អេភេសូ 5:1-7

អេភេសូ 5:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ ព្រោះ​បងប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ ។ ដោយ​បងប្អូន​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បងប្អូន​សោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។ ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីលធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌គ្រិស្ត និង​របស់​ព្រះ‌ជាម្ចាស់​បាន​ជា​ដាច់​ខាត។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បងប្អូន ដោយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។ ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។ រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។ ឯ​រឿង​គួរ​ខ្មាស ពាក្យ​សម្ដី​ចម្កួត និង​ពាក្យ​សម្ដី​អាស​គ្រាម ក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ គឺ​ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​វិញ។ ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ ដូច្នេះ កុំ​សេព​គប់​ជាមួយ​ពួកគេ​ឲ្យ​សោះ។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា ហើយ​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញ‌បូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ។ ឯ​សេចក្ដី​កំផិត សេចក្ដី​ស្មោក‌គ្រោក​គ្រប់​យ៉ាង នឹង​សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត នឹង​ពាក្យ​កំប្លែង ដែល​សេចក្ដី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សំរាប់​អរ​ព្រះ‌គុណ​វិញ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​មនុស្ស​កំផិត ឬ​ស្មោក‌គ្រោក ឬ​លោភ គឺ​ជា​មនុស្ស​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​នឹង​គ្រង​មរដក​ក្នុង​នគរ​នៃ​ព្រះ‌គ្រីស្ទ ហើយ​នៃ​ព្រះ​ផង​បាន​ឡើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង‌ចចេស ដូច្នេះ កុំ​ឲ្យ​មាន​ចំណែក​ជា​១​នឹង​គេ​ឡើយ

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:1-7

អេភេសូ 5:1-7 គខប