អេភេសូ 4:4-10
អេភេសូ 4:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានរូបកាយតែមួយ និងព្រះវិញ្ញាណតែមួយ ដូចជាអ្នករាល់គ្នាបានទទួលការត្រាស់ហៅ មកក្នុងសេចក្តីសង្ឃឹមតែមួយនៃការត្រាស់ហៅនោះដែរ មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ មានព្រះតែមួយ ហើយជាព្រះវរបិតានៃទាំងអស់ ដែលព្រះអង្គខ្ពស់លើទាំងអស់ ធ្វើការតាមរយៈទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់។ ប៉ុន្តែ យើងម្នាក់ៗបានទទួលព្រះគុណ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទរៀងៗខ្លួន។ ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ។ (តើពាក្យ «ព្រះអង្គបានយាងឡើងទៅ» មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅស្ថានទាបក្រោមដីដែរទេឬ? ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។
អេភេសូ 4:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ព្រះអង្គបានផ្ដល់ព្រះគុណមកឲ្យយើងម្នាក់ៗតាមកម្រិតព្រះអំណោយទាន ដែលព្រះគ្រិស្តប្រទានមកយើង។ ហេតុនេះហើយបានជាមានថ្លែងទុកថា «ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក» ។ ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះ ជាមុនសិន។ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ* ដើម្បីបំពេញអ្វីៗទាំងអស់។
អេភេសូ 4:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ បានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់