អេភេសូ 5:25-29
អេភេសូ 5:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រិស្តបានស្រឡាញ់ក្រុមជំនុំដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សម្រាប់ក្រុមជំនុំ ដើម្បីប្រោសឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យទៅជាវិសុទ្ធ* ឥតសៅហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយារបស់ខ្លួនឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្តចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំ
អេភេសូ 5:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។ ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។ ដ្បិតមិនដែលមានអ្នកណាម្នាក់ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នម ដូចព្រះគ្រីស្ទចិញ្ចឹម ហើយថ្នាក់ថ្នមដល់ក្រុមជំនុំ
អេភេសូ 5:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ