល់ចុងដំបងនោះ។ ស្ដេចមានរាជឱង្ការសួរថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរមួយចំហៀងក៏ដោយ»។ ព្រះនាងអេសធើរទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ»។ ដូច្នេះ ស្ដេចក៏បង្គាប់គេថា៖ «ចូរទៅហៅហាម៉ានឲ្យមកជាប្រញាប់ ដើម្បីសម្រេចតាមបំណងព្រះនាងអេសធើរ»។ ដូច្នេះ ស្តេច និងហាម៉ានក៏យាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំថ្វាយ។ កាលកំពុងសោយស្រា ស្តេចមានរាជឱង្ការសួរព្រះនាងអេសធើរថា៖ «តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់ តើព្រះនាងមានសំណូមអ្វី? ទោះបីជានគរមួយចំហៀងរបស់យើងក៏ដោយ ក៏យើងសម្រេចឲ្យដែរ»។ ព្រះនាងអេសធើរទូលថា៖ «សំណូមរបស់ខ្ញុំម្ចាស់ និងសេចក្ដីដែលខ្ញុំម្ចាស់ចង់បានគឺ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសំណូមដែលខ្ញុំម្ចាស់ចង់បាន សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត ហើយពេលនោះ ខ្ញុំម្ចាស់នឹងទូលថ្វាយព្រះករុណា អំពីសំណូមរបស់ខ្ញុំម្ចាស់ »។
នាងអេសធើរ 5:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្ដេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។ ពេលព្រះរាជាទតឃើញព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានព្រះហឫទ័យមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសថ្វាយព្រះនាងអេសធើរ ព្រះនាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។ ស្ដេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានឲ្យទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។ ព្រះនាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណាយាងទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ានដែរ»។ ព្រះរាជាចេញបញ្ជាឲ្យគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធើរ។ បន្ទាប់មក ព្រះរាជា និងលោកហាម៉ាន ក៏យាង និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំ។ ក្នុងពេលសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «តើមហាក្សត្រិយានីចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ ព្រះនាងអេសធើរទូលស្ដេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ? ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណាព្រមទាំងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណាអំពីសំណូមពររបស់ខ្ញុំម្ចាស់»។
នាងអេសធើរ 5:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី៣ នោះអេសធើរក៏ទ្រង់គ្រឿងមហេសីចូលទៅ ឈរក្នុងព្រះរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់ស្តេច ឯស្តេចទ្រង់គង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ប្រឈមនឹងផ្លូវចូលទៅឯព្រះរាជដំណាក់ កាលស្តេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ ស្តេចទ្រង់មានបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង អេសធើរទូលថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមព្រះករុណា នឹងហាម៉ានយាងទៅសោយលៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ។ ដូច្នេះស្តេចទ្រង់ក៏បង្គាប់គេថា ចូរទៅប្រាប់ហាម៉ានឲ្យប្រញាប់ឡើង ដើម្បីឲ្យបានសំរេចដូចព្រះនាងបានថា យ៉ាងនោះស្តេចនឹងហាម៉ានបានមកសោយលៀង ដែលអេសធើរបានរៀបចំថ្វាយ កំពុងតែលៀងស្រាទំពាំងបាយជូរ នោះស្តេចមានបន្ទូលសួរអេសធើរថា តើព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែបានសំរេចឲ្យព្រះនាងដែរ អេសធើរទូលឆ្លើយថា សេចក្ដីសំណូមរបស់ខ្ញុំម្ចាស់ នឹងសេចក្ដីដែលខ្ញុំម្ចាស់ចង់បាន គឺបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសេចក្ដីសំណូម ហើយសំរេចតាមសេចក្ដីដែលខ្ញុំម្ចាស់ចង់បានដែរ នោះសូមព្រះករុណា នឹងហាម៉ានយាងមកសោយលៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត នោះខ្ញុំម្ចាស់នឹងធ្វើតាមដែលព្រះករុណាបានមានបន្ទូលហើយ។