នាងអេសធើរ 2:12-18
នាងអេសធើរ 2:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស។ ពួកនាងត្រូវសម្អាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសម្អាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។ ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។ នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។ លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។ គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។ ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
នាងអេសធើរ 2:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តាមទំនៀមសម្រាប់ស្ត្រី ក្រោយពីបានជម្រះកាយអស់រវាងដប់ពីរខែ គឺប្រាំមួយខែដោយប្រេងល្វីងទេស ហើយប្រាំមួយខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងអ្វីៗដែលសម្រាប់ឲ្យស្ត្រីបានស្អាតបរិសុទ្ធ ព្រោះនេះជារយៈពេលដែលគេសម្អិតសម្អាងសម្រាប់នាងតាមទំនៀម នោះទើបស្ត្រីម្នាក់ៗចូលដល់វេនដែលត្រូវចូលទៅគាល់ព្រះបាទអ័ហាស៊ូរុស។ កាលស្ត្រីក្រមុំនោះចូលទៅគាល់ស្តេចបែបយ៉ាងនេះ នោះអ្វីៗដែលនាងប្រាថ្នាចង់បាន គេបើកឲ្យនាងទាំងអស់ ដើម្បីយកពីវិមានស្ត្រីទៅកាន់ដំណាក់របស់ស្ដេច។ នៅពេលល្ងាចនាងចូលទៅ ហើយព្រឹកឡើងនាងវិលទៅនៅវិមានទីពីររបស់ស្ត្រី ក្រោមអំណាចស្អាសកាស ជាមហាតលិកររបស់ស្តេចដែលថែរក្សាពួកស្ត្រីអ្នកម្នាង។ នាងលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកលែងតែស្ដេចសព្វព្រះហឫទ័យនឹងនាង ហើយហៅនាងចំឈ្មោះ។ លុះចូលដល់វេនរបស់អេសធើរ កូនអ័ប៊ីហែល ជាឪពុកមារបស់ម៉ាដេកាយ ដែលបានយកមកចិញ្ចឹមទុកជាកូនរបស់ខ្លួន ត្រូវចូលគាល់ស្តេច នាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាមហាតលិករបស់ស្តេច ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាងគ្រប់ៗគ្នា។ គេបាននាំអេសធើរចូលទៅថ្វាយព្រះបាទអ័ហាស៊ូរុស នៅក្នុងរាជវាំង នៅខែទីដប់ គឺជាខែបុស្ស ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។ ពេលនោះ ស្ដេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមន្ត្រី និងពួកមហាតលិកទាំងអស់របស់ស្ដេច គឺជាពិធីជប់លៀងរបស់ព្រះនាងអេសធើរ។ ស្ដេចក៏ប្រោសប្រទានឲ្យមនុស្សនៅគ្រប់អាណាខេត្តទាំងអស់បានឈប់សម្រាក ព្រមទាំងចែកទាន ដោយព្រះហឫទ័យសទ្ធា។
នាងអេសធើរ 2:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯតាមទំនៀមពួកស្រីៗ នោះពេលដែលជំរះខ្លួនត្រូវអស់រវាង១២ខែ គឺ៦ខែដោយប្រេងល្វីងទេស ហើយ៦ខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងគ្រឿងអ្វីៗដែលសំរាប់ឲ្យពួកស្រីៗបានស្អាតបរិសុទ្ធផង ដូច្នេះ ក្រោយដែលគេបានធ្វើដល់នាងទាំងនោះតាមទំនៀម ហើយពេលដែលនាងណាត្រូវចូលទៅឯស្តេចអ័ហាស៊ូរុសបានមកដល់ នោះនាងបានចូលទៅឯស្តេចបែបយ៉ាងនេះឯង គឺអ្វីៗដែលនាងប្រាថ្នាចង់បាន នោះក៏បានបើកឲ្យនាង ដើម្បីនឹងយកពីមន្ទីរពួកស្រីៗទៅឯដំណាក់ស្តេច នៅពេលល្ងាចនាងបានចេញទៅ ហើយដល់ព្រឹកឡើងនាងវិលមកវិញ ចូលក្នុងមន្ទីរទី២របស់ពួកស្រីៗ នៅក្រោមអំណាចស្អាសកាស ជាភ្នាក់ងាររបស់ស្តេចដែលរក្សាពួកស្រីអ្នកម្នាង នាងនោះលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកតែស្តេចទ្រង់សព្វព្រះទ័យនឹងនាង ហើយហៅតាមឈ្មោះវិញ។ ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង គេក៏នាំអេសធើរចូលទៅថ្វាយស្តេចអ័ហាស៊ូរុស នៅក្នុងព្រះរាជដំណាក់ នៅខែទី១០ គឺជាខែបុស្ស ក្នុងឆ្នាំទី៧នៃរាជ្យទ្រង់ ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ នឹងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី រួចស្តេចទ្រង់ជប់លៀងជាយ៉ាងធំ ដល់អស់ទាំងពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងអស់ គឺជាការជប់លៀងរបស់អេសធើរ ទ្រង់ក៏ប្រោស ឲ្យមនុស្សនៅគ្រប់ខេត្តបានឈប់សំរាក ហើយទ្រង់ដាក់ទាន តាមសណ្ឋានស្តេច។