នាងអេសធើរ 2:1-3

នាងអេសធើរ 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ស្ងប់ ស្ដេច​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី និង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​សេចក្ដី​ដែល​បាន​សម្រេច​ចំពោះ​ព្រះ‌នាង។ ពេល​នោះ ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្ដេច ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​ពួក​មន្ត្រី នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណា‌ចក្រ​របស់​ព្រះ​ករុណា ដើម្បី​ប្រមូល​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ទាំង​ប៉ុន្មាន យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​ក្រុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក្រោម​អំណាច​លោក​ហេកាយ ជា​មហា‌តលិក​របស់​ព្រះ‌ករុណា ដែល​ជា​អ្នក​ថែ​រក្សា​ពួក​ស្ត្រី ហើយ​ឲ្យ​គេ​បើក​គ្រឿង​សម្អាង​កាយ​ដល់​នាង​ទាំង​នោះ។

ចែក​រំលែក
អាន នាងអេសធើរ 2

នាងអេសធើរ 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ចៅ​អហា‌ស៊ូរុស​ស្ងប់​ព្រះ‌ពិរោធ ស្ដេច​នឹក​ដល់​ព្រះ‌នាង​វ៉ាស‌ធី និង​អំពើ​ដែល​ព្រះ‌នាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សម្រេច​របស់​ស្ដេច​ចំពោះ​ព្រះ‌នាង។ ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សម្អាង​កាយ​ផង។

ចែក​រំលែក
អាន នាងអេសធើរ 2

នាងអេសធើរ 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ការ​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់​ស្តេច​អ័ហា‌ស៊ូរុស​បាន​ស្ងប់​ហើយ នោះ​ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី នឹង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី ដែល​បាន​សំរេច​ដល់​ព្រះ‌នាង​ផង នោះ​ពួក​មហា‌តលិក​ទាំង‌ឡាយ​ដែល​បំរើ​ស្តេច​ក៏​ទូល​ទ្រង់​ថា សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ស្រស់​ល្អ​មក​ថ្វាយ​ទ្រង់ សូម​ព្រះ‌ករុណា​ចាត់​ដំរូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សំរាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សំរាប់​ជំរះ​ខ្លួន​ដល់​នាង​ទាំង​នោះ

ចែក​រំលែក
អាន នាងអេសធើរ 2