អេភេសូ 4:8-16
អេភេសូ 4:8-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ។ (តើពាក្យ «ព្រះអង្គបានយាងឡើងទៅ» មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅស្ថានទាបក្រោមដីដែរទេឬ? ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។
អេភេសូ 4:8-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាមានថ្លែងទុកថា «ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក» ។ ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះ ជាមុនសិន។ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ* ដើម្បីបំពេញអ្វីៗទាំងអស់។ គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រិស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រិស្តដែលបំពេញអ្វីៗទាំងអស់ ។ ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្តជាសិរសា គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
អេភេសូ 4:8-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់ ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ តែដោយកាន់តាមសេចក្ដីពិតដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់។