នាងអេសធើរ 2:7-11
នាងអេសធើរ 2:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម៉ាដេកាយ បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនស្រីរបស់ឪពុកមាគាត់ ដ្បិតនាងគ្មានឪពុកម្តាយទេ នាងមានរូបឆោមស្រស់ស្អាត ហើយមើលទៅគួរឲ្យស្រឡាញ់។ កាលឪពុកម្តាយរបស់នាងស្លាប់ទៅ ម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកជាកូនរបស់ខ្លួន។ ដូច្នេះ កាលគេបានប្រកាសរាជបញ្ជា និងរាជក្រិត្យរបស់ស្តេច ហើយកាលបានប្រមូលស្ត្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួង ប្រគល់ក្រោមអំណាចហេកាយរួចហើយ គេក៏នាំយកអេសធើរទៅក្នុងដំណាក់របស់ស្ដេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នកថែរក្សាពួកស្ត្រី។ នាងជាទីពេញចិត្តដល់លោកណាស់ លោកក៏មានចិត្តសន្ដោសចំពោះនាង ហើយចែកគ្រឿងសម្អាងឲ្យនាងតាក់តែងកាយ និងចំណែកអាហាររបស់នាងយ៉ាងប្រញាប់ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់ពីដំណាក់របស់ស្ដេច ឲ្យមកបម្រើនាង ហើយលោកក៏នាំនាង និងស្ត្រីបម្រើទាំងនោះ ទៅដាក់ក្នុងបន្ទប់ល្អបំផុត ក្នុងវិមានស្ត្រី។ អេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងអំពីជាតិសាសន៍ និងសាច់ញាតិរបស់នាងទេ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេពីរឿងនេះឡើយ។ រៀងរាល់ថ្ងៃ ម៉ាដេកាយតែងដើរទៅមកនៅមុខទីធ្លាវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់អេសធើរ និងអ្វីដែលនឹងកើតឡើងចំពោះនាង។
នាងអេសធើរ 2:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។ នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន ឲ្យលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់ឲ្យលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំដែរ។ លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសម្អាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។ នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។ រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។
នាងអេសធើរ 2:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។ ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង នឹងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹងថា គ្រួ នឹងជំនួសវង្សរបស់នាងជាសាសន៍អ្វីទេ ដ្បិតម៉ាដេកាយបានហាមមិនឲ្យនាងប្រាប់ឲ្យគេដឹងឡើយ ឯម៉ាដេកាយ គាត់ក៏តែងដើរទៅមកនៅមុខទីធ្លាមន្ទីរពួកស្រីៗជារាល់ថ្ងៃ ដើម្បីឲ្យដឹងជាអេសធើរជាយ៉ាងណា ហើយនឹងបានទៅជាអ្វី។