នាងអេសធើរ 2:1-23
នាងអេសធើរ 2:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍ទាំងនោះមក កាលសេចក្ដីក្រោធរបស់ព្រះបាទអ័ហាស៊ូរុសស្ងប់ ស្ដេចក៏នឹករឭកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ ព្រមទាំងសេចក្ដីដែលបានសម្រេចចំពោះព្រះនាង។ ពេលនោះ ពួករាជបម្រើដែលចាំបម្រើស្ដេច ទូលស្ដេចថា៖ «សូមឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបឆោមស្រស់ស្អាតមកថ្វាយព្រះករុណា។ សូមព្រះករុណាតែងតាំងឲ្យមានពួកមន្ត្រី នៅគ្រប់អាណាខេត្តទាំងអស់ក្នុងរាជាណាចក្ររបស់ព្រះករុណា ដើម្បីប្រមូលស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតទាំងប៉ុន្មាន យកមកដាក់នៅវិមានស្ត្រី ក្នុងក្រុងស៊ូសាន ជាក្រុងហ្លួង ក្រោមអំណាចលោកហេកាយ ជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាពួកស្ត្រី ហើយឲ្យគេបើកគ្រឿងសម្អាងកាយដល់នាងទាំងនោះ។ ស្ត្រីក្រមុំណាដែលសព្វព្រះហឫទ័យដល់ព្រះករុណា នោះសូមតាំងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ស្ដេចសព្វព្រះហឫទ័យនឹងសេចក្ដីនេះ ហើយក៏ធ្វើតាមដូច្នោះ។ នៅស៊ូសាន ជាក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយ ស៊ីម៉ាយជាកូនគីស ក្នុងពូជបេនយ៉ាមីន ដែលត្រូវបានគេនាំចេញពីក្រុងយេរូសាឡិម ជាមួយពួកឈ្លើយ ដែលបាននាំទៅក្នុងគ្រាដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដា នាំយកទៅ។ ម៉ាដេកាយ បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនស្រីរបស់ឪពុកមាគាត់ ដ្បិតនាងគ្មានឪពុកម្តាយទេ នាងមានរូបឆោមស្រស់ស្អាត ហើយមើលទៅគួរឲ្យស្រឡាញ់។ កាលឪពុកម្តាយរបស់នាងស្លាប់ទៅ ម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកជាកូនរបស់ខ្លួន។ ដូច្នេះ កាលគេបានប្រកាសរាជបញ្ជា និងរាជក្រិត្យរបស់ស្តេច ហើយកាលបានប្រមូលស្ត្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួង ប្រគល់ក្រោមអំណាចហេកាយរួចហើយ គេក៏នាំយកអេសធើរទៅក្នុងដំណាក់របស់ស្ដេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នកថែរក្សាពួកស្ត្រី។ នាងជាទីពេញចិត្តដល់លោកណាស់ លោកក៏មានចិត្តសន្ដោសចំពោះនាង ហើយចែកគ្រឿងសម្អាងឲ្យនាងតាក់តែងកាយ និងចំណែកអាហាររបស់នាងយ៉ាងប្រញាប់ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់ពីដំណាក់របស់ស្ដេច ឲ្យមកបម្រើនាង ហើយលោកក៏នាំនាង និងស្ត្រីបម្រើទាំងនោះ ទៅដាក់ក្នុងបន្ទប់ល្អបំផុត ក្នុងវិមានស្ត្រី។ អេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងអំពីជាតិសាសន៍ និងសាច់ញាតិរបស់នាងទេ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេពីរឿងនេះឡើយ។ រៀងរាល់ថ្ងៃ ម៉ាដេកាយតែងដើរទៅមកនៅមុខទីធ្លាវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់អេសធើរ និងអ្វីដែលនឹងកើតឡើងចំពោះនាង។ តាមទំនៀមសម្រាប់ស្ត្រី ក្រោយពីបានជម្រះកាយអស់រវាងដប់ពីរខែ គឺប្រាំមួយខែដោយប្រេងល្វីងទេស ហើយប្រាំមួយខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងអ្វីៗដែលសម្រាប់ឲ្យស្ត្រីបានស្អាតបរិសុទ្ធ ព្រោះនេះជារយៈពេលដែលគេសម្អិតសម្អាងសម្រាប់នាងតាមទំនៀម នោះទើបស្ត្រីម្នាក់ៗចូលដល់វេនដែលត្រូវចូលទៅគាល់ព្រះបាទអ័ហាស៊ូរុស។ កាលស្ត្រីក្រមុំនោះចូលទៅគាល់ស្តេចបែបយ៉ាងនេះ នោះអ្វីៗដែលនាងប្រាថ្នាចង់បាន គេបើកឲ្យនាងទាំងអស់ ដើម្បីយកពីវិមានស្ត្រីទៅកាន់ដំណាក់របស់ស្ដេច។ នៅពេលល្ងាចនាងចូលទៅ ហើយព្រឹកឡើងនាងវិលទៅនៅវិមានទីពីររបស់ស្ត្រី ក្រោមអំណាចស្អាសកាស ជាមហាតលិកររបស់ស្តេចដែលថែរក្សាពួកស្ត្រីអ្នកម្នាង។ នាងលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកលែងតែស្ដេចសព្វព្រះហឫទ័យនឹងនាង ហើយហៅនាងចំឈ្មោះ។ លុះចូលដល់វេនរបស់អេសធើរ កូនអ័ប៊ីហែល ជាឪពុកមារបស់ម៉ាដេកាយ ដែលបានយកមកចិញ្ចឹមទុកជាកូនរបស់ខ្លួន ត្រូវចូលគាល់ស្តេច នាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាមហាតលិករបស់ស្តេច ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាងគ្រប់ៗគ្នា។ គេបាននាំអេសធើរចូលទៅថ្វាយព្រះបាទអ័ហាស៊ូរុស នៅក្នុងរាជវាំង នៅខែទីដប់ គឺជាខែបុស្ស ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។ ពេលនោះ ស្ដេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមន្ត្រី និងពួកមហាតលិកទាំងអស់របស់ស្ដេច គឺជាពិធីជប់លៀងរបស់ព្រះនាងអេសធើរ។ ស្ដេចក៏ប្រោសប្រទានឲ្យមនុស្សនៅគ្រប់អាណាខេត្តទាំងអស់បានឈប់សម្រាក ព្រមទាំងចែកទាន ដោយព្រះហឫទ័យសទ្ធា។ នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ ម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង។ ឯព្រះនាងអេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងពីសាច់ញាតិ និងពីជាតិសាសន៍របស់ខ្លួនទេ គឺតាមបង្គាប់របស់ម៉ាដេកាយ ព្រោះព្រះនាងស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមព្រះនាងនៅឡើយ។ នៅគ្រានោះ កាលម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង មានមហាតលិករបស់ស្តេចពីរនាក់ ឈ្មោះប៊ីកថាន និងថេរែស ក្នុងចំណោមពួកអ្នកយាមនៅមាត់ទ្វាររាជវាំង មានកំហឹងជាខ្លាំង ហើយរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។ គម្រោងការនេះក៏បានដឹងដល់ម៉ាដេកាយ ហើយលោកក៏ទូលព្រះនាងអេសធើរ ជាអគ្គមហេសី រួចព្រះនាងអេសធើរក៏ទូលស្តេច ក្នុងនាមម៉ាដេកាយ។ កាលគេបានស៊ើបអង្កេតរឿងនេះ ហើយឃើញថាពិតដូច្នោះមែន គេក៏ព្យួរកអ្នកទាំងពីរនៅលើបង្គោល។ ហេតុការណ៍នេះត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភក្ត្រស្តេច។
នាងអេសធើរ 2:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុសស្ងប់ព្រះពិរោធ ស្ដេចនឹកដល់ព្រះនាងវ៉ាសធី និងអំពើដែលព្រះនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះព្រះនាង។ ពួករាជបម្រើទូលស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះករុណា។ សូមព្រះករុណាចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសម្អាងកាយផង។ ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសម្រេចតាមសំណើនេះ។ នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយរូបឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ លោកត្រូវគេកៀរមកពីក្រុងយេរូសាឡឹម ជាមួយឈ្លើយសឹកឯទៀតៗ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្ដេចស្រុកយូដា។ នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។ នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន ឲ្យលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់ឲ្យលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំដែរ។ លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសម្អាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។ នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។ រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។ ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស។ ពួកនាងត្រូវសម្អាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសម្អាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។ ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។ នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។ លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។ គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។ ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។ នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។ មកទល់ពេលនោះ ព្រះនាងអេសធើរពុំទាន់ប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។ នៅគ្រានោះ គឺគ្រាដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ ដែលជាអ្នករក្សាទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីកថាន និងលោកថេរែស មានកំហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។ លោកម៉ាដេកាយដឹងគម្រោងការរបស់ពួកគេ លោកក៏បញ្ជូនដំណឹងទៅព្រះនាងអេសធើរ ហើយព្រះនាងអេសធើរក៏យកទៅទូលស្ដេចក្នុងនាមលោកម៉ាដេកាយ។ គេបានធ្វើអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរ-កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះព្រះភ័ក្ត្រស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។
នាងអេសធើរ 2:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក កាលសេចក្ដីក្រោធរបស់ស្តេចអ័ហាស៊ូរុសបានស្ងប់ហើយ នោះទ្រង់ក៏នឹករឭកដល់ព្រះនាងវ៉ាសធី នឹងការដែលព្រះនាងបានធ្វើ ព្រមទាំងខសេចក្ដី ដែលបានសំរេចដល់ព្រះនាងផង នោះពួកមហាតលិកទាំងឡាយដែលបំរើស្តេចក៏ទូលទ្រង់ថា សូមទ្រង់ឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបស្រស់ល្អមកថ្វាយទ្រង់ សូមព្រះករុណាចាត់ដំរូវឲ្យមានភ្នាក់ងារ នៅគ្រប់ខេត្តក្នុងនគរទ្រង់ ដើម្បីនឹងប្រមូលស្ត្រីក្រមុំ ដែលស្រស់ល្អទាំងប៉ុន្មាន មកឯស៊ូសាន ជាទីក្រុងហ្លួង ឲ្យនៅក្នុងមន្ទីរសំរាប់ពួកស្រីៗ ក្រោមអំណាចហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗ រួចឲ្យគេបើកគ្រឿង សំរាប់ជំរះខ្លួនដល់នាងទាំងនោះ រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។ រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន គាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡិម ជាមួយនឹងពួកឈ្លើយ ដែលបាននាំទៅ ក្នុងគ្រាដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដានាំយកទៅ គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។ ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង នឹងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹងថា គ្រួ នឹងជំនួសវង្សរបស់នាងជាសាសន៍អ្វីទេ ដ្បិតម៉ាដេកាយបានហាមមិនឲ្យនាងប្រាប់ឲ្យគេដឹងឡើយ ឯម៉ាដេកាយ គាត់ក៏តែងដើរទៅមកនៅមុខទីធ្លាមន្ទីរពួកស្រីៗជារាល់ថ្ងៃ ដើម្បីឲ្យដឹងជាអេសធើរជាយ៉ាងណា ហើយនឹងបានទៅជាអ្វី។ រីឯតាមទំនៀមពួកស្រីៗ នោះពេលដែលជំរះខ្លួនត្រូវអស់រវាង១២ខែ គឺ៦ខែដោយប្រេងល្វីងទេស ហើយ៦ខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងគ្រឿងអ្វីៗដែលសំរាប់ឲ្យពួកស្រីៗបានស្អាតបរិសុទ្ធផង ដូច្នេះ ក្រោយដែលគេបានធ្វើដល់នាងទាំងនោះតាមទំនៀម ហើយពេលដែលនាងណាត្រូវចូលទៅឯស្តេចអ័ហាស៊ូរុសបានមកដល់ នោះនាងបានចូលទៅឯស្តេចបែបយ៉ាងនេះឯង គឺអ្វីៗដែលនាងប្រាថ្នាចង់បាន នោះក៏បានបើកឲ្យនាង ដើម្បីនឹងយកពីមន្ទីរពួកស្រីៗទៅឯដំណាក់ស្តេច នៅពេលល្ងាចនាងបានចេញទៅ ហើយដល់ព្រឹកឡើងនាងវិលមកវិញ ចូលក្នុងមន្ទីរទី២របស់ពួកស្រីៗ នៅក្រោមអំណាចស្អាសកាស ជាភ្នាក់ងាររបស់ស្តេចដែលរក្សាពួកស្រីអ្នកម្នាង នាងនោះលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកតែស្តេចទ្រង់សព្វព្រះទ័យនឹងនាង ហើយហៅតាមឈ្មោះវិញ។ ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង គេក៏នាំអេសធើរចូលទៅថ្វាយស្តេចអ័ហាស៊ូរុស នៅក្នុងព្រះរាជដំណាក់ នៅខែទី១០ គឺជាខែបុស្ស ក្នុងឆ្នាំទី៧នៃរាជ្យទ្រង់ ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ នឹងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី រួចស្តេចទ្រង់ជប់លៀងជាយ៉ាងធំ ដល់អស់ទាំងពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងអស់ គឺជាការជប់លៀងរបស់អេសធើរ ទ្រង់ក៏ប្រោស ឲ្យមនុស្សនៅគ្រប់ខេត្តបានឈប់សំរាក ហើយទ្រង់ដាក់ទាន តាមសណ្ឋានស្តេច។ លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹង ពីគ្រួ នឹងពីជំនួរវង្សរបស់ខ្លួនទេ តាមបង្គាប់របស់ម៉ាដេកាយ ពីព្រោះនាងនៅតែស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមនៅឡើយ រីឯនៅគ្រានោះ កាលម៉ាដេកាយកំពុងតែអង្គុយនៅមាត់ទ្វារព្រះរាជវាំង នោះមានភ្នាក់ងាររបស់ស្តេច២នាក់ ឈ្មោះប៊ីកថាន នឹងថេរែស ក្នុងពួកអ្នកចាំយាមនៅមាត់ទ្វារព្រះរាជវាំង គេមានសេចក្ដីកំហឹង ហើយរកឱកាសដល់ព្រះជន្មស្តេចអ័ហាស៊ូរុស រឿងនោះក៏បានដឹងដល់ម៉ាដេកាយ ហើយគាត់ទូលអេសធើរជាអគ្គមហេសី រួចអេសធើរ នាងទូលដល់ស្តេច ដោយនូវឈ្មោះម៉ាដេកាយ លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។