អេភេសូ 5:8-19

អេភេសូ 5:8-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពី​ដើម បងប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ បងប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន ទៅ។ ផល​នៃ​ពន្លឺ​នោះ​គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។ ត្រូវ​រិះគិត​មើល​ឲ្យ​ដឹង​ថា ការ​ណា​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។ ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។ ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​ឲ្យ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថា: «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌គ្រិស្ត​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បងប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។ ត្រូវ​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។ ហេតុ​នេះ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត​ឲ្យ​យល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់។ កុំ​ស្រវឹង​ស្រា ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ។ ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ​ព្រះ‌ជាម្ចាស់ និង​បទ​ចម្រៀង​មក​ពី​ព្រះ‌វិញ្ញាណ។ ចូរ​ច្រៀង និង​លើក‌តម្កើង​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:8-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ងងឹត​មែន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ដូច​ជា​កូន​នៃ​ពន្លឺ​ចុះ (ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។ ត្រូវ​ល​មើល​ឲ្យ​ដឹង​ពី​សេចក្តី​អ្វី​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។ កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។ កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:8-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺ​ចុះ ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត នឹង​សេចក្ដី​ពិត ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្ដី​អ្វី ដែល​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្ដី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ តែ​ការ​ទាំង​នោះ​បាន​សំដែង​មក​យ៉ាង​ច្បាស់ ដោយ​ពន្លឺ​ភ្លឺ​បញ្ជាក់ ដ្បិត​គឺ​ជា​ពន្លឺ​ហើយ ដែល​សំដែង​ឲ្យ​ឃើញ​ទាំង​អស់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ឯង​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង» ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់ ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត

ចែក​រំលែក
អាន អេភេសូ 5